ឈប់ប្រើពាក្យថាអត់ធុងសំរាមទើបទុកចោល អត់ធុងសំរាមទើបចោលពាសវាល ដឹកទៅបានរឿងអីដឹកមកវិញមិនបាន
- 2021-10-11 02:30:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឈប់ប្រើពាក្យថាអត់ធុងសំរាមទើបទុកចោល អត់ធុងសំរាមទើបចោលពាសវាល ដឹកទៅបានរឿងអីដឹកមកវិញមិនបាន
ចន្លោះមិនឃើញ
ចរន្តទេសចរក្នុងស្រុកត្រូវបានគេមើលឃើញថាមានការកើនឡើងច្រើន ទោះកម្ពុជាស្ថិតក្នុងបរិបទកូវីដ១៩ ដោយសារតែការធ្វើទេសចរណ៍ទៅក្រៅប្រទេសមិនអាចប្រព្រឹត្តិទៅបាន។ រមនីយដ្ឋានធម្មជាតិ រមនីយដ្ឋានកែច្នៃ ឧទ្យានជាតិ តំបន់អភិរក្សធម្មជាតិ ដែលមានទេសភាពដ៏ស្រស់ត្រកាល បានទាក់ទាញអ្នកទេសចរក្នុងស្រុកយ៉ាងខ្លាំង។ ក៏ប៉ុន្តែរឿងមួយដែលធ្វើឲ្យមានការសោកស្តាយនោះគឺ កន្លងមកគេតែងឃើញមានការចោលសំរាមពាសវាលពាសកាល នៅក្នុងតំបន់ដ៏ស្រស់ត្រកាលទាំងនោះ នៅតែបន្តកើតមាន។ ឥរិយាបទឆ្គាំឆ្គងទាំងនេះ បង្ហាញពីកំរិតយល់ដឹងរបស់ពលរដ្ឋខ្មែរមួយចំនួន នៅតែមិនអាចកែប្រែបាន បើទោះណាជាមានការអប់រំផ្សព្វផ្សាយយ៉ាងណាក៏ដោយ។
ជាក់ស្ដែងថ្មីនេះ បើតាមការផ្សាយរបស់ទំព័រហ្វេសប៊ុក ប្រតិកម្មរហ័សខេត្តព្រះសីហនុ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១នេះបានបង្ហោះរូបភាពមួយសន្លឹកបង្ហាញពីការចេះទទួលខុសត្រូវ និងបង្ហាញពីកំរិតយល់ដឹងរបស់ពលរដ្ឋខ្មែរអំពីការទុកដាក់សំរាមប្លាស្ទិករបស់ខ្លួនដោយមិនចោលផ្ដេសផ្ដាស។ ដោយម្ចាស់រថយន្តនោះបានវេចខ្ចប់កាកសំណល់របស់ខ្លួនដែលប្រើប្រាស់រួចមិនទុកចូលនៅកន្លែងកម្សាន្តនោះ ដោយចងដឹកពីក្រោយគូថឡានរបស់ខ្លួន នេះសបញ្ញាក់អំពីទំនួលខុសត្រូវរបស់ខ្លួនបានយ៉ាងល្អប្រសើរ។
នេះមិនមែនជារឿងដែលភ្ញាក់ផ្អើលទេ តែរូបភាពនេះគឺជាសារដាស់តឿនដ៏មានតម្លៃមួយសម្រាប់ពលរដ្ឋខ្មែរ ពិសេសទេសចរទាំងអស់ ដែលចូលចិត្តវិចខ្ចប់ម្ហូបអាហារយកទៅញាំនៅតាមទីតំបន់កម្សាន្តនានា ដោយយើងអាចដឹកសំរាមទៅបានរឿងអីដឹកយកមកវិញមិនបាននោះ ហើយឈប់ប្រើពាក្យថាអត់ធុងសំរាមទើបទុកសំរាមចោល អត់ធុងសំរាមទើបចោលពាសវាលតទៅទៀត សំខាន់គឺការមានទំនួលខុសត្រូវរបស់យើងទាំងអស់គ្នា ព្រោះថាសំរាមប្លាស្ទិក ជាបញ្ហាសង្គមមួយដែលប្រទេសកម្ពុជាកំពុងតែព្រួយបារម្ភ ៕