BTS និងក្រុមការងារ Big Hit ចាក់វ៉ាក់សាំងប្រឆាំងកូវីដរួចអស់ហើយ ដើម្បីត្រៀមចេញមុខសម្ដែងក្រៅប្រទេសវិញ

  • 2021-09-14 01:54:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផលិតកម្ម Big Hit Music បាន​បង្ហើប​ព័ត៌មាន​ថ្មី​ថា​ សមាជិក BTS ទាំង ៧នាក់ ក៏ដូចជាក្រុមការងារ​ទាំងអស់ បាន​ទទួលការ​ចាក់វ៉ាក់សាំងប្រឆាំងមេរោគ COVID-19 រួច​រាល់ចប់សព្វគ្រប់អស់ហើយ មុន​ការត្រៀម​ខ្លួន​ត្រឡប់មក​វិញសម្រាប់​ការងារ​ចេញ​មុខខ្នាតអន្តរជាតិ។

ផលិតកម្មយក្សរបស់កូរ៉េ​មួយនេះ​បាន​ប្រកាសព័ត៌មាន​នេះ​ជាមួយនឹង​វិបសាយ Newsen មុនពេល​ជំនួបរបស់ BTS ជាមួយនឹង​ប្រធានាធិបតីកូរ៉េខាងត្បូងនៅ​សេតវិមាន Blue House នៅថ្ងៃនេះ (ថ្ងៃទី១៤ ខែកញ្ញា) ដោយ​បាន​ឲ្យដឹងថា៖

«ការចាក់វ៉ាក់សាំង ត្រូវ​បាន​ធ្វើឡើងមុនពេល​ ក្រុម​ចេញ​សកម្មភាពការងារផ្សព្វផ្សាយពិសេសផ្សេងៗ ក៏ដូចជាការងារក្រៅ​ប្រទេស​ទាំងអស់ផងដែរ។

យើងកំពុង​រៀបចំសម្រាប់កាលវិភាគការងារ​ថ្មី និង​ប្រភេទនៃ​ការ​សម្ដែង។ នៅពេល​ដែល​គម្រោង​ត្រូវ​បាន​សម្រេច​ និងបញ្ជាក់ច្បាស់ហើយ យើង​នឹង​ជូន​ព័ត៌មានជា​បន្តបន្ទាប់ទៀត»។

សម្រាប់​វ៉ាក់សាំងត្រូវបាន​ផ្ដល់ជូនចំពោះ​ក្រុមការងារ​ទាំងអស់របស់ HYBE ក៏ដូចជា​សមាជិក BTS។ ស្របពេលនេះ​ Big Hit Music បាន​ពិភាក្សា ពិគ្រោះគ្នាអំពីការសម្ដែងក្រៅប្រទេសម្ដង ប៉ុន្តែ​មិនទាន់មាន​អ្វីត្រូវ​បាន​សម្រេច​ច្បាស់​នៅ​ឡើយទេ អាស្រ័យ​លើ​ស្ថានភាព​ COVID-19 នៅ​តែ​មាន​ភាពប្រែប្រួល​ឥតឈប់។

ដោយឡែក​ដោយសារ BTS និង​ក្រុមការងារ​ទាំងអស់ ត្រូវ​បាន​ទទួល​យក​ការចាក់វ៉ាក់សាំងគ្រប់ដូស នៅ​កូរ៉េ ដូច្នេះ​ពួកគេ​ក៏មិនចាំបាច់ធ្វើចត្តាឡីស័ក ២សប្ដាហ៍ដែរ ពេល​ចេញ​ចូល​ប្រទេស​កូរ៉េ ប៉ុន្តែជំនួសមក​វិញ ពួកគេ​នឹង​ត្រូវ​ធ្វើតេស្តរហ័ស COVID-19 និង​ត្រូវធ្វើចត្តាឡីស័កដដែល រហូតដល់លទ្ធផល​ចេញមក​សិន គឺជាទូទៅមានរយៈពេល ២៤ម៉ោង។

មួយវិញ​ទៀត BTS គ្រោង​នឹង​ចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៥ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៧ ខែកញ្ញានេះ ហើយវា​ក៏នឹង​ក្លាយជា​លើកទី ៣​របស់​ពួកគេ​ក្នុង​ការ​ចូលរួម​ព្រឹត្តិការណ៍សំខាន់បែប​នេះ៕​

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ យី សុធារី