នេះហើយជាមូលហេតុនាំឱ្យមានការផ្លាស់ប្ដូរអភិបាលខេត្តក្នុងដួងចិត្តអ្នកពោធិ៍សាត់ ទៅកាន់ខេត្តកំពតវិញ

  • 2021-10-14 05:38:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចដោះដូរអភិបាលខេត្តចំនួន៧រូប ដោយ លោក សុខ លូ ដូរពីខេត្តកំពង់ធំ ទៅបាត់ដំបង ហើយលោក ងួន រតនៈ ដូរពីបាត់ដំបូង ទៅកំពង់ធំ, លោក ថង សាវុន ដូរពីរតនគិរី ទៅមណ្ឌលគិរី និងតែងតាំងលោក ញែម សំអឿន ពីអភិបាលរង ទៅជាអភិបាលខេត្តរតនគិរី ក្នុងនោះក៏មានលោក ម៉ៅ ធនិន ដូរពីខេត្តពោធិ៍សាត់ ទៅខេត្តកំពត ហើយលោក ជាវ តាយ ដូរពីកំពត ទៅពោធិ៍សាត់ផងដែរ។

នាឳកាសអញ្ជើញប្រកាសផ្ទេរតំណែងអភិបាលខេត្តកំពត នៅរសៀលថ្ងៃពុធ ទី១៣ ខែតុលា ឆ្នាំ២០២១នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់យ៉ាងច្បាស់អំពីមូលហេតុនាំឱ្យមានការដោះដូរ អភិបាលខេត្តពោធិ៍សាត់ និងខេត្តកំពត គឺដោយសារអាណត្តិការងាររបស់អភិបាលខេត្តពោធិ៍សាត់ ត្រូវដល់ពេលវេលាកំណត់តាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី-ខេត្ត មិនមែនដោយសារបញ្ហាអ្វីផ្សេងនោះឡើយ។

សម្តេចក្រឡាហោម ស ខេង បានឱ្យដឹងថា ការប្តូរអភិបាលខេត្តពោធិ៍សាត់ និងខេត្តកំពត គឺផ្តើមចេញពីលោក ម៉ៅ ធនិន អស់អាណត្តិការងារជាអភិបាលខេត្តពោធិ៍សាត់ ដែលមានរយៈពេលពីរអាណត្តិស្មើនឹង ៨ឆ្នាំ ស្របទៅច្បាប់ស្តីពីការគ្រប់គ្រងរាជធានី-ខេត្ត។ សម្ដេចបានសង្កត់ធ្ងន់ទៀតថា «នេះជាហេតុផលពិត គ្មានហេតុផលក្រៅពីហ្នឹងទេ។ ដោយសារខេត្តពោធិ៍សាត់ធ្លាក់ដៃ ឬដោយសារខេត្តកំពតធ្លាក់ដៃ ក៏មិនមែនដែរ។ មូលហេតុដោយសារពេលវេលានេះឯង អាណត្តិទទួលខុសត្រូវតាមច្បាប់រៀបចំអង្គការ គឺច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី-ខេត្ត ក្រុង បានចែងយ៉ាងដូច្នេះ»៕

អត្ថបទដោយ៖ ស៊ូ អីន

អត្ថបទពេញនិយម