មេ​ UFC ចេញ​មុខ​រិះគន់​ថា ប្រកួត​រវាង Logan និង Floyd មិនមែន​ជា​ប្រកួត​ប្រដាល់​ទេ

  • 2021-06-08 12:38:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Dana White ប្រធាន​ក្របខ័ណ្ឌ​ប្រកួត​ប្រដាល់​សេរី UFC បាន​ប្រាប់​គេហទំព័រ UFC Arabia ថា ប្រកួត​រវាង​តារា Youtube លោក Logan Paul និង​កីឡាករ​ប្រដាល់​សកល​ចាស់​វស្សា​ លោក Floyd Mayweather មិនមែន​ជា​ប្រកួត​ប្រដាល់​នោះ​ទេ ហើយ​ចាត់​ទុក​ថា​អ្នក​ដែល​ចាយ​លុយ​ ៥០ដុល្លារ​អាមេរិក លើ​ប្រកួត​របស់​អ្នក​ទាំង​ពីរ​ជា​ "មនុស្ស​ល្ងង់"។

លោក​បាន​លើកឡើង​ថា៖ " ប្រកួត​នេះ [រវាង​ Logan និង Floyd] មិនមែន​ជា​ប្រកួត​ប្រដាល់​ទេ។ ដូច​ខ្ញុំ​និយាយ​អញ្ចឹង​ ប្រកួត​ស៊េរី​អញ្ចឹងៗ​នៅ​តែ​មាន​ទីផ្សារ​ ហើយ​មាន​អ្នក​សុខ​ចិត្ត​ចំណាយ​លុយ ៥០ដុល្លារ​ ដើម្បី​មើល​របស់​អញ្ចឹងៗ " ។

លោក​បាន​បន្ត​ថា៖ " ខ្ញុំ​មិន​ចង់​និយាយ​អាក្រក់​ពី​គេ​ទេ។ បើ​មាន​មនុស្ស​ប្រភេទ​ហ្នឹង​ចេញ​មក​វាយ​គ្នា​ហើយ និង​ឲ្យ​អ្នក​ឯង​បង់​លុយ ៥០ដុល្លារ​ដើម្បី​មើល ពួក​អស់​ហ្នឹង​សម​នឹង​យក​លុយ​អ្នក​ឯង​ហើយ។ អ្នក​ឯង​ល្ងង់ " ។

ប្រកួត​រវាង​ Logan និង Floyd បាន​បញ្ចប់​ទៅ​ដោយ​មិនមាន​អ្នក​ឈ្នះ អ្នក​ចាញ់ ហើយ​ម្នាក់​ៗ​ចេញ​ទៅ​វិញ​បាន ២៦លាន​ដុល្លារ​រៀង​ៗ​ខ្លួន​ បើ​តាម​ការ​ចុះ​ផ្សាយ​របស់ Daily Mail។ អ្នក​ដែល​មាន​បំណង​មើល​ផ្ទាល់​តាម​ការ​ផ្សាយ​បន្ត​ផ្ទាល់​របស់​គេហទំព័រ​ផ្សាយ​ផ្ទាល់​ប្រកួត​ប្រដាល់ Fanmio ត្រូវ​បង់​លុយ ៥០ដុល្លារ៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហ៊ីម រស្មី