ចៀសវាងរឿង ៣ យ៉ាងនេះក្នុងពេលភ្ជុំបិណ្ឌដើម្បីកុំឲ្យនាំរឿងមិនល្អដល់ខ្លួន

  • 2021-09-26 09:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិធីបុណ្យភ្ជុំបិណ្ឌគឺជាពិធីដ៏សំខាន់មួយក្នុងចំណោមពិធីបុណ្យផ្សេងៗទៀតដែលមាននៅក្នុងប្រទេសយើង។ ជារៀងរាល់ឆ្នាំនៅពេលដល់ថ្ងៃខែដែលត្រូវប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌគ្រប់បងប្អូនកូនចៅ សាច់ញាតិសន្ដានទាំងអស់ទោះនៅទីជិត ឬទីឆ្ងាយតែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេសគឺឪពុកម្ដាយដើម្បីរៀបចំម្ហូបអាហារ បាយសម្ល ចង្ហាន់ជូនពួកគាត់នឹងយកទៅប្រគេនព្រះសង្ឃដែលគង់នៅក្នុងវត្តអារាម។

បុណ្យភ្ជុំបិណ្ឌត្រូវបានធ្វើឡើងតាមបែបព្រះពុទ្ធសាសនា ដូច្នេះប្រជាជនខែ្មរតែងតែចងចាំនិងយល់គ្រប់ៗគ្នាថា “បុណ្យភ្ជុំបិណ្ឌ” គឺជាការធ្វើបុណ្យដាក់បិណ្ឌដើម្បីឧទ្ទិសកុសលជូនដល់សាច់ញាតិសន្តានទាំងឡាយណាដែលបានចែកឋានទៅ។ វាគីជាពិធីបុណ្យដែលមានរយះពេលយូរជាងគេដែលប្រជាជនកម្ពុជានាំគ្នាប្រារព្ធវាឡើងមិនដែលអាក់ខាន់ឡើយក្នុងមួយឆ្នាំម្ដង។

ការជួបជុំអាចជារឿងដែលធ្វើឲ្យអ្នកសប្បាយចិត្ត ប៉ុន្តែអ្នកក៏ត្រូវដឹងនឹងមានការប្រុងប្រយ័ត្នខ្ពស់អំពីផលប៉ះពាល់មួយចំនួនដែលអាចនឹងកើតឡើង។ ដូច្នេះមានរឿងបីយ៉ាងដែលអ្នកមិនគួរធ្វើវាឡើយ ពីព្រោះវាអាចនាំរឿងអាក្រក់ដល់ខ្លួននឹងក្រុមគ្រួសារក្នុងពេលកាន់បិណ្ឌនេះ៖

១. កុំទៅកន្លែងដែលមានមនុស្សច្រើនកុះករ ទោះបីនៅក្នុងកាលៈទេសៈណាក៏ដោយ ការទៅផ្សារ ការយកចង្ហាន់ទៅវត្ដ អ្នកត្រូវប្រកដថាអ្នកបានរក្សាគំលាតសុវត្ថិភាពយ៉ាងហោចណាក៏មួយម៉ែត្រកន្លះដែរ ដើម្បីការពារខ្លួនពីការឆ្លងជំងឺរាតត្បាតកូវីដដោយសារអ្នកមិនបានដឹងថាមនុស្សទាំងនោះមកពីណាខ្លះទេ ឬក៏បានទទួលបានការចាក់វ៉ាក់សាំងហើយឬនៅ។

២. កុំឲ្យសោះការជុំគ្នាផឹកស៊ីជាមួយមិត្តចាស់ឬអ្នកជិតខាង ជាធម្មតាអ្នកនឹងអង្គុយជិតៗគ្នា ទោះបីមនុស្សតិចឬច្រើនក៏ដោយ ហើយអ្វីដែលសំខាន់នោះអ្នកមិនបានដឹងឡើយថាពួកគេបានទៅកន្លែងដែលប៉ះពាល់ជំងឺកូវីដឡើយ ជាពិសេសនៅពេលស្រវឹងអ្នកនឹងភ្លេចការការពាររហូតដល់ចាប់ដៃឬឱបគ្នានឹងការញ៉ាំគ្រឿងក្លែមលាយឡំគ្នា។ អ្នកគួរធ្វើវាតែជាមួយសមាជិកគ្រួសារអ្នកបានហើយ។

៣. កុំទៅណាមកណាដោយមិនពាក់ម៉ាសនឹងប្រើអាកុលបាញ់ ទោះបីអ្នកឋិតនៅក្នុងកាលៈទេសៈណាក៏ដោយ ឬការធ្វើដំណើរទៅទីណាមួយថ្មីក្រៅពីផ្ទះរបស់អ្នក បើអ្នកមិនការពារនោះទេអ្នកអាចឆ្លងមេរោគនេះបានដោយងាយចំពោះខ្លួនឯង ទៅកាន់គ្រួសារនឹងអ្នកដទៃទៀត។ ហើយអ្នកប្រហែលជាត្រូវបានផាកពិន័យដោយសារវាជាច្បាប់សម្រាប់មនុស្សម្នាក់ៗត្រូវអនុវត្តធ្វើ។

ការរួមគ្នារក្សាអនាម័យតាមវិធីសាស្ត្រងាយៗដូចជាវិធានការ ៣កុំ ៣ការពារ ដែលអាចបញ្ចៀសលោកអ្នកពីការឆ្លងមេរោគបាន។ ក្នុងនោះផងដែរការលាងដៃឲ្យបានស្អាតជាមួយសាប៊ូ ឬអាកុលជាវិធីចម្បងមួយក្នុងការរក្សាអនាម័យផ្ទាល់ខ្លួនដែលត្រូវបានណែនាំដោយអង្គការសុខភាពពិភពលោក។ ដោយសារតែបញ្ហាកូវីដនូវមិនទាន់បានធូរស្បើយនៅឡើយទេ ដូច្នេះអ្នកត្រូវតែព្យយាមកុំធ្វើរឿងទាំងបីខាងលើនេះដើម្បីការប្រយ័ត្នជានឹងការការពារសម្រាប់ខ្លួនឯងផង និងសម្រាប់ក្រុមគ្រួសារផងនៅក្នុងរដូវភ្ជុំបិណ្ឌខាងមុននេះ៕

ប្រភពរូបភាព៖ Pinterest

ចុចអានបន្ត៖

អត្ថបទ៖ Chrel Den

អត្ថបទថ្មី