រថភ្លើង២គ្រឿងនៅម៉ាឡេសុី បើកលើផ្លូវតែមួយ បុកគ្នា មនុស្ស២០០នាក់ជាងរងរបួស

  • 2021-05-25 03:18:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រោះថ្នាក់រថភ្លើងបើកបុកគ្នា បានកើតឡើងនៅពេលរថភ្លើងមួយគ្មានមនុស្សជិះ បានបើកបុកជាមួយរថភ្លើងមួយផ្សេងទៀតដែលដឹកអ្នកដំណើរ ២១៣ នាក់ ធ្វើដំណើរក្នុងទិសដៅផ្ទុយគ្នា ប៉ុន្តែនៅលើផ្លូវតែមួយ។ មនុស្សជាង ២០០ នាក់បានរងរបួស នៅពេលរថភ្លើងបានបុកគ្នានៅ ផ្លូវក្រោមដីក្បែរអគារភ្លោះ Petronas ក្នុងទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។

លោក Mohamad Zainal Abdullah ដែលជាមន្រ្តីប៉ូលិសបាននិយាយថា ''ឧប្បត្តិហេតុនេះបានកើតឡើងនៅម៉ោងប្រហែល ៨ និង ៤៥ នាទីយប់ កាលពីថ្ងៃច័ន្ទ ទី២៤ ខែឧសភា ឆ្នាំ២០២១ នៅពេលរថភ្លើងបានបុកគ្នាជាមួយរថភ្លើងមួយទៀតដែលដឹកអ្នកដំណើរ ២១៣ នាក់ ធ្វើដំណើរក្នុងទិសដៅផ្ទុយគ្នា តែបែរជានៅលើផ្លូវតែមួយទៅវិញ" ។

រូបភាពនិងវីដេអូផ្សព្វផ្សាយតាមបណ្តាញសង្គមបានបង្ហាញឱ្យឃើញថា អ្នកដំណើរខ្លះរងរបួសហូរឈាមស្រោចពេញខ្លួន និង ខ្លះទៀតខ្ទាតចេញពីកន្លែងអង្គុយហោះទៅបុកកញ្ចក់បង្អួច។ គួរឱ្យដឹងថា យ៉ាងហោចណាស់មនុស្ស ៤៧ នាក់បានរងរបួសធ្ងន់និង ១៦៦ នាក់ទៀតរងរបួសស្រាល ខណៈមិនទាន់មានរបាយការណ៍បង្ហាញថាមានអ្នកស្លាប់ដោយគ្រោះថ្នាក់នេះនៅឡើយទេ។

គ្រោះថ្នាក់រវាងរថភ្លើងទាំង២នេះ ស្ថិតនៅផ្លូវរថភ្លើងក្រោមដីចម្ងាយប្រហែល ១០០ម៉ែត្រ ពីស្ថានីយ៍ KLCC ដោយ រថភ្លើងទាំង២ ប្រើប្រព័ន្ធស្វ័យប្រវតិ្តដោយគ្មានអ្នកបើកបរ។

រូបភាព ៖ BBC

មន្រ្តីប៉ូលិសកំពុងធ្វើការស៊ើបអង្កេតលើឧប្បត្តិហេតុនេះ ខណៈមានការសង្ស័យថាប្រហែលជាមានការផ្តល់ព័ត៌មានខុស ពីមណ្ឌលត្រួតពិនិត្យប្រតិបត្តិការរថភ្លើង។ នាយករដ្ឋមន្រ្តី Muhyiddin Yassin បាននិយាយនៅលើបណ្តាញសង្គម Twitter ថាលោកបានចាត់ទុកគ្រោះថ្នាក់មួយនេះជាបញ្ហាដែលមិនអាចមើលរំលងបាន ហើយបានបញ្ជាឱ្យក្រសួងដឹកជញ្ជូននិង Prasarana Malaysia ដែលប្រតិបត្តិការប្រព័ន្ធនេះធ្វើការស៊ើបអង្កេតឱ្យបានហ្មត់ចត់ទៅលើអ្វីដែលបានកើតឡើង៕

ប្រភព៖ Aljazeera   ប្រែសម្រួល ៖ សង្ហា

អត្ថបទថ្មី