គន្លឹះក្នុងការយក អាហារូបករណ៍ Chevening ទៅរៀនបន្តនៅសកលវិទ្យាល័យល្បីៗ ក្នុងប្រទេសអង់គ្លេស
- 2021-08-06 10:22:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គន្លឹះក្នុងការយក អាហារូបករណ៍ Chevening ទៅរៀនបន្តនៅសកលវិទ្យាល័យល្បីៗ ក្នុងប្រទេសអង់គ្លេស
ចន្លោះមិនឃើញ
ការចេញទៅសិក្សានៅក្រៅប្រទេស បន្ទាប់ពីបញ្ចប់ថ្នាក់វិទ្យាល័យ គឺជាបំណងប្រាថ្នាដ៏ធំរបស់និស្សិតកម្ពុជា។ ប៉ុន្តែបញ្ហាហិរញ្ញវត្ថុ ជាកត្តាចំបងដែលរាំងស្ទះ ត្បិតការចេញទៅសិក្សាបន្តថ្នាក់បរិញ្ញាប័ត្រនៅក្រៅប្រទេសត្រូវចំណាយថវិកាច្រើន ទាំងថ្លៃសិក្សា ការស្នាក់នៅ ហូបចុកជាដើម។ រដ្ឋាភិបាលនៃប្រទេសមួយចំនួន បានសម្រេចផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ជារៀងរាល់ឆ្នាំ។ តួយ៉ាងដូចជាអាហារូបករណ៍ Chevening ផ្តល់ដោយរដ្ឋាភិបាលនៃចក្រភពអង់គ្លេស សម្រាប់និស្សិតកម្ពុជា បន្តការសិក្សានៅសកលវិទ្យាល័យ នៃចក្រភពអង់គ្លេស។ ខាងក្រោមជាគន្លឹះមួយចំនួនក្នុងការជាប់អាហារូបករណ៍ Chevening ៖
១. ឧស្សាហ៍ដាក់ពាក្យ ទម្រាំបានអាហារូបករណ៍មួយៗ មិនមែនជារឿងងាយស្រួលនោះទេ។ កញ្ញា សុខេមា ប្រាប់ថាប្រសិនបើចង់ទៅរៀននៅក្រៅប្រទេស ឧស្សាហ៍ដាក់ពាក្យម្ដងហើយម្ដងទៀត កុំចុះចាញ់ ព្រោះពេលដាក់ម្ដងមិនជាប់នោះ នឹងដឹងថាមានចំណុចខ្សោយកន្លែងណា បន្ទាប់មកទៀតត្រូវបំពេញចំណុចខ្សោយនោះ ហើយដាក់ពាក្យទៀត។ ទន្ទឹមនឹងនោះក៏ត្រូវឧស្សាហ៍តាមដានព័ត៌មាន ជ្រើសរើសនិស្សិតអាហារូបករណ៍ នៅតាមបណ្ដាវេបសាយនានា និងនៅតាមស្ថានទូតក្នុងប្រទេសកម្ពុជានៃប្រទេសដែលកំពុងជ្រើសរើសនិស្សិតអាហារូបករណ៍ជាដើម។
២. ភាសាអង់គ្លេស ជាធម្មតាភាសាអង់គ្លេសគឺជារឿងសំខាន់បំផុតមិនអាចខ្វះបាន។ សុខេមា និយាយថា ភាសាអង់គ្លេសត្រូវតែចេះឱ្យច្បាស់ ព្រោះនៅពេលដាក់អាហារូបករណ៍គេនឹងធ្វើតេស្តភាសាអង់គ្លេស ដូចជាពិន្ទុ IL (IELTS) ឬ TOEFL ប្រសិនបើមានពិន្ទុល្អទើបមានឱកាសជាប់អាហារូបករណ៍នោះ។
៣. ជាសិស្សពូកែក្នុងសាលា សុខេមា ជាសាស្ត្រាចារ្យនៅសាកលវិទ្យាល័យទាំងវ័យក្មេងផងនោះ បានប្រាប់ថា ពេលរៀននៅសាកលវិទ្យាល័យគួរខំរៀនយកពិន្ទុឱ្យល្អ ធ្វើយ៉ាងណារៀនឱ្យពូកែ ពីព្រោះថា អាហារូបករណ៍ទៅសិក្សានៅក្រៅប្រទេស គេនឹងមើលផងដែរថា តើអ្នកជាសិស្សពូកែក្នុងសាលាដែរឬទេ? ជាទូទៅ បើពិន្ទុសរុបប្រចាំឆ្នាំចាប់ពី ៣.០ឡើងទៅអាចដាក់បាន ប៉ុន្តែបើខ្ពស់ជាងនេះ កាន់តែមានអាទិភាព។
៤. ការចូលរួមការងារក្នុងសង្គម អាហារូបករណ៍មិនមែនចេះតែបានងាយៗគ្រប់គ្នានោះទេ ដូចនេះមុននឹងប្រទេសណាមួយផ្ដល់អាហារូបករណ៍ឱ្យនោះ លុះត្រាតែនិស្សិតនោះធ្លាប់បានចូលរួមការងារស្ម័គ្រចិត្តដូចជា ការងារសប្បុរសធម៌ ដាំដើមឈើ រើសសំរាម ជាដើម។ ទាំងនេះដើម្បីបង្ហាញថា និស្សិតនោះជាបុគ្គលល្អក្នុងសង្គម មានឆន្ទៈ មានឧត្ដមគតិ ចេះចែករំលែក ទៅកាន់ប្រទេសដែលគេកំពុងផ្ដល់អាហារូបករណ៍នោះ។
៥. ស្គាល់ខ្លួនឯងឱ្យច្បាស់ នៅត្រង់ចំណុចនេះនិស្សិតរៀនចប់អនុបណ្ឌិត មកពីសាកលវិទ្យាល័យ មេនឆេស្ទ័រ នៃចក្រភពអង់គ្លេសបានប្រាប់ថា ត្រូវសិក្សាពីខ្លួនឯងឱ្យច្បាស់លាស់សិនមុនចង់ដាក់ពាក្យអាហារូបករណ៍ទៅក្រៅប្រទេស តើចង់ទៅសិក្សាជំនាញអ្វី? ហើយត្រូវធ្វើដូចម្ដេចដើម្បីសិក្សាបានជោគជ័យ? ខ្លួនឯងពូកែអ្វី? ចង់ក្លាយជាអ្វីពេលត្រឡប់មកវិញ? សំណួរទាំងនេះត្រូវសួរខ្លួនឯងហើយរកចម្លើយសម្រាប់ខ្លួនឯងដ៏សមស្រប ទើបធ្វើឱ្យមានទំនុកចិត្តក្នុងការដាក់អាហារូបករណ៍នោះ។
៦. ភាពជាអ្នកដឹកនាំ ភាពជាអ្នកដឹកនាំនៅត្រង់ចំណុចនេះ សុខេមា ចង់មានន័យថា គ្រប់ប្រទេសដែលផ្ដល់អាហារូបករណ៍ទាំងអស់គេចង់បាន និស្សិតណាមានភាពជាអ្នកដឹកនាំក្នុងខ្លួន។ ភាពជាអ្នកដឹកនាំ គឺបុគ្គលណាដែលមានឧត្ដមគតិក្នុងការប្រើប្រាស់ចំណេះដឹងដែលខ្លួនមាន ទៅបម្រើឱ្យផលប្រយោជន៍សង្គម មិនមែនទៅរៀនយកចេះតែខ្លួនឯងមិនចេះចែករំលែកនោះទេ។
៧. ការបំពេញ Personal statement ការបំពេញទម្រង់បែបបទដើម្បីដាក់អាហារូបករណ៍គឺជាចំណុចដ៏សំខាន់បំផុត ដើម្បីទទួលបានអាហារូបករណ៍នោះ។ នៅក្នុងការបំពេញនោះត្រូវតែមានការប្រុងប្រយ័ត្ន និងសរសេរអ្វីដែលជាព័ត៌មានពិតប្រាកដរបស់ខ្លួន កុំក្លែងបន្លំ។ ដូចជាទិសដៅនៅពេលរៀនចប់នឹងអាចជួយអ្វីបានខ្លះក្នុងសង្គម? និងនៅមានចំណុចជាច្រើនទៀតដែលគេនឹងសួរពីព័ត៌មានផ្ទាល់ខ្លួនក្នុងការបំពេញទម្រង់ពាក្យយកអាហារូបករណ៍នោះ។
៨. ពេលសម្ភាស វគ្គសម្ភាសជាចំណុចចុងក្រោយនៃការដាក់ពាក្យយកអាហារូបករណ៍ ពេលជាប់ដល់វគ្គសម្ភាសហើយត្រូវតែធ្វើឱ្យបានល្អបំផុត ត្រូវមានទំនុកចិត្តលើខ្លួនឯង កុំភ័យ និយាយឱ្យបានល្អ។ នៅពេលគណៈកម្មការឃើញថា និស្សិតនោះមិនមានភាពភ័យខ្លាច ហើយពិតជាមានចិត្តចង់រៀន មានគោលដៅច្បាស់លាស់ នោះអាហារូបករណ៍គេនឹងមិនកំណាញ់នោះឡើយ៕