អាច​នឹង​ធ្ងន់​ក​សម្រាប់ អ៊ិន សុភិន! ពេល​នេះ សុខ រ៉ាស៊ី ប្រកាស​ប្ដឹង​ទា​សំណង​ជំងឺ​ចិត្ដ​ខ្ទង់ម៉ឺនដុល្លារ

  • 2021-07-30 02:18:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រយៈ​ពេល​៣​ថ្ងៃ​ជាប់​ៗគ្នា នា​ចុង​ខែ​កក្កដា ឆ្នាំ​២០២១ នេះ ជម្លោះ​ពាក្យ​សម្ដី​រវាង​អគ្គនាយក​ក្រុមហ៊ុន​មហាហង្ស​លោក អ៊ិន សុភិន ជាមួយ​ពិធី​ករ​សុខ រ៉ាស៊ី បាន​កម្រើក​ឡើង​វិញ បន្ទាប់​ពី​ភាគី​ម្ខាង​មិន​ពេញចិត្ត​នឹង​ជំនួប​ទល់មុខ​គ្នា អម​ដោយ​ការ​សម្របសម្រួល​របស់​សមត្ថកិច្ច នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ហើយ​បាន​លាតត្រដាង​រឿង​នេះ​ជា​សាធារណៈ។

លោក សុខ រ៉ាស៊ី ប្រាប់​Sabay ថា ការ​រៀបចំ​ឆាក និង​ភ្លើង​សម្រាប់​ដំណើរការ​កម្មវិធី​ចំនួន​ពីរ​រួច​មក​ហើយ​ដែល​លោក អ៊ិន សុភិន ធ្វើ​បាប​លោក​ដែល​សូម្បី​តែ​លុយ​កក់​១​រៀល​ក៏​មិន​ទាន់​បាន​ផង ហើយ​លោក​ត្រូវ​បង្ខំចិត្ត​លក់ និង​បញ្ចាំ​ទ្រព្យ​របស់​ផ្ទាល់​ខ្លួន​ជា​ច្រើន​ដូច​ជា​ឡាន ផ្ទះ និង​របស់​មាន​តម្លៃ​ផ្សេង​ទៀត​ដើម្បី​បើក​លុយ​ឲ្យ​បុគ្គលិក និង​កម្មករ​ទាន់​ពេល។

សុខ រ៉ាស៊ី៖"ដូច​ខ្ញុំ​ប្រាប់​បង​ឯង​ពី​ដើម​មក​អីចឹង! ខ្ញុំ​អត់​ខុស​ទៅ​ដល់​ណា​ក៏​ខ្ញុំ​អត់​ខ្លាច​ដែរ ហើយ​បើ​ទៅ​ដល់​តុលាការ ខ្ញុំ​នឹង​ប្ដឹង​ទាមទារ​សំណង​ជំងឺ​ចិត្ត​ខ្ញុំ​២​ម៉ឺន​ដុល្លារ​ទៀត ព្រោះ​ខ្ញុំ​ខូចខាត​ច្រើន​ណាស់​ត្រូវ​លក់​អី​ខ្ទេចខ្ទី​ដើម្បី​បើក​លុយ​ឲ្យ​កម្មករ​មិន​ឲ្យ​ខូច​ឈ្មោះ​ខ្ញុំ​ទេ តែ​គាត់​ធ្វើ​បាប​ខ្ញុំ​អីចឹង​ខ្ញុំ​ត្រូវ​តែ​ទាមទារ​ហើយ"។

លោក សុខ រ៉ាស៊ី ថា​លោក​រង់ចាំ​មើល​នីតិ​វិធី​បន្ទាប់​របស់​សមត្ថកិច្ច នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ហើយ​បើ​នៅ​តែ​ពុំ​មាន​ដំណោះស្រាយ​សមស្រប​លោក​នឹង​ឲ្យ​គេ​ដាក់​ពាក្យ​បណ្ដឹង​ចូល​តុលាការ​តែ​ម្ដង។ លោក​ឆ្លៀត​ព្រលយ​ពាក្យ​ថា លោក អ៊ិន សុភិន ធ្វើ​បាប​លោក​ច្រើន​ពេក​ហើយ ហើយ​បច្ចុប្បន្ន​លោក អ៊ិន សុភិន កំពុង​រក​លេស​ផ្សេង​ៗ​ដើម្បី​ដោះ​បន្ទុក តែ​លោក​អះអាង​ថា​នៅ​ពេល​ឡើង​ដល់​តុលាការ​លោក​នៅ​តែ​មាន​ភស្តុតាង​ដាក់​បន្ទុក​រឹងមាំ​ដដែល។

បញ្ជាក់​ម្ដង​ហើយ​ម្ដង​ទៀត​លោក អ៊ិន សុភិន ថា​លោក​ពុំ​មាន​ចេតនា​អូស​បន្លាយ​រឿង​នេះ​ទេ ប៉ុន្ដែ​បើ​សុខ រ៉ាស៊ី នៅ​តែ​រឹងរូស​មិន​ទទួល​យក​លក្ខខណ្ឌ នៃ​ការ​សម្របសម្រួល​កន្លង​ទៅ​គឺ​លោក​ទុក​ឲ្យ​ច្បាប់​អ្នក​វែកញែក​រក​ខុស​ត្រូវ​ចុះ។ លោក​និយាយ​បែប​ពុំ​មាន​ការ​ព្រួយបារម្ភ​អ្វី​សោះ​ថា៖"ខ្ញុំ​មិន​ចង់​តបត​អ្វី​ទៀត...ទុក​ទៅ​តុលាការ​ចុះ ខ្ញុំ​នឹង​បញ្ចប់​រឿង​ឲ្យ​ល្អ​មើល"៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ