មកដឹងអំពី​ វិហារសសរ ១០០​​ ដែលសង់ក្នុងសតវត្សទី១៦ ដោយព្រះបាទចន្ទរាជា ធ្វើពីឈើដែលមានសសរចំនួន១០០ដើម

  • 2021-10-18 06:40:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វត្តវិហារសសរ១០០ ជារមណីយដ្ឋានវប្បធម៌-ប្រវត្តិសាស្រ្ត មានទីតាំងស្ថិតនៅក្នុង ភូមិសំបូរ ឃុំសំបូរ​ ​ស្រុកសំបូរ ខេត្តក្រចេះ ចម្ងាយ ៣៦​ គ.ម ពីទីរួមខេត្ត ភ្ញៀវទេសចរអាចធ្វើដំណើរតាមផ្លូវខេត្តលេខ៣៧៧ តាមផ្លូវចាក់កៅស៊ូ។ ស្រុកសំបូរ គឺជាអតីតរាជធានីខ្មែរ​ ពីសម័យចេនឡា ដែលមានឈ្មោះថា “សម្ភពបុរៈ” ។​ បើ​ទោះ​ជា​តឹក​តាង​ចាស់​ត្រូវ​បាន​បាត់​បង់​អស់ និង​ជំនួស​មក​វិញ​នូវ​សំណង់​ថ្មី​រចនាប័ទ្ម​តាម​បែប​សម័យ​ទំនើប​ក៏​ដោយ​ ប៉ុន្តែ​ទី​អារាម​ដែល​កើត​ចេញ​ពីទី​បញ្ចុះ​សព​បុត្រី​សំណព្វ​​ក្សត្រ​ អង្គ​ចន្ទ​រាជា​ទី​២ នា​សម័យ​ចេនឡា វត្តសសរ​ ១០០ រក្សា​បាន​នូវ​កិត្តិនាម​ និង​ទាក់​ទាញ​លំហូរ​ភ្ញៀវ​ទេសចរ​ចូល​គោរព​បូជា​សុំ​សេចក្តី​សុខ និង​សិក្សា​ពី​ប្រវត្តិ វត្ត​ដ៏​ចំណាស់​នេះ មិន​ដែល​លស់​ថ្ងៃ​ឡើយ ពិសេស​ភ្ញៀវ​បរទេស​ក៏​ចាប់​អារម្មណ៍​ផង​ដែរ។

យោងតាមឯកសារចងក្រងដោយរដ្ឋបាលខេត្តក្រចេះបានឲ្យដឹងថា​ វិហារសសរ ១០០ ត្រូវបានសាងសង់លើកដំបូងក្នុងសតវត្សទី១៦ ដោយព្រះបាទចន្ទរាជា ដោយ​សង់ពីឈើដែលមានសសរចំនួន ១០០ដើម។ នៅសម័យ​ប៉ុល-ពត ព្រះវិហារត្រូវបានរុះរើបំផ្លាញអស់មួយភាគធំ ហើយវិហារនេះត្រូវបានជួសជូលជាបន្ត​បន្ទាប់ ព្រះវិហារត្រូវបានកសាងឡើង​វិញពីឥដ្ឋលើទីតាំងចាស់ដែលមានសសរចំនួន១២៦ដើម។ សំបូរមានលក្ខណៈពិសេសមួយលើផ្នែកព្រះពុទ្ធសាសនាគឺមានវត្តចំនួន០៤កន្លែង មានព្រះវិហារដែលមាន​​ព្រះពុទ្ធបដិមាបែរព្រះភក្រ្តទៅរកទិសធំៗទាំង០៤គឺ៖

  • វិហារ សសរ ១០០ ៖ បែរព្រះភក្រ្តទៅទិសខាងជើង

  • វិហារ គោក ៖ បែរព្រះភក្រ្តទៅទិសខាងកើត

  • វិហារ លាវ ៖ បែរព្រះភក្រ្តទៅទិសខាងលិច

  • គោកវិហារ ៖ បែរព្រះភក្រ្តទៅទិសខាងត្បូង(គោកវិហារសព្វថ្ងៃបែកបាក់អស់នៅសល់តែ​គ្រឹះប៉ុណ្ណោះ)។

គ្រប់​គ្នា​បាន​ដឹង​ច្បាស់​ហើយ​​អំពី​ព្រះ​វិហារ​​សសរ​១០០ ​ដោយ​សារ​​​តែ​​វិហារ​ដ៏​ល្បី​វ័យ​ចំណាស់​នេះ​មាន​សសរ​ចំនួន​១០០​ដើម​ដែល​ត្រូវ​បាន​កសាង​ឡើង​ដើម្បី​​រំលឹក​ដល់​​បុត្រី​ព្រះ​នាម​​«វរភ័ក្ត្រ»​ឬ​ហៅ​ទូទៅ​ថា​ ព្រះ​នាង​ក្រពុំ​ឈូក។ ប៉ុន្តែ​អ្នក​ខ្លះ​ប្រហែល​ជា​មិន​ទាន់​ដឹង​ទេ​ថា​ ​សសរ​ទាំង​១០០​ដើម​នោះ​តំណាង​ឲ្យ​អ្វី​? អត្ថន័យ​នៃ​សសរ​ទាំង​១០០​នោះ​ថា​ បន្ទាប់​ពី​ព្រះ​នាង​ក្រពុំ​ឈូក​​ចូល​ទី​វង្គត់​ទៅ​ ព្រះ​បិតា​ព្រះ​​បាទ​ច័ន្ទរាជា​បាន​​កសាង​វិហារ​សសរ​មួយ​រយ​​ដើម្បី​​រំលឹក​ដល់​​​​​បុត្រី​របស់​ព្រះ​អង្គ។ ពេល​នោះ​អ្នក​បម្រើ​ចំនួន​១០០​នាក់​របស់​ព្រះ​នាង​បាន​ស្ម័គ្រ​ចិត្ត​​បូជា​​ជីវិត​ទៅ​ជា​មួយ​ព្រះ​នាង​ដែរ​ ​ហើយ​ត្រូវ​បាន​គេ​យក​​អ្នក​បម្រើ​ទាំង​នោះ​ទៅ​ដាក់​នៅ​ព្រះ​វិហារ​នោះ​ដែរ។ ដូច្នេះ​​មាន​ន័យ​ថា​ សសរ​ទាំង​១០០​ដើម​នោះ​គឺ​តំណាង​ឲ្យ​​អ្នក​បម្រើ​ទាំង​១០០​នាក់​របស់​ព្រះ​នាង។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ ហោរា​ទស្សន៍ទាយ​ដែល​បាន​ទាយ​ថា​ ព្រះ​នាង​មាន​ជីវិត​ពេល​នៅ​ក្នុង​ពោះ​ក្រពើ​នេន​ធុន​ និង​មេទ័ព​​ដែល​ដឹក​នាំ​តាម​ចាប់​ក្រពើ​នេន​ធន់​ក៏​ត្រូវ​បាន​កសាង​រូប​សំណាក់​នៅ​ជិត​ចេតិយ​របស់​ព្រះ​នាង​ក្រពុំ​ឈូក​នោះ​ដែរ។​​

​នៅក្នុងសតវត្ស​ទី​១៦​ រជ្ជ​កាល​ព្រះបាទ​ច័ន្ទ​រាជា ទ្រង់​គង់​នៅ​អតីត​រាជធានី​ឧត្តុង្គ។ ព្រះ​អង្គ​​មាន​ព្រះរាជ​បុត្រី​មួយ​អង្គ​ព្រះនាម វរ​ភ័ក្ត្រ​។ ពេល​​ព្រះ​រាជបុត្រី​ប្រឈួន​ ព្រះ​បិតា​​បាន​បញ្ជា​ឲ្យ​គេ​ទៅ​និមន្ត​ព្រះ​គ្រូ​ចៅ​អធិការ​វត្ត​ នាគ​សែន (​មាន​ទីតាំង​នៅ​ ឃុំ​ច្រោយ​បន្ទាយ​ ស្រុក​ព្រែក​ប្រសប់​) ដើម្បី​ព្យាបាល​ជំងឺ​របស់​ព្រះ​រាជបុត្រី​។ ពេល​​ព្រះ​គ្រូ​ចៅ​អធិការ​មិន​នៅ​វត្ត​ ​នេន​ធន់​ ជា​សិស្ស​សំណព្វ​របស់​ព្រះ​គ្រូ​បាន​លួច​រៀន​វិជ្ជា​មន្តអាគម​ស្ងាត់​ៗ​ ហើយ​​អាច​ប្រែ​​ក្រឡា​ខ្លួន​ទៅ​ជា​សត្វ​ក្រពើ​ហៅ​ថា “​ក្រពើ​នេន​ធន់​”​។ នៅ​ពេល​ព្រះ​​គ្រូ​បាន​មក​ដល់​វិញ​ នេន​ធន់​បាន​ក្លាយ​ទៅ​ជា​ក្រពើ​ និង​មិន​អាច​ត្រឡប់​មក​ក្លាយ​ជា​មនុស្ស​វិញ​បាន។​ក្រោយ​មក គាត់​តែង​តែ​ដឹក​ព្រះ​គ្រូ​​ដោយ​ដាក់​​លើ​ខ្នង​ ដើម្បី​ទៅ​ព្យាបាល​ជំងឺ​បុត្រី​របស់​ស្តេច​ជា​រឿយៗ​។

ថ្ងៃ​មួយ មាន​ក្រពើ​មួយ​ឈ្មោះ​សុពណ៌​កាឡី​ ចង់​ផ្ចាញ់​នេន​ធន់ ក៏​បាន​បង្អាក់​ដំណើរ​នេន​ធន់ នៅ​ពេល​កំពុង​​ដឹក​គ្រូ​មក​ពី​វាំង​វិញ​។​ ​ក្រពើ​ទាំងពីរ​បាន​​វាយប្រហារ​គ្នា​។ នេន​ធន់​មិន​អាច​រក​វិធី​ជួយ​គ្រូ​បាន​ ​ក៏​សម្រេចចិត្ត​លេប​គ្រូ​ចូល​ក្នុង​ពោះ​ ដើម្បី​រក្សា​សុវត្ថិភាព​មួយ​រយៈ​។ ការ​ប្រយុទ្ធ​គ្នា​អស់​រយៈ​ពេល​៣​ថ្ងៃ​ ៣​យប់​ ហើយ​ចុងក្រោយ​ សុពណ៌​កាឡី​ បាន​ចាញ់​ និង​ស្លាប់​បាត់​ទៅ​ដែល​​បាន​ក្លាយ​ទៅ​ជា​ភ្នំ​ ដែល​មាន​ឈ្មោះ​ថា​ ភ្នំ​សុពណ៌​កា​ឡី​ មក​ដល់​សព្វថ្ងៃ​។ នៅ​ពេល​នេន​ធន់​ ខ្ជាក់​គ្រូ​ចេញ​មក​ពី​ពោះ​វិញ​ គ្រូ​​បាន​សុគត​បាត់​ទៅ​ហើយ​។ នេន​ធន់​ មាន​អារម្មណ៍​សោក​ស្តាយ​ជា​ខ្លាំង​ ហើយ​ចង់​សម្លាប់​បុត្រី​របស់​ស្តេច​ ដោយ​គិត​ថា ​មក​ពី​នាង​ជា​ដើម​ហេតុ​ធ្វើឲ្យ​គ្រូ​របស់​គាត់​ស្លាប់​។ នេន​ធន់​ ​លួច​លេប​បុត្រី​របស់​ស្តេច​ចូល​ក្នុង​​ពោះ​ ដែល​កំពុង​តែ​លេង​នៅ​មាត់ទឹក​ក្នុង​ព្រះរាជវាំង។​​

ព្រះអង្គ​ច័ន្ទ​រាជា​បាន​បញ្ជា​ឲ្យ​គេ​ទៅ​តាម​ នេន​ធន់ រហូត​ចាប់​បាន​នេន​ធន់​ ​នៅ​កន្លែង​មួយ​ហៅ​ថា សំបូរ។​ ហោរា​បាន​ទាយ​ថា ព្រះ​នាង​នៅ​ក្នុង​ពោះ​របស់​ក្រពើ​នេន​ធន់​នៅ​មាន​ជីវិត​ ដូច្នេះ​ព្រះ​អង្គ​បញ្ជា​ឲ្យ​គេ​​វះ​ពោះ​​ក្រពើ​នោះ​ ដើម្បី​យក​បុត្រី​ចេញ​មក​ក្រៅ។ ​ពេល​នោះ​ក្រពើ​​បាន​ស្លាប់​ ហើយ​ព្រះ​នាង​ក៏​​បាន​ចូល​ទី​វង្គត់។ ក្រោយ​​មក​ព្រះ​អង្គ​បាន​បញ្ជា​ឲ្យ​គេ​បណ្ដែត​កណ្ដូង​​​ដើម្បី​ដឹង​ថា​តើ​ព្រះ​អង្គ​ចង់​គង់​នៅ​កន្លែង​ណា។ កណ្ដូង​​នោះ​បាន​អណ្ដែត​មក​ទើរ​នៅ​មាត់​ទន្លេ​​ជិត​វត្ត​សព្វ​ថ្ងៃ​។ ដូច្នេះ​ហើយ​​ព្រះ​អង្គ​ច័ន្ទរាជា​បាន​​កសាង​វត្ត​សសរ​១០០​នេះ​ឡើង​ដើម្បី​​បញ្ចុះសព​របស់​បុត្រី​ដើម្បី​ឧទ្ទិស​ដល់​វិញ្ញាណកទ្រព្យ​របស់​ព្រះ​នាងវិហារ​សសរ​មួយ​រយ មានន័យ​ថា «ប្រាសាទ មាន​សសរ​១០០»

អត្ថបទដកស្រង់​និងស្រាវជ្រាវដោយ៖​ ស៊ូ អីន