ចេតិយស្រោបមាស Shwedagon ដ៏ល្បីល្បាញរបស់មីយ៉ាន់ម៉ា ដែលមិនសូវមានអ្នកដឹងប្រវត្តិ
- 2021-06-02 04:10:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចេតិយស្រោបមាស Shwedagon ដ៏ល្បីល្បាញរបស់មីយ៉ាន់ម៉ា ដែលមិនសូវមានអ្នកដឹងប្រវត្តិ
ចន្លោះមិនឃើញ
ជនជាតិមនរាមញ្ញ នៃអាណាចក្រហង្សាវតីបានរួមគ្នាកសាងចេតិយដ៏ធំមួយ នោះគឺចេតិយស្វេដាហ្គន (Shwedagon) ខណៈមហាចេតិយនេះកំពុងមានភាពល្បីល្បាញយ៉ាងខ្លាំងនាពេលបច្ចុប្បន្ន។ ចេតិយស្វេដាហ្គន គឺជាមហាចេតិយដ៏ខ្ពស់សន្លឹមមួយស្រោបទៅដោយមាសជុំជិត មានទីតាំងស្ថិតនៅក្នុងវត្តស្វេដាហ្គនដែលសង់នៅលើភ្នំសិង្ហគោត្តរៈ នៃទីក្រុងយ៉ាងហ្គន ប្រទេសមីយ៉ាន់ម៉ា។
យោងតាមពង្សាវតាវត្តស្វេដាហ្គនបានបង្ហាញថា ចេតិយស្វេដាហ្គននេះត្រូវបានកសាងឡើងតាំងពី ២,៦០០ ឆ្នាំមុនមកម្ល៉េះ ដើម្បីតម្កល់ព្រះពុទ្ធកេសា ៨ សរសៃ និងព្រះសារីរិកធាតុនៃព្រះពុទ្ធគោត្តម ដែលដើមឡើយចេតិយនេះបានសាងឡើងអំពីមាស ប្រាក់ សំណប៉ាហាំង ទង់ដែង សំណ ថ្មម៉ាប និងដែក បន្ទាប់មកគេក៏បានរៀបឥដ្ឋពីលើមានកម្ពស់ត្រឹមតែ ៩ ម៉ែត្រប៉ុណ្ណោះ។
ចំណេរកាលក្រោយមក សភាពចេតិយក៏ចាស់ទ្រុឌទ្រោមទៅតាមធម្មជាតិ ទើបមានព្រះមហាក្សត្រមនរាមញ្ញនៃអាណាចក្រហង្សាវតី បានចូលរួមសាងសង់ចេតិយនេះឡើងវិញឱ្យខ្ពស់ជាងមុន ក្នុងនោះមានដូចជាព្រះចៅពញាអ៊ូ (១៣៤៨-១៣៨៤) ព្រះមហាក្សត្រី ស៊ីនសាវប៊ូ (១៤៥៤-១៤៧១) ព្រះចៅធម្មាចេតិយ (១៤៧១-១៤៩២) ជាដើម។
ក្នុងរជ្ជកាលព្រះមហាក្សត្រី ស៊ីនសាវប៊ូ ដែលបានឡើងនៅសោយរាជ្យនៅក្រុងហង្សាវតីចាប់ពីគ្រិស្ដសករាជ ១៤៥៤-១៤៧១ ព្រះនាងបានសាងសង់ពង្រីកចេតិយបន្ថែមដែលមានទទឹង ២៥០ ម៉ែត្រ និងបណ្ដោយ ៣០០ ម៉ែត្រ។ រូបរាងរបស់ចេតិយថ្មីនេះបានផ្លាស់ប្ដូរពីរូបរាងដើម ពោលគឺដូចរូបរាងដែលយើងឃើញនាពេលបច្ចុប្បន្ន។ ព្រះមហាក្សត្រី ស៉ីនសាវប៊ូ បានចំណាយមាសដែលមានទម្ងន់ស្មើនឹងព្រះកាយរបស់ទ្រង់ យកទៅស្រោបពីលើចេតិយស្វេដាហ្គន។
ទ្រង់ក៏បានចេញព្រះរាជឱង្កាឱ្យគេសាងសង់ព្រះរាជវាំងនៅក្បែរចេតិយនេះ រួមទាំងព្រះរាជទីនាំងមួយសម្រាប់ឱ្យព្រះនាងទតមើលព្រះមហាចេតិយ ហើយគង់ប្រថាប់ក្នុងព្រះរាជវាំងនេះរហូតដល់សោយទិវង្គត។ នៅពេលព្រះមហាក្សត្រីស៉ីនសាវប៊ូសោយទិវង្គតទៅ ព្រះរាជសន្និសារបស់ព្រះនាង គឺព្រះចៅធម្មាចេតិយ បានឡើងសោយរាជ្យបន្តចាប់ពីគ្រិស្ដសករាជ ១៤៧១-១៤៩២។ ព្រះអង្គក៏បានចំណាយមាសដែលមានទម្ងន់ស្មើនឹងព្រះកាយទ្រង់ដូចគ្នា យកទៅស្រោបពីលើចេតិយស្វេដាហ្គននេះបន្ថែមទៀត៕