Metfone ដាក់ឲ្យប្រើលេខកូដ 1200 សម្រាប់អតិថិជនពិនិត្យ និងផ្ដាច់សេវាកម្មដែលមិនត្រូវការ
- 2021-09-15 09:49:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Metfone ដាក់ឲ្យប្រើលេខកូដ 1200 សម្រាប់អតិថិជនពិនិត្យ និងផ្ដាច់សេវាកម្មដែលមិនត្រូវការ
ចន្លោះមិនឃើញ
មិត្តហ្វូន ដែលជាក្រុមហ៊ុនផ្ដល់សេវាទូរគមនាគមន៍និង ICT ឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា កាលពីពេលថ្មីៗនេះ បានប្រកាសដាក់ឲ្យអតិថិជនរបស់ខ្លួនប្រើប្រាស់លេខកូដពិសេស *1200# ដើម្បីអនុញ្ញាតឲ្យអតិថិជនត្រួតពិនិត្យនិងកាត់ផ្ដាច់កញ្ចប់សេវាកម្មនានាដែលមិនត្រូវការ នៅក្នុងគណនីទូរសព្ទរបស់ខ្លួន។
បើតាមការឲ្យដឹងពីក្រុមហ៊ុន វិធានការនេះអនុលោមទៅតាមការណែនាំរបស់និយ័តករទូរគមនាគមន៍កម្ពុជា ដែលបានណែនាំឲ្យប្រតិបត្តិករសេវាទូរសព្ទទាំងអស់នៅកម្ពុជា បង្កើត និងដាក់ឲ្យប្រើប្រាស់នូវលេខកូដពិសេស *1200# ដើម្បីឲ្យអ្នកប្រើប្រាស់សេវាទូរសព្ទអាចពិនិត្យនិងកាត់ផ្ដាច់នូវកញ្ចប់សេវាកម្មនានាដែលពួកគេមិនត្រូវការ។
លោក ញ៉ុង ឌិនថន អគ្គនាយករងក្រុមហ៊ុន មិត្តហ្វូន បានមានប្រសាសន៍ថា៖ «ក្រុមហ៊ុនមិត្តហ្វូនបានដាក់ឲ្យអតិថិជនប្រើប្រាស់នូវលេខកូដពិសេស ចំនួន ៣ គឺ *1200#, *1201# និង *1202# ដើម្បីអនុវត្តតាមគោលការណ៍ណែនាំរបស់និយ័តករទូរគមនាគមន៍កម្ពុជា»។ លោកបានបញ្ជាក់ថា៖ «លេខកូដ *1200# គឺសម្រាប់ឲ្យអតិថិជនពិនិត្យមើល និងលុបចោលនូវកញ្ចប់សេវាកម្មនានាដែលខ្លួនមិនត្រូវការ ចំណែកឯលេខកូដ *1201# គឺសម្រាប់ឲ្យអតិថិជនពិនិត្យមើលទឹកប្រាក់ដែលនៅសល់ក្នុងគណនីរបស់ខ្លួន និងលេខកូដ *1202# សម្រាប់ឲ្យអតិថិជនពិនិត្យព័ត៌មានអំពីស៊ីមកាតលេខទូរសព្ទរបស់ពួកគាត់»។
និយ័តករទូរគមនាគមន៍កម្ពុជា (TRC) ដែលជាសេនាធិការរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍នៃព្រះរាជាណាចក្រកម្ពុជា កាលពីពេលកន្លងមក បានបង្កើតលេខកូដពិសេស *1200# និងបានណែនាំឲ្យប្រតិបត្តិករប្រព័ន្ធទូរសព្ទចល័តនៅក្នុងស្រុក ដាក់ឲ្យអតិថិជនប្រើប្រាស់លេខកូដពិសេសនេះ ដើម្បីអនុញ្ញាតឲ្យពួកគេពិនិត្យ និងលុបចោលនូវកញ្ចប់សេវាកម្មណាដែលពួកគេមិនត្រូវការ។ ការណែនាំនេះបានធ្វើឡើងបន្ទាប់ពីមានការត្អូញត្អែរពីសំណាក់អ្នកប្រើប្រាស់អំពីការកាត់ប្រាក់ថ្លៃសេវានានាដោយមិនបានឲ្យពួកគេដឹងមុនពីសំណាក់ប្រតិបត្តិករមួយចំនួន ។
បន្ទាប់ពីមានការណែនាំនេះពីនិយ័តករទូរគមនាគមន៍កម្ពុជា ក្រុមហ៊ុន មិត្តហ្វូន ដែលជាតួអង្គសំខាន់មួយនៅក្នុងវិស័យទូរគមនាគមន៍នៅកម្ពុជា បានចាត់វិធានការជាច្រើន ក្នុងនោះរួមទាំងវិធានការដែលតម្រូវឲ្យបុគ្គលិក ភ្នាក់ងារលក់ និងដៃគូទាំងអស់របស់មិត្តហ្វូន ធ្វើបច្ចុប្បន្នភាពព័ត៌មានអតិថិជនឲ្យបាន ១០០% នៅមុនពេលធ្វើការលក់ដូរស៊ីមកាត ។
គួរបញ្ជាក់ថា មិត្តហ្វូន បានចូលមកវិនិយោគនិងដំណើរការអាជីវកម្មនៅក្នុងប្រទេសកម្ពុជា អស់រយៈពេលជាង ១ទសវត្សរ៍មកហើយ ហើយសព្វថ្ងៃ បានក្លាយជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនឈានមុខគេក្នុងការផ្ដល់សេវាកម្មទូរគមនាគមន៍និង ICT នៅក្នុងប្រទេសកម្ពុជា ៕