WebDollar ជា Crypto ផ្ដាច់ព្រលឹង ត្រឹម៣ម៉ោង តម្លៃប្រែប្រួល ១៦០០០០%

  • 2021-06-21 07:22:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅថ្ងៃទី១៤ ខែមិថុនា តម្លៃលុយឌីជីថល WebDollar បានឡើងថ្លៃដល់ទៅ ១៦៤៨៤២% ក្នុងរយៈពេល ៣ម៉ោង ដោយរត់ពីតម្លៃទាប ០,០០០៣៧១១ដុល្លារ ដល់ទៅតម្លៃខ្ពស់បំផុត ០,៦១២១ដុល្លារ។

យើងសូមលម្អិតបន្ដិចពីបម្រែបម្រួលដ៏ខ្លាំងសម្បើមនៃលុយឌីជីថលនេះ ដោយយោងតាមទិន្នន័យពី CoinMarketCap៖

  • នៅថ្ងៃ១៤ ម៉ោង ៤:៥៤ ល្ងាច តម្លៃមូលធនទីផ្សារឡើងមានតម្លៃ ១,៥ពាន់លានដុល្លារ ដោយកើនឡើងប្រមាណ ១,៨៤លានដុល្លារ ក្នុងរយៈពេល ៥នាទី
  • នៅម៉ោង ៥:៣៩ ល្ងាច តម្លៃមូលធនទីផ្សារធ្លាក់ចុះអស់ ៥,១២លានដុល្លារ
  • នៅម៉ោង ៦:២៩ តម្លៃទីផ្សារក៏ស្ទុះឡើង ធ្វើឱ្យតម្លៃមូលធនទីផ្សារមានតម្លៃ ៩,៥ ពាន់លានដុល្លារ

អំឡុងពេលនោះផងដែរ ធ្វើឱ្យលុយឌីជីថល WebDolloar ក្លាយជាលុយធំបំផុតឈរលេខរៀងទី១៨ ដោយមានមូលធនទីផ្សារលើស លុយឌីជីថលចាស់ៗឯទៀតដូចជា Stellar, VeChain ឬ Tron ផងដែរ។

ប៉ុន្ដែអ្វីមើលមិនឃើញ លុយឌីជីថលនេះដូចព្យុះអ៊ីចឹង នៅថ្ងៃទី១៥ ម៉ោង ២ថ្ងៃ ត្រឹមរយៈពេលមិនដល់២ម៉ោង តម្លៃមូលធនទីផ្សារដែលមានតម្លៃ ៩,៥ពាន់លានដុល្លារ ធ្លាក់ចុះមកនៅត្រឹម ១០,៣៨លានដុល្លារ ឬស្មើនឹង ៩៩% ដោយធ្លាក់ពីជើងឯកលេខរៀងទី ១៨ ទៅដល់លេខរៀង ៨៧៣ វិញ។

យោងទៅតាម Coin Telegraph បានបង្ហាញថាវាជាទង្វើ “pumping” របស់ជនអនាមិក ដែលជាល្បិចរុញតម្លៃកាក់ឌីជីថលទៅតម្លៃមួយមិនធម្មតា បន្ទាប់មក ក៏ធ្វើការលក់យ៉ាងគំហុកមកវិញ ដែលជាហេតុធ្វើឱ្យទីផ្សារក្រឡាប់ចាក់បាន។ ទោះយ៉ាងណា ក្រោយតម្លៃប្រែប្រួលដូចព្យុះភ្លៀងកន្លងផុត ធ្វើឱ្យលុយឌីជីថលនេះត្រលប់ទៅរកស្ថិរភាពដូចធម្មតាវិញ៕

ប្រភព៖ Zing   ប្រែ​សម្រួល៖ កុសល