ឆែកមើលប៉ុន្មានចំណុចនេះ មុនទិញ Highlander ជិះ ប្រយ័ត្នទិញខុសចោលលុយទទេ
- 2021-07-27 01:53:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឆែកមើលប៉ុន្មានចំណុចនេះ មុនទិញ Highlander ជិះ ប្រយ័ត្នទិញខុសចោលលុយទទេ
ចន្លោះមិនឃើញ
Highlander ជាប្រភេទឡាន SUV កំពុងមានការពេញនិយមជិះក្នុងស្រុកទាំងលក្ខណៈគ្រួសារ ពិសេសអ្នកប្រកបរបររតតាក់ស៊ី។ ជាប្រភេទឡានតួខ្ពស់និងមានលំហូរនាំចូលច្រើនពីតាមឃ្លាំងលក់រថយន្តពេញក្រុងភ្នំពេញ។
ចំពោះអ្នកដែលចង់ទិញឡាន Highlander មួយទឹកជិះ គួរស្វែងយល់ឲ្យបានច្បាស់ មុនសម្រេចចិត្តទិញ។
សម្រាប់ Highlander ស៊េរីឆ្នាំដែលមានភាពពេញនិយមជិះពីពលរដ្ឋទូទៅ និងមានលំហូរនាំចូលច្រើននៅតាមការាសមានចាប់ពីស៊េរីឆ្នាំ ២០០១ ដល់ ២០០៧ ដែលមានរូបរាងខាងក្រៅស្រដៀងគ្នា។
មានបីជំនាន់គឺ ជំនាន់ទី១ ទី២ និងទី៣៖
ជំនាន់ទី១ ម៉ូដែលឆ្នាំ២០០១ ដល់ ២០០៧៖ Highlander ម៉ូដែលឆ្នាំ២០០១, ២០០២ និង ២០០៣ មានបំពាក់ម៉ាស៊ីន២ប្រភេទ គឺម៉ាស៊ីន៤ ទំហំ២.៤លីត្រ កម្លាំង១៥៥សេះ និងម៉ាស៊ីន ៦ ទំហំ ៣.០លីត្រ កម្លាំង២២០សេះ។
ជំនាន់ទី២ ម៉ូដែលឆ្នាំ២០០៨ ដល់ ២០១៣៖ ម៉ូដែលថ្មី Highlander ២០០៨ មានបំពាក់នូវម៉ាស៊ីន ៦ ទំហំ៣.៥លីត្រ កម្លាំង២៧០សេះ និងគ្មានម៉ាស៊ីន៤ទៀតទេ។ ប៉ុន្តែចូលដល់ម៉ូដែលឆ្នាំ២០០៩, ២០១០, ២០១១, ២០១២, ២០១៣ និង ២០១៤ Toyota បានបំពាក់ម៉ាស៊ីន ៤ ឡើងវិញ តែទំហំ២.៧លីត្រ កម្លាំង១៨៧សេះ។
ជំនាន់ទី៣ ម៉ូដែលឆ្នាំ២០១៤ ដល់ ២០១៦៖ សម្រាប់ម៉ូដែល ២០១៤ ដល់ ២០១៦ មាន ៣ ជម្រើសម៉ាស៊ីនគឺ ទំហំ ២.៧ លីត្រ អូតូ ៦ លេខ, ទំហំ ៣.៥លីត្រ អូតូ ៦ លេខ និងប្រភេទកូនកាត់ម៉ាស៊ីន ៦ ទំហំ ៣.៥ លីត្រ ប្រភេទស៊ីឡាំង ៤ ឬហៅថា ម៉ាស៊ីន ៤ ចំណុះ ២,៤លីត្រ កម្លាំង១៥៥ សេះ។ ប្រភេទស៊ីឡាំង ៦ ឬហៅថា ម៉ាស៊ីន ៦ ចំណុះ ៣,០ លីត្រ កម្លាំង ២២០ សេះ។
សម្រាប់ជំនាន់ទី២ និងទី៣ សម្រាប់ទីផ្សារក្នុងស្រុកគេពុំសូវពេញនិយមជិះឡើយ។
ឡាន Highlander ត្រូវបានចែកជាពីរប្រភេទសម្រាប់ម៉ាស៊ីនគឺ ម៉ាស៊ីន៤ និងម៉ាស៊ីន៦។ សម្រាប់ស៊េរីឆ្នាំ ២០០១ ដល់ ២០០៣ ម៉ាស៊ីន V4 មានទំហំ ២.៤លីត្រ កម្លាំង១៥៥សេះ និងម៉ាស៊ីន ៦ ទំហំ ៣.០លីត្រ កម្លាំង២២០សេះ។
ចូលដល់ម៉ូដែលឆ្នាំ២០០៤ ឬពាក់កណ្ដាលជំនាន់ទីមួយ រថយន្ត Highlander ធ្វើការកែប្រែដោយបំពាក់ម៉ាស៊ីនពីរប្រភេទគឺម៉ាស៊ីន៤ ទំហំ២.៤លីត្រ កម្លាំង១៥៥សេះ និងម៉ាស៊ីន៦ ទំហំ ៣.៣ លីត្រ កម្លាំង២៣០សេះ។ ប៉ុន្តែនៅម៉ូដែលបន្ទាប់ ២០០៥, ២០០៦, ២០០៧ រថយន្ត Highlander ម៉ាស៊ីន៦ ត្រឡប់មកទំហំ ៣.០លីត្រ កម្លាំង២២០សេះវិញ។
ដោយសារ Highlander ត្រូវបានបែងចែកជា ២ប្រភេទគឺ ប្រភេទម៉ាស៊ីន ៤ និងម៉ាស៊ីន ៦ ។ ចំពោះម៉ាស៊ីន៤ ពុំមានបែងចែកជាប្រភេទOption ទេតែមានប្រភេទប៉ុង១ និង ប៉ុង២សម្រាប់ជ្រើសរើស។ ចំណែកប្រភេទម៉ាស៊ីន ៦វិញមានបីប្រភេទគឺប្រភេទធម្មតា ប្រភេទ Limited ធម្មតា និង Limited Full និងមានប្រភេទប៉ុង១ និងប៉ុង ២ដូចគ្នា។
ចំពោះលក្ខណៈរបស់ Highlanderម៉ាស៊ីន៤ មានលក្ខណៈសាមញ្ញ និងម៉ាស៊ីន៦ មានលក្ខណៈទំនើបបន្តិចដូចជា ប្រើឌីស៦ ប្រព័ន្ធសម្លេង JBL ពួកស្បែក ប្រើប៊ូតុងចុចបញ្ជា ងាកមក Limited Full មានលក្ខណៈពិសេសជាងប្រភេទធម្មតា និង Limited ដូចជាពោងសុវត្ថិភាព ៤ ប៊ូតុងបញ្ជាកៅអី មានត្រីវិស័យដូចនឹង Lexus និងមានបើកដំបូល (Sun roof) ជាដើម។
មិនខុសពី RX300,RX330 Highlanderក៏ត្រូវបានចែកជាប្រភេទប៉ុង ១ និង ប៉ុង ២ ផងដែរ សម្រាប់អ្នកប្រើប្រាស់ឡានមួយទឹកក្នុងស្រុក។ ប្រភេទប៉ុងនេះដែរអ្នកប្រើប្រាស់ច្រើននិយមទិញប្រភេទប៉ុង ១ ប្រើព្រោះអ្នកប្រើប្រាស់តែងតែចង់បានរថយន្តប៉ុង ១ ជាងប៉ុង ២ ព្រោះគិតថាស៊ីសាំងតិច ជាងរថយន្តប៉ុង ២ ណាមួយពុំសូវប្រើប្រាស់នៅលើផ្លូវលំបាកច្រើន។
ម្យ៉ាងទៀតគិតថាឡានប្រភេទប៉ុង ១ មានទីផ្សារជាង ងាយស្រួលលក់ចេញ ឬចងប្ដូរស៊េរីថ្មីដោយមិនសូវខាតច្រើន។ ណាមួយឡានប្រភេទនេះនាំចូលពីសហរដ្ឋអាមេរិក មានស្ថានភាពប្រើប្រាស់ដូចស្រុកយើងច្រើនធ្វើឲ្យឡានប្រភេទនេះនៅមានសភាពស្អាត។
ចំណែកប៉ុង ២ ប្រើនៅតំបន់មានព្រិល តំបន់ទឹកលិចក្បែរមាត់សមុទ្រ និងផ្លូវប្រភេទពិបាកៗ ដែលធ្វើឲ្យរថយន្តប្រភេទប៉ុង២នេះមិនសូវស្អាត ឆាប់ច្រេះ ខូចគ្រឿងក្រោម ជាហេតុពុំសូវមានគេនាំចូល។
Highlander ប្រភេទប៉ុង ១ និង ប៉ុង ២ និងមានប្រភេទម៉ាស៊ីន ៤និងម៉ាស៊ីន ៦ ចំពោះកម្រិតស៊ីសាំងមានភាពខុសគ្នាបន្តិចបន្តួចទៅតាមប្រភេទប៉ុង និងម៉ាស៊ីន។
ប្រភេទប៉ុងមួយ ម៉ាស៊ីនស៊ីឡាំង ៤ ទំហំ ២,៤ លីត្រ ៖ ក្នុងក្រុង ១២,៣៧ លីត្រ/ ១០០ គ.ម និង ក្រៅក្រុង ៩,៤ លីត្រ/ ១០០ គ.ម។
ប្រភេទប៉ុងមួយ ម៉ាស៊ីនស៊ីឡាំង ៦ ទំហំ ៣,៣ លីត្រ ៖ ក្នុងក្រុង ១៣,៨៣ លីត្រ/ ១០០ គ.ម និង ក្រៅក្រុង ១០,២២ លីត្រ/ ១០០ គ.ម។
ប្រភេទប៉ុងពីរ ម៉ាស៊ីនស៊ីឡាំង ៤ ទំហំ ២,៤ លីត្រ ៖ ក្នុងក្រុង ១៣,០៦ លីត្រ/ ១០០ គ.ម និង ក្រៅក្រុង ១០,២២ លីត្រ/ ១០០ គ.ម។
ប្រភេទប៉ុងពីរ ម៉ាស៊ីនស៊ីឡាំង ៦ ទំហំ ៣,៣ លីត្រ ៖ ក្នុងក្រុង ១៤,០៧ លីត្រ/ ១០០ គ.ម និង ក្រៅក្រុង ១០,៦៩ លីត្រ/ ១០០ គ.ម។
អាចខុសបន្តិចបន្តួចដោយសារការប្រើប្រាស់ក្នុងស្រុកជាប្រភេទឡានមួយទឹក។
ចំណុចនេះមិនខុសពីស៊េរីឡានមួយទឹកផ្សេងទៀតឡើយ ដែលអ្នកប្រើប្រាស់តែងនិយមភាគច្រើនគឺពណ៌ស ព្រោះជាពណ៌ដែលមានអ្នកប្រើប្រាស់ច្រើន មានទីផ្សារខ្ពស់ហើយតម្លៃក៏ថ្លៃជាងបន្តិចដែរ។ សម្រាប់ពណ៌សមានតម្លៃថ្លៃជាងពណ៌ផ្សេងប្រមាណជា ២ ០០០ ដុល្លារ ដោយគិតទាំងប្រភេទ Base Option, Half full និង Full Options ក៏ដោយ។
បើនិយាយពីតម្លៃវិញសម្រាប់ Highlander មានតម្លៃខុសគ្នាច្រើនពីប្រភេទ ម៉ាស៊ីន ប៉ុង Option និងពណ៌។ ប្រភេទប៉ុង ១ មានតម្លៃថ្លៃជាងប៉ុង២ ប្រមាណជា ១ ០០០ ទៅ ២ ០០០ ដុល្លារ ។ ចំពោះ Option វិញមានបីប្រភេទគឺ Base Option ទៅ Limited និង Limited Full មានតម្លៃខុសគ្នាចន្លោះពី ១ ០០០ ទៅ ១ ៥០០ ដុល្លារ ពី Option មួយទៅ Option មួយសម្រាប់ពណ៌ពេញនិយម។
ចង់ប្ដូរស៊េរីថ្មីអាចមានភាពងាយស្រួលលក់ចេញប្រសិនបើអ្នកប្រើប្រាស់ឡានប្រភេទពេញនិយមដូចជា ប្រភេទប៉ុង Option ពណ៌ ត្រូវទីផ្សារ។ ម្យ៉ាងទៀតស៊េរីពួក Highlander មួយទឹកនេះបើទិញចំស៊េរីពេញនិយម កំពុងមានអ្នកប្រើប្រាស់ច្រើនដូចនេះធ្វើឲ្យពេលលក់ចេញមិនសូវខាតច្រើន ដោយសារវាជាប្រភេទរថយន្តពេញនិយមស្រាប់៕