ទីបំផុតខ្សែប្រយុទ្ធរហស្សនាម Messi របស់បឹងកេត ជាប់ជម្រើសជាតិឈុតធំជាលើកដំបូង
- 2021-05-24 08:29:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទីបំផុតខ្សែប្រយុទ្ធរហស្សនាម Messi របស់បឹងកេត ជាប់ជម្រើសជាតិឈុតធំជាលើកដំបូង
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធកំពុងឡើងជើង ម៉ាត់ នូរុណ ទីបំផុតបានជាប់ក្នុងបញ្ជីជម្រើសជាតិឈុតធំជាលើកដំបូង ក្រោយចេញពីក្លឹបអគ្គិសនីកម្ពុជាទាំងរបួស មកចូលរួមជាមួយបឹងកេតចាប់តាំងពីឆ្នាំ ២០១៩មក។
កន្លងមកខ្សែប្រយុទ្ធខ្មែរឥស្លាមដែលមានរហស្សនាម Messi ប្រចាំក្លឹបនាគខៀវ ធ្លាប់ជាប់ជម្រើសជាតិ U14 U16 និងជាប់ឈុតធំក្នុងឆ្នាំ២០២១នេះ ក្រោមការដឹកនាំរបស់គ្រូបង្គោលថ្មីសញ្ជាតិជប៉ុន Ryu Hirose។
បើតាមការឱ្យដឹងពីលោក ឪ លីហួរ មន្ត្រីព័ត៌មានប្រចាំក្លឹបបឹងកេត ម៉ាត់ នូរុណ ទើបតែជាប់ជម្រើសជាតិឈុតធំលើកដំបូង ក្រោយបឹងកេតនាំយករូបគេពីក្លឹបអគ្គិសនីកម្ពុជាកាលពីឆ្នាំ២០១៩ ហើយការបាត់ឱកាសជាប់ជាម្រើសជាតិឈុតធំរបស់កីឡាកររូបនេះអាចមកពីបញ្ហារបួស។
លោកបានបញ្ជាក់មកកាន់ Sabay ថា ៖«(គាត់)ជាប់ឈុតធំដូចជាលើកដំបូងហើយ ដោយសារអ៊ីចេះកាលយើងយកគាត់ពី EDC មកហ្នឹង គាត់របួសជង្គង់អ៊ីចឹងគាត់សម្រាករយៈពេលយូរ ហើយបន្ទាប់មកលេងឱ្យយើងបានប៉ុន្មានប្រកួតទៀតគាត់សម្រាកទៀត គាត់សម្រាកជិតមួយឆ្នាំ មកយើងរបួសពីរដង មកពី EDC របួសហើយ អ៊ីចឹងយើងព្យាបាលយើងអីជិតមួយឆ្នាំ គាត់លេងបានប៉ុន្មានប្រកួតគាត់របួសទៀត ហើយបន្ទាប់ពីជាលើកក្រោយនេះមកគាត់លេងបានរហូត ដូចឆ្នាំមុនអីហ្នឹងគាត់លេងបានច្រើន ដល់ពេលប្រកួតជម្រើសជាតិ(ឆ្នាំនេះ)គាត់ជាប់»។
វត្តមានរបស់កីឡាករជំនាញជើងឆ្វេងនេះដែរ ត្រូវបានគេមើលថានឹងកាន់តែធ្វើឱ្យតំបន់ប្រយុទ្ធរបស់ក្រុមគោព្រៃកម្ពុជា កាន់តែមានភាពស្រួចស្រើប។ យ៉ាងណាសម្រាប់រៀមច្បងរបស់នូរុណគឺ ចាន់ វឌ្ឍនាកា ដែលធ្លាប់ជាម៉ាស៊ីនរកគ្រាប់បាល់របស់កម្ពុជា បានខកខានជាប់ជម្រើសជាតិបីឆ្នាំមកហើយបូករួមទាំងឆ្នាំនេះ។
ឆ្នាំនេះក្លឹបការពារជើងឯកលីកកំពូលកម្ពុជា បឹងកេត មានកីឡាករជាប់ជម្រើសជាតិ៥នាក់ អ្នកចាំទី ហ៊ុល គឹមហ៊ុយ ខ្សែការពារ ទេស សម្បត្តិ ខ្សែប្រយុទ្ធ សៀង ចន្ធា ខ្សែប្រយុទ្ធ ម៉ាត់ នូរុណ និងខ្សែការពារស្លាប សេត រ៉ស៊ីប៕