នេះហើយប្រេតទាំង ១២ប្រភេទ រស់រងវេទនាក្រៃលែង មកពីអំពើបាបកម្មដែលខ្លួនបានសាងកាលនៅរស់

  • 2021-09-21 04:47:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​គម្ពីរ​សំ​យុត្ត​និកាយ ដែលជា​គម្ពីរ​ក្នុង​ព្រះ​ត្រៃបិដក បាន​និទាន​ថា ប្រេត​មាន ១២ ប្រភេទ​។ ប្រេត​ទាំងនោះ គឺមាន​រូបរាង​អាក្រក់​ផ្សេងៗ​ពីគ្នា អាស្រ័យ​មកពី​អំពើ​បាបកម្ម ដែល​ខ្លួន​បាន​សាង​ពី​ជាតិ​មុន​មក​។ ប្រេត​ទាំង​១២​ប្រភេទ​នោះ​មាន​ដូចតទៅ​៖

ប្រភេទ​ទី ១. វន្តា​សប្រេត​

​វន្តា​សប្រេត គឺ​ប្រេត​ស៊ី​របស់​ដែល​គេ​ខ្ជាក់​ចេញ​ហើយ ។ ប្រេត​នេះ​មាន​ភ្នែក​ក្រ​លួង មាន​មុខក្រញូវ ដុះ​រោម​ច្រើន​ស​ម្រ៉ូ​វ មាត់​រៀចកំ​ប៉ូវ ខ្នង​កោង​កំពួរ សក់រួញ​ក្រញង់ ដោះ​ប៉ោង ខ្លួន​ធំក្លិន​ខ្មួរ ដៃជើង​ក្រញង់ ធ្មេញ​ដុះ​ខុស​ជួរ មាន​រូបរាង​ខ្ពស់​ជង្គ្រោង ស្គម​ដូច​កុក​គ្រោង ដំបៅ​ពេញ​កាយ រាប់រយ​លាន​ឆ្នាំ​មិនដែល​ស្គាល់​បាយ ស៊ី​តែ​កំហាក ដែល​ស្តោះ ចេញពី​មាត់​គេ ។ ចំពោះ​ប្រេត​ទាំងនេះ មកពី​មិនបាន​ធ្វើបុណ្យ​ដោយ​ចិត្ត​ជ្រះថ្លា ស្តោះដាក់​អាហារ​ឱ្យ​អ្នកមាន​សីល​ខ្ពស់។​

ប្រភេទ​ទី ២កុណ​បាស​ប្រេត​កុណ​បាស​ប្រេត (​ឬ​កុណ​បា​)

ប្រេត​ដែល​ស៊ី​សាកសព ។ ប្រេត​នេះ​មាន​ពោះ​ធ្លាក់​ត្រ​យោ​ក មុខ​ខ្លី​កំប៉ុក ភ្នែក​ប៉ុន​ត្រ​ឡោក ចង្កា​យា​ស្ពោ​ក ធ្មេញ​ធំ​ប៉ុន​ដប សក់វែង​អូស​ដី ចម្រុះ​ខើច​ខ្លី ក​ស្តួច​ដូច​ដប ក្បាល​ធំ​ជាង​ខ្លួន​មិន​សមប្រកប​។ ធុំក្លិន​ស្អុយ​អសោច ស៊ី​តែ​សព​ខ្មោច​។ ប្រេត​នេះ​អត់បាយ​រាប់​កោដិ​ឆ្នាំ ស៊ី​តែ​ខ្ទុះ​ឈាម​នៃ​សាកសព​ខ្មោច ឥត​បាន​ប្រយោជន៍​ទេ បើ​ស៊ី​ណាស់ កាន់តែ​ឃ្លាន​ណាស់ ព្រោះ​មាន​ផលកម្ម​ចាស់​ដែល​ខ្លួន​បាន​សាង​ឡើង​។​

​ប្រភេទ​ទី ៣. គូថ​ខាទ​ក​ប្រេត​

​គូថ​ខាទ​ក​ប្រេត (​ឬ​គូ​ថៈ​) ប្រេត​ដែល​ស៊ី​ឧច្ចារៈ​(​លាមក​)​។ ប្រេត​នេះ​មាន​ភ្នែក​រិល​ទទឹង មាត់​ខើច​សំ​ញេញ ដុះ​រោម​ជិត​ឈឹង ច្រមុះ​ត្រង់ភ្លឹង ក​ខ្លី​ដូច​ហ៊ីង​។ ក្បាល​ធំ​ក្រ​មាង សក់​ដុះ​ខាងៗ កណ្តាល​រលីង ស្លឹកត្រចៀក​កំប៉ិត ពោះធំ​កំភ្លឹង រូបរាង​ស្គមកំព្រឹង ស៊ី​តែ​លាមក ក្លិនស្អុយ​ខ្មោះៗ សាច់​ស្រែង​កក្រោះ ដៃជើង​ធំៗ ខំ​ដើរ​ស្កាត់រក​គំនរ​លាមក​ធ្វើ​ចំណី​។ ចំពោះ​ប្រេត​នេះ គឺ​រស់នៅ​របៀបនេះ​រាប់រយ​កោដិ​ឆ្នាំ រស់​ដោយ​ផលកម្ម គឺ​ពៀរ​វេរា​ពី​ជាតិ​មុន ជា​ជនពាល​អត់​មាន​សទ្ធា កោងកាច​អប្រិយ។​

ប្រភេទ​ទី ៤. អគ្គិ​ជាល​មុខ​ប្រេត​

អគ្គិ​ជាល​មុខ​ប្រេត ប្រេត​ដែលមាន​ភ្លើង​នៅក្នុង​មាត់ ។ ប្រេត​នេះ​ហៅថា អគ្គិ​ជាល មាន​ភ្លើង​ឆេះ​រោលរាល​ពេញ​ខ្លួនប្រាណ ភ្នែក​ហើ​មលៀន ភ្លើង​ឆេះ​រន្ធ​មាត់ មាន​ដំបៅ​ខ្លាំង ស្រែកយំ គ​គ្រក់ ហុយផ្សែង​ព័ន្ធ​ព័ទ្ធ​សាច់​ស្បែក​ឡើង​រលួយ ភ្លើង​ឆេះ​ទាំងយប់​ទាំង​ថ្ងៃ ។ ពួក​ប្រេត​នេះ​គឺ​ចង្រៃ ព្រោះ​មានកម្ម​សាង​ពី​ជាតិ​មុន គឺជា​មនុស្ស​ប៉ោឡែ លេង​នឹង​ព្រះសង្ឃ​បញ្ឆោត​លេង​សប្បាយ ។ ប្រេត​នេះ​ច្រើនតែ​រស់នៅ​ដងព្រៃ​ជ្រៅ ក្បែរ​មាត់សមុទ្រ លើ​ដុំ​សិលា ស្រេកឃ្លាន​អាហារ ស្រេកទឹក​ពុំ​អាច​ស៊ី​ចំណី​បាន។​

ប្រភេទ​ទី ៥. សូចិ​មុខ​ប្រេត​

​សូចិ​មុខ​ប្រេត ប្រេត​ដែលមាន​មាត់​ប៉ុន​ម្ជុល​។ ប្រេត​ឈ្មោះ សុ​ចិ មុខមាត់​ស្រួច​ដូច​ម្ជុល ក្បាល​ធំ​ត្រមែង រន្ធ​មាត់​ប៉ុន​រន្ធ​ក្តិត​ម្ជុល ដៃជើង​ធំ​បែក រាង​ទុល​មុលធំ​ប៉ុន​ភ្នំ ភ្នែក​លៀន​ក្រ​ឡោក ក្រចកដៃ​សោត​ស្រែង​ស៊ីសុះ​ដុំ ដុះ​វែង​ក្រាស​ចោទ​ដូច​ជើងភ្នំ សក់​ក្បាល​ពុកមាត់ពុកចង្កា​ដុះ​ដូច​ព្រឹក្សា ។ ពួក​ប្រេត​នេះ ច្រើន​រស់នៅ​បព្វ​តា​ព្រៃ​ជ្រៅ ភ្នំ​គិ​ជ្ឈ​កូដ ហើយ​ប្រេត​នេះ​ស្រេកឃ្លាន​អាហារ​ចាក់ទឹក​មិន​ចូល ញាត់​បាយ​មិន​ទៅ ចេះតែ​រស់នៅ​ដោយ​ផលកម្ម​ដែល​ខ្លួន​បាន​សាង ។ កាលពី​ជាតិ​មុន​មិនបាន​ធ្វើបុណ្យ​មានទ្រព្យ​ច្រើនតែ​ចិត្ត​កំណាញ់ មិន​ដាក់​ទាន​ឲ្យ​អ្នកក្រខ្សត់ សូម្បីតែ​មាតាបិតា ក៏​មិនឲ្យ​លោកពិសា​គ្រប់​ដែរ។

​ប្រភេទ​ទី ៦. ត​ណ្ហ​ដ្តិត​ប្រេត​

​ត​ណ្ហ​ដ្តិត​ប្រេត ប្រេត​ដែល​ត្រូវ​សេចក្តី​លំបាក​បៀតបៀន ។ ប្រេត​មាន​រូបរាង​ធំ​ខ្ពស់​ពេញចិត្ត ដៃជើង​ធំៗ ខ្លួន​ធំ​ដូច​យក្ស​សាច់​ពព្លាក់​ពពាល ឡើង​ចាង ក​វែង ក្បាល​ផ្អៀង ភ្នែក​ស្រលៀង ច្រមុះ​ធំ​ខ្លី រោម​ដុះ​ស្រ​មាង ដៃជើង​ក្រញាង ធ្មេញ​សំញេញ បបូរមាត់​ស្ពែះ​យា​ធ្លាក់​សំយែះ ពោះ​ប៉ោង​ក្រអាញ ធំ​វែង​ដូច​ភ្នំ សាច់​ស្បែក​ស្ពោត​សាញ ដុះ​ស្លែ​ស្រមាញ ។ ប្រេត​នេះ​ច្រើន​រស់នៅ​ក្នុងព្រៃ​ជ្រៅ​ដាច់​ពី​គេឯង ហើយ​ស្រេកឃ្លាន​អាហារ ព្រោះ​ស៊ី​មិនបាន ស្រេកទឹក​ខ្លាំងណាស់ ឃើញ​បឹង​ស្រះ​ស្ទុះ​ទៅរក ប៉ុន្តែ​បានប្រែក្លាយ​ទៅជា​គ្រួស​ថ្ម​ទៅវិញ។​

ប្រភេទ​ទី ៧. សុនិ​ជ្ឈាម​ក​ប្រេ​ត​

​សុនិ​ជ្ឈាម​ក​ប្រេ​ត ប្រេត​ដែល​ត្រូវ​ឆេះ​ខ្មៅ​ដូច​គល់ឈើ ។ ប្រេត​នេះ​គឺមាន​កម្មក្រាស​ណាស់ បើ​មាន​ចំណី​គឺ​ពុំ​អាច​ស៊ី​បានទេ គឺ​មាត់​ដុះ​កន្ទុយ ចំពោះ​រូបរាង​វិញ​គឺ​រូបរាង​អាក្រក់ ពោះ​ប៉ោង​កំប៉ិត ផ្ចិត​ទុល​លៀន ស្អុយ ច្រមុះ​កញ្ឆា​ត ភ្នែក​ដូច​ទី​ទុយ ដុះ​រោម​ច្រើន មាត់​ស្អុយ​ខ្មូរ​ខ្មោះ សាច់​ខ្មៅក្រងិត រាង​ខ្ពស់​ស្គម​ស្វិត ដៃជើង​ក្រោះ ម្រាមដៃ​ដុះ​ចង្កា ។ ត្រចៀក​បាក់​ធ្លាក់​យាដា​បដ​ល់ស្មា សក់​ក្បាល​វែង​ស្កា អាក្រក់​ពេក​ក្រៃ ។ ប្រេត​នេះ​ច្រើន​រស់នៅ​ក្នុងព្រៃ​ជ្រៅ​ឆ្ងាយ​ដាច់​ពី​គេ ឬ​នៅលើ​កោះ​តែម្នាក់ឯង ព្រោះ​ខ្លួន​ចង្រៃ​ប្រព្រឹត្ត​តក់​ម៉ក់​ពេល​ឃើញ​សា​មណៈ ឬ ស្មូម​យាចក ប្រើពាក្យ​អាក្រក់​ជេរ​ស្តីឲ្យ​លោក និយាយ​ពាក្យចាក់ដោត​ឡកឡឺយ បញ្ឆោត​អ្នកមាន​សីល​ឲ្យ​អាប់​កិត្តិយស។​

​ប្រភេទ​ទី ៨. ស​ត្ថ​ង្គ​ប្រេត​

​ស​ត្ថ​ង្គ​ប្រេត ប្រេត​មាន​ក្រចក​ដូច​កាំបិត ។ ប្រេត​ប្រភេទ​នេះ មាន​ដំបៅ​ពេញ​រាងកាយ​ក្នុង​សាច់​សុទ្ធតែ ពង​រុយ មាន​ខ្ទុះ​ពាសពេញ​ខ្លួនប្រាណ ក្លិន​ស្អុយគគ្រុក ភ្នែក​ធំ​លៀន ច្រមុះ​ធំ​វែង ពោះ​ធ្លាក់​ទ្រ​យុក ស្រែកថ្ងូរ​រង​ទុក្ខ ដោយមាន​សេចក្តីស្រេកឃ្លាន ខំ​យកដៃ​ខ្វារ​ពាសពេញ​ប្រាណ ក្រចក​វែង​មុត ខ្វេះ​ហែក​សាច់​បាន​គឺ​សាច់​ខ្លួនឯង យកមក​ស៊ី​ជា​អាហារ ប៉ុន្តែ​បើ​ស៊ី​ណាស់ រឹតតែ​ឃ្លាន ព្រោះ​វា​មាន​កម្មក្រាស់​ណាស់​។ នៅក្នុង​ព្រៃ​ជៅ​លើ​កោះ ក៏មាន​ច្រើនណាស់ គ​គោក​រាប់ម៉ឺន​សែន​លាន កាលពី​ជាតិ​មុន​អត់​បាន​ធ្វើបុណ្យ​មានចិត្ត​កាច​។ ប្រេត​នេះ​ច្រើន​រស់នៅ ឫស្យា ហាម​ប្រកែក​ជាមួយ​ម៉ែឪ ព្រមទាំង​វាយ​គាត់ ប្រើពាក្យ​ប្រមាថ​ជីដូន​ជីតា ឬ ញាតិ​សន្តាន បំភ្លេច​គុណ​គេ​បែរជា​ឲ្យ​ទោស​គេ​ទៅវិញ។​

ប្រភេទ​ទី ៩. បព្វ​ត​ង្គ​ប្រេ​ត​

បព្វ​ត​ង្គ​ប្រេ​ត ប្រេត​មាន​កាយ​ដូច​ភ្នំ ។ ប្រេត​ប្រភេទ​នេះ មាន​ដៃខ្លី​ជើង​ខ្លី ខ្លួន​វែង​ជ្រ​ងក់ ធំ​ខ្ពស់ ដូច​ភ្នំ ក្បាល​តូច ក​ខ្លី សាច់​រឹង​ដូច​ដំរី ចំពោះ​ខ្លួនប្រាណ​វិញ គឺមាន​ភ្លើង​ឆេះ​រងំ ឆេះ​ទាំងយប់​ទាំង​ថ្ងៃ ដូច​ភ្លើង​ឆេះ​ភ្នំ ស្រេកឃ្លាន​អាហារ​រាប់​កោដិ​ឆ្នាំ ឃ្លាន​ឥតមាន​ស្រា​ក តែ​មិន​ស្លាប់ ព្រោះ​បានធ្វើ​បាបកម្ម​ច្រើន​និង​ទ្រាំ​រស់នៅ​បែប​ប​នេះ​រាប់រយឆ្នាំ​ទៀត​លុះ​អស់កម្ម​ពៀរ ។ ប្រេត​នេះ​ច្រើន​រស់នៅក្នុង​ដងព្រៃ​ជ្រៅ​នា​ហេមពាន្ត ភ្នំ​គិ​ជ្ឈ​កូដ​។ កាលពី​ជាតិ​មុន​គឺ​មនុស្ស​ទុរជន មានចិត្ត​រឹងរូស ចងគំនុំ ឈ្លោះប្រកែក​និង​តាម​ព្យាបាទ​គេឯង ឥត​កោតក្រែង​អំពើអាក្រក់​ដែល​ខ្លួន​បាន​សាង។​

ប្រភេទ​ទី ១០. អ​ជគ​រង្គ​ប្រេត​

​អ​ជគ​រង្គ​ប្រេត ប្រេត​មាន​កាយ​ដូច​ពស់ថ្លាន់ ។ ប្រេត​ប្រភេទ​នេះ មាន​ក្បាល​ច្រើន​ប្រភេទ​ដូចជា​ពស់ថ្លាន់ សត្វ​ខ្លា ជា​ឆ្មា គោ ក្របី ប្រេត​នេះ​ចម្លែក​មាន​រូបរាង​ប្លែក​ខុស​ប្រក្រតី ខ្លួន​ជា​ពស់ថ្លាន់ ធំ​វៀន​លើដី ធំ​វែង​ដូច​ភ្នំ ។ ភ្លើង​ឆេះ​ព័ទ្ធ​រុំ​ទាំងយប់​ទាំង​ថ្ងៃ ស្រេកឃ្លាន​អាហារ​គ្រប់ពេលវេលា ចេះតែ​ថ្ងូរ​ស្រែក ទុក្ខ​ខ្លាំងពេក​ក្រៃ ។ ប្រេត​នេះ​ច្រើន​រស់នៅ​ក្នុងព្រៃ​ជ្រៅ ឬ បុព្វ​តា ក្បែរ​សមុទ្រ លើ​ដុំ​សិលា ។ ប្រេត​នេះ​ពី​ជាតិ​មុន​មិនបាន​ធ្វើបុណ្យ ប្រព្រឹត្ត​ប៉ោឡែ មិន​ខ្លាច​ម៉ែ ឪ ជីដូន ជីតា ជេរ​អ្នកមានគុណ​ថា​ឆ្កែ​ជា​ឆ្មា ។ ចំពោះ​ព្រះសង្ឃ ក៏​មិន​ខ្លាច ប្រើពាក្យ​ប្រមាថ​ទៅទៀត ទើប​ធ្វើឲ្យ​ប្រេត​នេះ មាន​ក្បាល​ច្រើនបែប​នេះឯង មាន​ភ្លើង​គ្រប់ពេលវេលា​បែបនេះ។

​ប្រភេទ​ទី ១១. វិមាន​ក​ប្រេត​

​វិមាន​ក​ប្រេត ប្រេត​មាន​វិមាន​នៅ ។ ប្រេត​ប្រភេទ​នេះ មាន​រូប​ធំ​ទ្រ​មឹង រាង​ធាត់​ក្រអាញ ដុះ​រោម​ជិត​ឈឹង ពោះ​ប៉ោង​ត្រង់ភ្លឹង​សម្បើម​អស្ចារ្យ ប៉ុន្តែ​សុខ ទុក្ខ​ស្ទើ​គ្មាន ។ តាម​ធម្មតា​ដៃ​កាន់​អាវុធ ចិត្ត​កាច​ក្លៀវក្លា ប្រេត​នេះ គេ​ហៅថា យមរាជ ទៅ​កាប់​សត្វ​នរក​ឈាម​ប្រឡាក់​ព្រាច​ពី​ព្រឹក​ដល់​ល្ងាច អត់បាយ​អត់​ទឹក វាយ​សួរចម្លើយ កាត់ទោស​គ្រប់​នរក ត្រួតត្រា​លើ​គេ​ទាំងអស់ ។ ពេលដែល​សាយ​សុខ គឺ​ក្លាយខ្លួន​ទៅជា​ទេវបុត្រ​កម្លោះ​មាន​រូប​ល្អឥតខ្ចោះ នៅក្នុង​ឋានសួគ៌ ស្រី​ទេពអប្សរ​ចោមរោម​សុំ​ស្នេហ៍ ដល់ពេល​សោយទុក្ខ​កើតជា​ប្រេត​ចង្រៃ​រងទុក្ខវេទនា​ទាំងយប់​ទាំង​ថ្ងៃ ប្រេត​នេះ​កាលពី​ជាតិ​មុន​ជា​មនុស្ស​ស៊យ​ប្រព្រឹត្តិ​លីលា​បានធ្វើ​ទាន​ខ្លះ ធ្វើតាម​ទម្លាប់​គឺ​បុណ្យ​ក៏​ធ្វើ បាប​ក៏​ធ្វើ ក្នុងន័យ​ប្រមាថ​ដូចនេះហើយ​ទើប​ផលកម្ម សង​ទាំងពី​បែបនេះ​។​

​ប្រភេទ​ទី ១២. មហិ​ទ្ធិ​ក​ប្រេត​

​មហិ​ទ្ធិ​ក​ប្រេត ប្រេត​មាន​ឫទ្ធិ​ច្រើន (​ជាធំ​ជាង​ប្រេត​ទាំងឡាយ មើល​ខុសត្រូវ​ប្រេត​ទាំងឡាយ​) ។ ប្រេត​ប្រភេទ​នេះ រូបល្អ​ពេញទី​ជា​ស្តេច​នៃ​ប្រេត អ្នកមាន​ឫទ្ធិ​ល្អ​ឥតមាន​ពីរ​ស្មើ​រូប​ទេព្តា​មាន​គ្រឿង​ស្លៀកពាក់ ស្រស់ស្អាត​ពេក​ក្រៃ ទាស់​តែ​ស្រេកឃ្លាន​អាហារ អ្វីៗ​ត្រេកអរ​លើសលន់ ខំ​ស្ទុះ​ទៅ​ចាប់​ភ្លើង​ឆេះ​ពេក​ពន់ បើ​មិន​ដូច​នោះទេ ឃើញ​ហើយ​ខំ​ស្ទុះ ចាប់​កើប​ស្រវា​បានដាក់​ក្នុង​មាត់​លេប​ទៅ​កាលណា​ស្រាប់តែ​ក្លាយជា​ដុំ​ដែក ក្រហមច្រាល​ឆ្អៅ​ឆេះឆាប​ក្នុង​មាត់​ស្រេកឃ្លាន​ណាស់ ព្រោះ​មានកម្ម​ច្រើន ក្លិនស្អុយ​អស្ចារ្យ ល្អ​តែ​រូប​កាយ ។ ប្រេត​នេះ​កាលពី​ជាតិ​មុន​បួស​ក្នុង​សាសនា​ប្រមាថ​សុះសាយ បួស​មិន​ប្រព្រឹត្ត​វិន័យ បួស​ឆាន់​តែ​បាយ ប្រព្រឹត្ត​អាក្រក់ ធ្វើ​មិច្ឆាចារ ឆបោក​គ្រហស្ថ ប្លន់​លាភ​មិន​ប្រតិបត្តិ​តាម​វិន័យ​៕

អត្ថបទ៖ ឈាង

អត្ថបទថ្មី