បង្ហាញ​មុខ អ្នក​បង្កើត​ក្រុមហ៊ុន​រថយន្ត​ល្បីៗ​​​​​​​​​​

  • 2021-06-02 08:45:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម៉ាក​រថយន្ត​​លំដាប់​អន្តរជាតិ​ដែល​ទទួល​បាន​កេរ្តិ៍​ឈ្មោះ​ល្បី​សុសសាយ​លើ​ពិភពលោក​រួម​មាន​ដូច​ជា Rolls-Royce, Lamborghini, Ferrari, Toyota, Lexus, BMW, Audi និង Porsche ជា​ដើម។ ប៉ុន្តែ​មាន​មនុស្ស​តិច​ណាស់​ដែល​ស្គាល់​ថា​នរណា​ជា​អ្នក​បង្កើត​ម៉ាក​សញ្ញា​រថយន្ត​ល្បីៗ​ទាំង​នេះ។ ត​ទៅ​នេះ Sabay នឹង​បង្ហាញ​ឲ្យ​បាន​ស្គាល់៖

​​Audi​

បង្កើត​ឡើង​ដោយ​លោក​ August Horch ដែល​ចាប់​ផ្ដើម​ដំណើរ​ការ​ដំបូង​តាំង​ពី​​ថ្ងៃ​ទី​ ២៥ ខែ​មេសា​ ឆ្នាំ​ ១៩១០។ លោក August កើត​នៅ​ប្រទេស​អាល្លឺម៉ង់ នា​ថ្ងៃ​ទី​ ១២ ខែ​តុលា ឆ្នាំ​ ១៨៦៨ និង បាត់​បង់​ជីវិត​ថ្ងៃ​ទី​ ៣ ខែ​កុម្ភៈ​ ឆ្នាំ ១៩៥១ នៅ​អាយុ​ ៨២ ឆ្នាំ។

BMW (Bayerische Motoren Werke AG)

លើខាងឆ្វេងលោក Karl, ក្រោមខាងឆ្វេងលោក Camillo និង ខាង​ស្ដាំ​លោក Franz

​​​​​ នៅ​ថ្ងៃ​ទី ៧ ខែ​មីនា ឆ្នាំ​ ១៩១៦ ជា​ការ​ចាប់​កំណើត​នៃ​ក្រុមហ៊ុន​ផលិត​រថយន្ត​ BMW ដែល​មាន​ការ​រួម​បង្កើត​ឡើង​ដោយ​លោក Franz Josef Popp កើត​នៅ​ប្រទេស​អូទ្រីស, លោក Karl Friedrich Rapp កើត​នៅ​អាល្លឺម៉ង់ និង លោក Camillo Castiglioni កើត​នៅ​ប្រទេស​អ៊ីតាលី។

Bugatti

ក្រុមហ៊ុន​រថយន្ត​អ៊ីតាលី​នេះ​បង្កើត​​ឡើង​នៅ​ឆ្នាំ​ ១៩០៩ ដោយ​លោក​ Ettore Bugatti ដែល​ចាប់​កំណើត​នៅ​ប្រទេស​អ៊ីតាលី​ផ្ទាល់។ នៅ​ឆ្នាំ​ ១៩៦៣ ក្រុមហ៊ុន​ Bugatti នេះ​ក៏​បាន​បាត់​បង់​ជីវិត​ទៅ​វិញ​ដោយ​សារ​ជួប​វិបត្តិ​ហិរញ្ញវត្ថុ។ យ៉ាងណាក្ដី​នៅ​ឆ្នាំ​ ១៩៩៨ ម៉ាក​សញ្ញា​ Bugatti បាន​រស់​រាន​មាន​ជីវិត​ឡើង​វិញ​ ក្រោយ​ពី​ក្រុមហ៊ុន​ Volkswagen Group ទិញ​យក​ម៉ាក​សញ្ញា​នេះ​បាន​សម្រេច និង​បន្ត​ការ​ផលិត​រថយន្ត​ម៉ាក Bugatti។

Ferrari

​​នេះ​ក៏​ជា​​ក្រុមហ៊ុន​រថយន្ត​អ៊ីតាលី​ដ៏​ល្បី​មួយ​ដែរ ដែល​បាន​ចាប់​ដំណើរ​ដំបូង​នា​​ថ្ងៃ​ទី ១៣ ខែ​កញ្ញា​ ឆ្នាំ​ ១៩៣៩ ក្រោម​ការ​បង្កើត​របស់​លោក​ Enzo Ferrari ដែល​កើត​នៅ​ប្រទេស​អ៊ីតាលី។ មក​ទល់​ពេល​នេះ​​រថយន្ត​ម៉ាក​ Ferrari ផលិត​ចេញ​បាន​ ៨ ០១៤ គ្រឿង​ ហើយ​ចំណូល​សម្រាប់​ឆ្នាំ​ ២០១៦ គឺ​មាន​ប្រមាណ​ ៣,៤៧ ពាន់​លាន​ដុល្លារ។

Honda

លោក Coichiro Honda (ឆ្វេង) និង Takeo Fujisawa (ស្ដាំ)

និយាយ​ដល់​ក្រុមហ៊ុន​ Honda មនុស្ស​មួយ​ចំនួន​តូច​ច្បាស់​ជា​ស្គាល់​ថា​វា​បង្កើត​ឡើង​ដោយលោក​ Soichiro Honda ប៉ុន្តែ​តាម​ពិត​ក៏​មាន​ការ​ចូល​រួម​ចំណែក​ពីលោក​ Takeo Fujisawa​ ផង​ដែរ។ Honda មិន​ត្រឹម​ជា​ម៉ាក​សញ្ញា​រថយន្ត​ប៉ុណ្ណោះ​ទេ តែ​ក៏​ជា​ម៉ាក​សញ្ញា​ម៉ូតូ​ដ៏​ល្បី​មួយ​ដែរ រួម​ទាំង​ជា​ម៉ាក​ផលិតផល​អេឡិចត្រូនិក​ជា​ច្រើន​ទៀត។ ក្រុមហ៊ុន​ Honda ចាប់​កំណើត​ឡើង​នា​ខែ​តុលា ឆ្នាំ​ ១៩៤៦។

Lamborghini

លោក​ Ferruccio Lamborghini

​ក្រុមហ៊ុន​រថយន្ត​អ៊ីតាលី​នេះ​​​បង្កើត​ឡើង​​នៅ​ឆ្នាំ​ ១៩៦៣ ​ដែល​បង្កើត​ឡើង​ដោយ​លោក​ Ferruccio Lamborghini ​ជា​កូន​កសិករ​សញ្ជាតិ​អ៊ីតាលី។ នៅ​ឆ្នាំ​ ១៩៩៨ ក្រុមហ៊ុន​ត្រូវ​បាន​លក់​ទៅ​ឲ្យ​ក្រុមហ៊ុន​ Volkswagen Group ដោយ​ត្រូវ​ស្ថិត​​នៅ​ក្រោម​ការ​គ្រប់​គ្រង់​របស់​ក្រុមហ៊ុន​ Audi ដែល​ Audi ជា​សាខា​មួយ​របស់​ Volkswagen Group។

Mercedes-Benz

លោក Karl Benz (ឆ្វេង) និង Gottlieb Daimler (ស្ដាំ)

ក្រុមហ៊ុន​រថយន្ត​ដ៏​ល្បី​នេះ​មាន​អាយុ​កាល​រាង​ចំណាស់​ដែរ​ដោយ​កកើត​ឡើង​នៅ​ថ្ងៃ​ទី​ ២៨ ខែ​មិថុនា​ ឆ្នាំ​ ១៩២៦ ក្រោម​ការ​បង្កើត​របស់​លោក Karl Benz និង Gottlieb Daimler ដោយ​សុទ្ធ​តែ​ចាប់​កំណើត​នៅ​ប្រទេស​អាល្លឺម៉ង់។

Porsche

ឈ្មោះ​របស់​ក្រុមហ៊ុន​នេះ​យក​តាម​​ឈ្មោះ​របស់​អ្នក​បង្កើត​ផ្ទាល់​គឺ​លោក​ Ferdinand Porsche ដោយ​គាត់​បាន​បង្កើត​ក្រុមហ៊ុន​នេះ​ឡើង​នៅ​ឆ្នាំ​ ១៩៣១។ ក្រុមហ៊ុន​នេះ​​បច្ចុប្បន្ន​ក៏​ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ត្រា​របស់​ក្រុមហ៊ុន​ Volkswagen Group ដែរ ក្រោយ​ពី​ត្រូវ​បាន​ Volkswagen Group ទិញ​យក​បាន​សម្រេច​នៅ​ខែ​សីហា​ ឆ្នាំ​ ២០១២។

Rolls-Royce Motor Car Limited

លោក​​ Torsten Müller-Ötvös

ក្រុមហ៊ុន​រថយន្ត​អង់គ្លេស​នេះ​បង្កើត​ឡើង​នៅ​ឆ្នាំ​ ១៩៩៨ ដោយ​ក្រុមហ៊ុន​រថយន្ត​ BMW។ បច្ចុប្បន្ន​នេះ​ Rolls-Royce ស្ថិត​ក្រោម​ការ​ដឹក​នាំ​របស់​លោក​​ Torsten Müller-Ötvös ដែល​ជា​នាយក​ប្រតិបត្តិ​ ហើយ​ភាគ​ច្រើន​ផលិត​រថយន្ត​តាម​ការ​កុម្ម៉ង់​របស់​មហា​សេដ្ឋី។

​​Toyota

លោក​ Kiichiro Toyoda

ជា​ក្រុមហ៊ុន​រថយន្ត​ជប៉ុន​ដ៏​ល្បី​ជាង​គេ​ដែល​បង្កើត​ឡើង​ដោយ​លោក​ Kiichiro Toyoda នៅ​ថ្ងៃ​ទី​ ២៨ ខែ​សីហា​ ឆ្នាំ​ ១៩៣៧។ មិន​តែ​ប៉ុណ្ណោះ​ក្រុមហ៊ុន​ Toyota ថែម​ជា​ម្ចាស់​ម៉ាក​សញ្ញា​រថយន្ត​ Lexus ដែល​បង្កើត​នៅ​ឆ្នាំ​ ១៩៨៩ ទៀត​ផង។

​​Volkswagen Group

​ក្រុមហ៊ុន​នេះ​បង្កើត​ឡើង​នា​ថ្ងៃ​ទី​ ២៨ ខែ​ឧសភា ឆ្នាំ​ ១៩៣៧ ដោយ​​អង្គភាព​កង​កម្លាំង​ជួរ​មុខ​របស់​អាល្លឺម៉ង់។ ដូច​បាន​បង្ហាញ​ខ្លះៗ​ខាង​លើ​ក្រុមហ៊ុន​នេះ​មាន​កាន់​កាប់​ក្រុមហ៊ុន​រថយន្ត​ជា​ច្រើន​​រួម​មាន​ Audi, Lamborghini, Bentley, Bugatti និង Porsche ជា​ដើម។ កាល​ពី​ឆ្នាំ​ ២០១៦ ក្រុមហ៊ុន​នេះ​បាន​ឡើង​លើ​ Toyota គ្រង​តំណែង​​ក្រុមហ៊ុន​ផលិត​រថយន្ត​ធំ​ជាង​គេ​ក្នុង​លោក៕

អត្ថបទ៖ សុខហេង

អត្ថបទថ្មី