សៀមរាបផ្ទុះឆ្លងមិនចេះចប់ ពេលនេះអភិបាលខេត្តប្រើធម៌ក្ដៅ ផាកពិន័យ ដាក់ទោសតាមច្បាប់ លើអ្នកហាមមិនស្ដាប់ហើយ

  • 2021-09-15 04:29:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

«ទៅមុខមិនរួច! ក្នុងកាលៈទេសៈដ៏លំបាកនេះហើយ បងប្អូនប្រជាពលរដ្ឋមួយចំនួននៅតែប្រហែស ខ្វះការប្រុងប្រយ័ត្ន បំពាន និងមិនមានការស្វែងយល់ពីហានិភ័យនៃជំងឺកូវីដ-១៩។ អាជ្ញាធរយើងខ្ញុំ បានខិតខំណែនាំហើយ ណែនាំទៀត អង្វរផង និងអំពាវនាវផង បងប្អូនប្រជាពលរដ្ឋមួយចំនួននៅតែមិនស្តាប់ មិនចូលរួម ។ ខ្ញុំត្រូវបង្ខំចិត្ត អោយក្រុមការងារចាត់វិធានការចំពោះបងប្អូនមួយចំនួននេះ ក្នុងការផាកពិន័យ និងដាក់ទោសតាមច្បាប់»។ នេះបើតាមប្រសាសន៍របស់លោកអភិបាលខេត្តសៀមរាប ទៀតសីហា នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១នេះ។

ឯកត្តមថ្លែងយ៉ាងដូច្នេះ ស្របពេលស្ថានភាពជំងឺកូវីដ១៩ នៅក្នុងខេត្តសៀមរាបកំពុងបន្តរីករាលដាលក្នុងកម្រិតគួរឲ្យបារម្ភ ដោយហេតុអាជ្ញាធរខេត្តសម្រេចឈានដល់ការដាក់ចេញបម្រាមរដ្ឋបាល និងកំណត់ភូមិសាស្ត្រមួយចំនួនជាតំបន់លឿងទុំ បិទបម្រាមគោចរណ៍ និងផ្អាកអាជីវកម្មមួយចំនួនផងដែរ ក្នុងន័យទប់ស្កាត់ការឆ្លងរីករាលដាលក្នុងសហគមន៍កាន់តែខ្លាំង។

សូមបងប្អូនប្រជាពលរដ្ឋ កុំឆ្លៀតធ្វើអ្វីដែលខុសពីការណែនាំ ព្រោះ៖

-បងប្អូនអាចប្រឈមនឹងផ្លូវច្បាប់

-បងប្អូនអាចត្រូវបិទ អាជីវកម្ម បិទហាង បាត់បង់ការងារ

-បងប្អូនអាច ឆ្លងកូវីដ-១៩ និងនាំយកជំងឺចូលផ្ទះ ឆ្លងដល់ ប្តីប្រពន្ធ ឆ្លងដល់កូន ឆ្លងដល់ ឪពុកម្ដាយ ដែលចាស់ជរា

-បងប្អូននឹងអាចធ្វើអោយបាត់បង់សមាជិកក្រុមគ្រួសារ ដោយសារតែទប់ចិត្តមិនបាន ជុំគ្នាផឹក សប្បាយក្នុងមួយគ្រា។

ឯកឧត្តមអភិបាលខេត្ត បានអំពាវនាវអង្វរម្តងទៀតដល់បងប្អូនប្រជាពលរដ្ឋ សូមចូលអនុវត្ត គ្រប់គ្រងកូនចៅឲ្យបានល្អ បើមិនមានការចាំបាច់ កុំចេញពីផ្ទះ ដើម្បីសុវត្ថិភាព ដោយផ្អាកការប្រមូលផ្តុំ ការជួបជុំ ផឹកស៊ី និងសកម្មភាពទាំងឡាយដែលផ្ទុយពីវិធានការការពាររបស់ក្រសួងសុខាភិបាល៕

អត្ថបទដោយ ៖ Su In