មិនហ៊ានសម្រាកឡើយ អភិបាលរាជធានីភ្នំពេញ ត្រៀមកងកម្លាំងនិងទូកជាច្រើន ចាំជួយពលរដ្ឋរងគ្រោះទាំងយប់

  • 2021-10-28 02:57:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅយប់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១នេះ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានដឹកនាំកម្លាំងចុះពិនិត្យស្ថានភាពទឹកជំនន់ទឹកភ្លៀងទឹកសណ្ដស្ទឹងព្រែកត្នោត និងបានត្រៀមកងកម្លាំងនៅទីបញ្ជាការស្រាល ដើម្បីត្រៀមជួយសង្គ្រោះបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមសណ្ដស្ទឹងព្រែកត្នោត។

រហូតមកដល់ពេលនេះ ស្ថានភាពទឹកជំនន់នៅសណ្ដស្ទឹងព្រែកត្នោតនៅបន្តកើនឡើងក្នុងកម្រិតគួរឲ្យព្រួយបារម្ភបំផុត។ ជាក់ស្ដែង ទឹកស្ទឹងព្រែកត្នោត បានកើនឡើងកាន់តែខ្លាំង បណ្ដាលឲ្យហូរលើផ្លូវលេខ២១៧ ហៅផ្លូវចំការដូង ត្រង់ចំណុចភ្លើងស្តុបព្រែកជ្រៃ រួមនឹងផ្ទះសម្បែងច្រើនខ្នង នៅក្នុងភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ទឹកឡើងលិចផ្លូវនេះ ចាប់តាំងពីម៉ោង ៦ល្ងាចថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១។ អាជ្ញាធរមូលដ្ឋានបានសម្រេចបិទផ្លូវមួយកំណាត់នេះតែម៉ូតូអាចនៅធ្វើដំណើរបាន។

ដើម្បីដោះស្រាយបញ្ហាប្រឈមចំពោះមុខនៃស្ថានភាពទឹកជំនន់ កើតឡើងនៅតាមបណ្ដោយស្ទឹងព្រែកត្នោត ស្ថិតក្នុងភូមិសាស្ត្រខណ្ឌដង្កោ រាជធានីភ្នំពេញ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ បានជម្លៀសពលរដ្ឋចេញពីតំបន់រងគ្រោះ និងបានត្រៀមកម្លាំង ក៏ដូចជាសម្ភារមាន ទូក រថយន្ត ស្បៀងជាដើម និងត្រៀមទីជម្រកស្នាក់នៅបណ្ដោះអាសន្ននៅទីទួលមានសុវត្ថិភាព ជូនពររដ្ឋដែលកំពុងជួបការជន់លិច ដើម្បីបានស្នាក់នៅ៕

អត្ថបទដោយ៖ ស៊ូ អីន