កម្មវិធី Fit For Hope របស់ អេ អាយ អេ បន្តលើកកម្ពស់ការយល់ដឹងជំងឺមហារីកសុដន់

  • 2021-10-25 10:49:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភ្នំពេញថ្ងៃទី ២២ តុលា ២០២១៖ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៉ិនសួរេន ម.ក (អេ អាយ អាយ ខេមបូឌា) ទើបនឹងដំណើរការកម្មវិធី Fit For Hope ឆ្នាំ ២០២១ ដើម្បីបន្តការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការលើកកម្ពស់ការយល់ដឹងអំពីជំងឺមហារីកសុដន់ ហើយផ្តល់ការគាំទ្រដល់អ្នកជំងឺ ខណៈអំពាវនាវឲ្យសាធារណជនចូលរួមជាមួយក្រុមហ៊ុន និងមន្ទីរពេទ្យព្រះសីហនុមណ្ឌលនៃក្តីសង្ឃឹម (SHCH) ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺដ៏សាហាវនេះ។

កម្មវិធីនេះប្រារព្ធឡើងនៅក្នុងគោលបំណងនៃការយល់ដឹងអំពីជំងឺមហារីកសុដន់អន្តរជាតិ។ កម្មវិធីនេះលើកទឹកចិត្តដល់ស្ត្រីក្នុងការស្វែងយល់អំពីជំងឺមហារីកសុដន់ ផលប៉ះពាល់ និងរបៀបក្នុងការរកឃើញរោគសញ្ញាបានទាន់ពេលវេលាដែលអាចជួយសង្គ្រោះជីវិតពួកគេបាន។ កម្មវិធីនេះលើកទឹកចិត្តឲ្យស្ត្រីកម្ពុជាយកចិត្តទុកដាក់បន្ថែមលើរាងកាយរបស់ពួកគាត់ ហើយដឹងពីដំណោះស្រាយខ្លះៗដោយខ្លួនឯង តាមរយៈការអានព័ត៌មានផ្សេងៗអំពីជំងឺនេះ ធ្វើការពិនិត្យខ្លួនឯង និងពិគ្រោះជាមួយវេជ្ជបណ្ឌិតប្រសិនបើមានសំណួរ ឬបញ្ហាណាមួយ។

ការចាប់ដៃគូសហការជាមួយមន្ទីរពេទ្យព្រះសីហនុមណ្ឌលនៃក្តីសង្ឃឹម (SHCH) តាមរយៈកម្មវិធី Fit For Hope របស់ អេ អាយ អេ បង្ហាញពីការប្តេជ្ញារបស់ក្រុមហ៊ុនក្នុងការជួយផ្សព្វផ្សាយ និងការគាំទ្រមន្ទីរពេទ្យនេះតាមរយៈផ្នែកហិរញ្ញវត្ថុផងដែរ។ ដើម្បីជាកិច្ចថ្លែងអំណរគុណចំពោះមន្ទីរពេទ្យ ក៏ដូចជាជួយឲ្យអតិថិជនរបស់ អេ អាយ អេ ទទួលបានទាំងការការពារហិរញ្ញវត្ថុ និងរួមចំណែកជួយសង្គមវិញ ក្រុមហ៊ុននឹងធ្វើការបរិច្ចាគទៅកាន់មន្ទីរពេទ្យនូវទឹកប្រាក់ចំនួន ៥% នៃចំនួនបុព្វលាភធានារ៉ាប់រងពីរាល់បណ្ណសន្យារ៉ាប់រងដែលបានទិញភ្ជាប់ជាមួយនឹងការធានារ៉ាប់រងជំងឺមហារីកចាប់ពីថ្ងៃទី ២១ ខែតុលាដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២១។

អេ អាយ អេ ក៏សូមលើកទឹកចិត្តដល់សាធារណជនឲ្យចូលរួមបរិច្ចាគ ដើម្បីជួយឲ្យមន្ទីរពេទ្យព្រះសីហនុមណ្ឌលនៃក្តីសង្ឃឹមបន្តផ្តល់ការពិគ្រោះយោបល់ ការពិនិត្យ និងការព្យាបាលផ្សេងៗឥតគិតថ្លៃដល់ស្ត្រីដែលមិនមានលទ្ធភាពគ្រប់គ្រាន់។

ក្រៅពីនេះ អេ អាយ អេ ក៏មានការផ្តល់ជូនពិសេសសម្រាប់ស្ត្រីកម្ពុជារហូតដល់ ៣០០០ នាក់ជាមួយទឹកប្រាក់សំណង ១០០០ ដុល្លារឥតគិតថ្លៃក្នុងករណីរកឃើញថាមានជំងឺមហារីកសុដន់។ ដោយឡែកសម្រាប់អតិថិជនវិញ ក្រុមហ៊ុននឹងផ្តល់ការការពារទ្វេដងរយៈពេលពេញមួយឆ្នាំលើករណីជំងឺមហារីក ជំងឺធ្ងន់ធ្ងរផ្សេងទៀត រួមទាំងជំងឺមហារីកសុដន់ សម្រាប់រាល់ការទិញបណ្ណសន្យារ៉ាប់រងដែលមានភ្ជាប់អត្ថប្រយោជន៍ការពារជំងឺធ្ងន់ធ្ងរ (critical illness)។

លោក Andrew Loh អគ្គនាយកប្រតិបត្តិរបស់ អេ អាយ អេ ខេមបូឌា មានប្រសាសន៍ថា៖ «សព្វថ្ងៃនេះ ទោះបីជាមានការយកចិត្តទុកដាក់ខ្លាំងទៅលើជំងឺកូវីដ-១៩ តែយើងក៏ចង់រំលឹកដល់ស្ត្រីទាំងអស់ ជាពិសេសស្ត្រីមានអាយុលើសពី ៤០ឆ្នាំ ឬមានហានិភ័យខ្ពស់គួរយល់ដឹងអំពីជំងឺមហារីកសុដន់ និងផលវិបាករបស់វា។ ពួកគាត់គួរតែធ្វើតាមដំបូន្មានវេជ្ជសាស្រ្ត ហើយ អេ អាយ អេ ក៏មានការចែករំលែកព័ត៌មានសំខាន់ៗមួយចំនួននៅលើទំព័រហ្វេសប៊ុក និងមធ្យោបាយផ្សព្វផ្សាយផ្សេងៗរបស់យើង ព្រោះការរកឃើញជំងឺហារីកសុដន់ទាន់ពេលវេលា ធ្វើឲ្យមានភាពងាយស្រួលក្នុងការព្យាបាល និងមានឱកាសជាសះស្បើយខ្ពស់»។

លោកបានប្រាប់បន្តថា៖ «អេ អាយ អេ នឹងបន្តបង្កើនការយល់ដឹងដល់សាធារណជន ថាជំងឺមហារីកសុដន់គឺជាជំងឺមហារីកកើតច្រើនជាងគេលំដាប់ទី២ នៅកម្ពុជាបន្ទាប់ពីមហារីកមាត់ស្បូន។ អត្រាមរណភាពអាចនឹងកាត់បន្ថយ ប្រសិនបើស្ត្រីកម្ពុជាទទួលបានព័ត៌មានទាន់ពេលវេលា វិធានការណ៍បង្ការ ការពិនិត្យ ការប្រឹក្សា និងការព្យាបាលដោយឥតគិតថ្លៃផ្តល់ជូនដោយមន្ទីរពេទ្យព្រះសីហនុមណ្ឌលនៃក្តីសង្ឃឹម ជាមួយកម្មវិធីមហារីកសុដន់របស់មន្ទីរពេទ្យដែលជាកម្មវិធីមានរយៈពេលយូរបំផុតនៅក្នុងប្រទេស»។

មកដល់ពេលនេះកម្មវិធី Fit For Hope របស់ អេ អាយ អេ បានរៃអង្គាសប្រាក់បានជិត ៦០.០០០ ដុល្លារអាមេរិកសម្រាប់មន្ទីរពេទ្យព្រះសីហនុមណ្ឌលនៃក្តីសង្ឃឹម រួមជាមួយសកម្មភាពផ្សព្វផ្សាយពីជំងឺមហារីកសុដន់ក្រោមរូបភាពជាច្រើនដូចជា៖ កម្មវិធីអនឡាញ និងសកម្មផ្សេងៗដូជា វីដេអូអប់រំ ការពិនិត្យ ការពិគ្រោះយោបល់ដោយឥតគិតថ្លៃ និងការចេញបទចម្រៀងយុទ្ធនាការជាផ្លូវការ។

យោងតាមទីភ្នាក់ងារអន្តរជាតិសម្រាប់ការស្រាវជ្រាវលើជំងឺមហារីក (IARC) របស់អង្គការសុខភាពពិភពលោក ជំងឺមហារីកសុដន់បានក្លាយជាជំងឺមហារីកដែលត្រូវបានគេធ្វើរោគវិនិច្ឆ័យច្រើនបំផុតនៅលើពិភពលោកក្នុងឆ្នាំ ២០២០ និងជាមូលហេតុចំបងនៃការស្លាប់ដោយសារជំងឺមហារីកចំពោះស្ត្រី។ IARC និយាយថាករណីមហារីកចំនួន ១៨៧៧ ត្រូវបានរាយការណ៍នៅក្នុងប្រទេសកម្ពុជាកាលពីឆ្នាំមុនដែលមានចំនួន ១៨,៩% នៃករណីថ្មីទាំងអស់នៅក្នុងស្ត្រីកម្ពុជាគ្រប់វ័យ។

សម្រាប់ព័ត៌មានបន្ថែមអំពីកម្មវិធី Fit For Hope របស់ អេ អាយ អេ ខេមបូឌា និងការផ្តល់ជូនផ្សេងៗសូមទាក់ទងផ្នែកសេវាកម្មអតិថិជនរបស់ អេ អាយ អេ តាមរយៈលេខទូរស័ព្ទ 086 999 242 ឬចូលទៅកាន់គេហទំព័រ aia.com.kh

ទំនាក់ទំនងសារព័ត៌មាន

ម៉េង ដាណែត ប្រធានផ្នែកទំនាក់ទំនងសាធារណៈ អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៊ិនសួរេន ម.ក Daneth-d.Meng@aia.com

អត្ថបទ៖ In Sopheng

អត្ថបទពេញនិយម