អាថ៌កំបាំង នាឡិកា Casio F-91W ទាក់ទងនឹងក្រុមភេរវករល្បីៗ យោធាប្រទេសកំពូលៗ និងបុគ្គលដឹកនាំ

  • 2021-08-25 08:39:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាឡិកា Casio F-91W ត្បិតថាមានរូបរាងសាមញ្ញអេក្រង់សខ្មៅមិនទំនើប ប៉ុន្ដែវាត្រូវបានប្រើប្រាស់យ៉ាងដោយក្រុមភេរវករជាច្រើន និងប្រើជាឧបករណ៍បំពាក់លើគ្រាប់បែកនាឡិកា។

មិនតែប៉ុណ្ណោះសូម្បីកំពូលមេដឹកនាំអាល់កៃដា លោក អូសាម៉ា បិនឡាឌិន និងអតីតប្រធានាធិបតី បារ៉ាក់ អូបាម៉ា មុនឡើងកាន់តំណែង ក៏ធ្លាប់ពាក់នាឡិកាជប៉ុន F-91W ដែលមានអាយុជិត៣០ឆ្នាំ នេះផងដែរ។

ក្រៅពីនេះ Casio F-91W ក៏ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយដោយ កងទ័ពប្រទេសសិង្ហបុរី នៅជំរុំហ្វឹកហាត់កងទ័ពអាកាសប្រទេសអាមេរិក និងកងទ័ពអាកាសរបស់ចក្រភពអង់គ្លេស ថែមទៀតផង។

មូលហេតុដែលធ្វើឱ្យ Casio F-91W ទទួលបានការពេញនិយម នោះក៏ព្រោះតែភាពធន់របស់វាមិនថាឡានកិន ដំនឹងញញួរ ធ្លាក់ចូលទឹកដាំពុះ វានៅតែដំណើរការបាន។ រីឯតម្លៃក៏សមរម្យ ក្រោម២០ដុល្លារប៉ុណ្ណោះ ថ្មកាន់បានប្រហែល៧ឆ្នាំ រួមទាំងមានមុខងារ stopwatch អាចបង្ហាញ time zone ពីរខុសគ្នា មានម៉ោងរោទ៍។

ព្រោះតែអត្ថប្រយោជន៍ដ៏ច្រើន ទើបនៅ ឆ្នាំ១៩៩៥ ភេរវករពីរនាក់ឈ្មោះ Murad និង Ramzi Yousef មានជំនាញបង្កើតគ្រាប់បែក បានប្រើនាឡិកា F-91W បំពាក់លើគ្រាប់បែក ដើម្បីបំផ្ទុះសម្លាប់ សម្ដេចប៉ាប Pope John Paul II ពេលទស្សនៈកិច្ចនៅប្រទេសហ្វីលីពីន។

មិនតែប៉ុណ្ណោះ នៅដើមឆ្នាំ១៩៩៤ Ramzi Yousef បានប្រើនាឡិកាដដែលបំពាក់លើគ្រាប់បែក ដើម្បីបំផ្ទុះជើងហោះហើរលេខ ៤៣៤ របស់ក្រុមហ៊ុនអាកាសចរណ៍ហ្វីលីពីន។ សំណាងដែរការផ្ទុះនេះមិនបានបំផ្លាញយន្តហោះទាំងស្រុង និងអាចចុះចតដោយសុវត្ថិភាពនៅក្នុងប្រទេសជប៉ុន។ ចាប់តាំងពីពេលនោះមក Casio F-91W ត្រូវបានពេញនិយមពីក្រុមភេរវករ។

Casio F-91W គឺជាឧបករណ៍មួយក្នុងចំណោមឧបករណ៍ដែលអាល់កៃដាចូលចិត្តបំផុត ដោយវាធ្លាប់ត្រូវបានគេចែកចាយឱ្យប្រើនៅក្នុងជំរុំបណ្តុះបណ្តាលនៅ ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន។

មិនទាន់អស់ទេ នៅឆ្នាំ១៩៩៩ លោក Ahmed Ressam ដែលគេស្កាល់ថាជាអ្នកបំផ្ទុះគ្រាប់បែកសហស្សវត្សរ៍ មានបំណងបំផ្ទុះព្រលានយន្តហោះ Los Angeles សហរដ្ឋអាមេរិក ត្រូវបានចាប់ខ្លួន ដោយមានគ្រាប់បែកចំនួន៤គ្រាប់លើខ្លួន សុទ្ធតែបំពាក់ដោយនាឡិកា F-91W រួចជាស្រេច។

នៅឆ្នាំ២០០២ ឯកសារសម្ងាត់មួយស្តីពីការឃុំខ្លួនយោធានៅ ឈូងសមុទ្រ Guantanamo នាប្រទេសគុយបា បានសរសេរថា អាជ្ញាធរប៉ាគីស្ថានបានរកឃើញ នាឡិកា Casio F-91W ចំនួន ៦០០-៧០០ នៅក្នុងឧបករណ៍បំផ្ទុះដែលបានរកឃើញនៅ ទីក្រុងការ៉ាជី ប្រទេសប៉ាគីស្ថាន។

រីឯ នៅឆ្នាំ២០១៥ Tariq al-Harzi ដែលជាយុទ្ធជនជាន់ខ្ពស់នៃក្រុមអាល់កៃដា ដឹកនាំក្រុមរដ្ឋអ៊ីស្លាម ត្រូវបានគេនិយាយថាបានបង្រៀនក្រុមភេរវករឱ្យបង្កើតប្រព័ន្ធបំផ្ទុះដោយប្រើ នាឡិកា Casio F-91W ថែមទៀតផង។

យ៉ាងណា នៅឆ្នាំ ២០១៥ ការបំផ្ទុះគ្រាប់បែកនៅទីសក្ការបូជា Erawan Shrine នាទីក្រុងបាងកក ប្រទេសថៃ ដែលបានសម្លាប់មនុស្ស ២០នាក់ និងរបួស ១២០នាក់ ក្រោយការស៊ើបអង្កេត ក៏គេឃើញមាននាឡិកា F-91W ៤គ្រឿង ជាមួយនឹងគ្រឿងផ្ទុះ ខ្សែភ្លើង ដែលរកឃើញនៅផ្ទះល្វែងមួយនៅជាយក្រុងរបស់ក្រុមបាតុករផងដែរ។

សរុបមក នាឡិកា Casio F-91W មានអាថ៌កំបាំងមិនធម្មតានោះទេ ទាក់ទងក្រុមបាតុករ រួមទាំងត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងអង្គភាពជាច្រើន។ រីឯការប្រើប្រាស់ទូទៅរបស់ប្រជាជនសព្វថ្ងៃវិញ អ្នកជំនាញជាច្រើននិយាយថា F-91W គឺជានាឡិកាដែលលក់ដាច់បំផុតក្នុងរយៈពេលដ៏យូរ ត្បិតមានអាយុកាលជាង ៣០ ឆ្នាំទៅហើយក្តី៕

ប្រភព៖ Zing   ប្រែ​សម្រួល៖ កុសល

អត្ថបទថ្មី