២ប្រកួត​របស់​ ថៃ​ រិទ្ធី​ កេរ្តិ៍ឈ្មោះ​ឡើង​កប់​ក្នុង​វិស័យ​គុន​ខ្មែរ​អំឡុង​កូវីដ ​១៩​ នេះ...​

  • 2021-07-20 02:01:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

២ប្រកួត​ចុង​ក្រោយ​របស់​កីឡាករ​ ថៃ​ រិទ្ធី​ កេរ្តិ៍ឈ្មោះ​ល្បី​ខ្លាំង​តែ​ម្ដង​ ពោល​លើ​ហ្វេសបុក​ក្នុង​ចង្កោម​ប្រដាល់​ឃើញ​តែ​ការ​ភ្ញាក់ផ្អើល​ និង​សរសើរ​អ្នក​លេង​គុន​ខ្មែរ​រូប​នេះ​ថាវ៉ៃបានល្អ។​

ថៃ រិទ្ធី ពេលឈ្នះ ចន្ទ្រា

ការ​ប្រកួត​របស់​ ថៃ​ រិទ្ធី​ កាល​ពី​ថ្ងៃ​សៅរ៍​ ទី២៦​ ខែ​មិថុនា​ កន្លង​ទៅ​នេះ​គឺ​ឈ្នះ​ជើង​ខ្លាំង​លំដាប់​ប្រទេស​ ឡៅ​ ចន្ទ្រា​ ដោយ​ផ្ដួល​ឲ្យ​សន្លប់​ក្នុង​ទឹក​ទី៣​ លើ​សង្វៀន​បាយ័ន​ កម្មវិធី​ Champion។​ ការ​ប្រកួត​មួយ​នេះ​សូម្បី​ រិទ្ធី​ ខ្លួន​ឯង​ក៏​មិន​ចង់​ជឿ​ដែរ​ ព្រោះ​អាច​ផ្ដួល​ ចន្ទ្រា​ ដែល​ជា​ជើង​ខ្លាំង​ និង​ល្អ​គ្រប់​ស្នៀត​បាន​ ខណៈ​អ្នក​ប្រដាល់​ក្នុង​ស្រុក​កម្រ​នឹង​ឈ្នះ​សិស្ស​គុន​មក​ពី​ឆត្រយោង​ ៩១១​ នេះ​ណាស់។​

ថៃ រិទ្ធី​ ពេលឈ្នះ ធារ៉ា

ចំណែក​ប្រកួត​ចុង​ក្រោយ​កាល​ពី​ថ្ងៃ​អាទិត្យ​ ទី១៨​ ខែ​កក្កដា​ នេះ​កីឡាករ​ ថៃ​ រិទ្ធី​ បាន​ផ្ដួល​អ្នក​លេង​កែង​ពិឃាដ​ ធឿន​ ធារ៉ា​ ឲ្យ​សន្លប់​ និង​បែក​រហូត​១៩​ថ្នេរ​ឯ​ណោះ​លើ​សង្វៀន​បាយ័ន​ កម្មវិធី​ខារ៉ាបាវ។​ ដូច​ប្រិយមិត្ត​គុន​ខ្មែរ​ដឹង​ស្រាប់​ហើយ​ថា​ ធារ៉ា​ ស៊ី​ស្ទើរ​តែ​អស់​ទៅ​ហើយ​ប៉ុន្មាន​ខែ​នេះ​ ជា​ពិសេស​ស្នៀត​ផ្ដួល​ដៃគូ​ដោយ​កែង​ពិឃាដ​របស់​គេ។ ​ប៉ុន្តែ​កូន​សិស្ស​លោក​ អេ ​ភូថង​ រូប​នេះ​ចាញ់​សន្លប់​ដោយ​សារ​កែង​របស់​ រិទ្ធី​ ទៅវិញ​ ខណៈដែល​នេះជា​ការ​ប្រកួត​ជក់ចិត្ត​ និង​គេ​មាន​សរសើរ​ច្រើន​តាម​ហ្វេសបុក​ និង​សូម្បី​លោក​ នាង​ ស៊ីវុត្ថា​ អ្នក​គ្រប់គ្រប់​ប្រដាល់​នៅ​បាយ័នផងដែរ។​

កីឡាករ ថៃ រិទ្ធី

ការ​ឈ្នះ​២ប្រកួត​នេះ​ហើយ​ធ្វើ​ឲ្យ​ ថៃ​ រិទ្ធី​ មាន​កេរ្តិ៍ឈ្មោះ​ល្បី​ខ្លាំង​តែ​ម្ដង​ប៉ុន្មាន​សប្ដាហ៍​នេះ​ជា​ពិសេស​គេ​សរសើរ​កណ្ដាប់ដៃ​មហា​ទម្ងន់​តែ​ម្ដង​ ចូល​មួយ​ដឹង​តែ​បាត់​មាត់​ឈឹង​ហើយ។​ យ៉ាងណា​ប្រិយមិត្ត​មួយ​ចំនួន​ចាប់​ផ្ដើម​ផ្គូផ្គង​ជា​មួយ​ដៃ​ភ្លើង​ជើង​រន្ទះ​ រឿង​ សោភ័ណ្ឌ​ ទៀត​ហើយ​នៅ​ប្រកួត​បន្ទាប់​ទៀត​ ប៉ុន្តែ​មិន​ដឹង​ថា​អាច​ជួប​គ្នា​ឬ​អត់​នោះ​ទេ៕​

ថៃ រិទ្ធី ប៉ះ ឡៅ ចន្ទ្រា

ថៃ រិទ្ធី ប៉ះ ធឿន ធារ៉ា

អត្ថបទ៖ នួន ស៊ីណា​