កំណត់ផ្លូវនេះ ត្រូវផ្អាកធ្វើចរាចរណ៍បណ្តោះអាសន្ន ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវការ អគារទីស្ដីការថ្មីនៃក្រសួងរៀបចំដែនដី

  • 2021-11-05 02:23:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញ ឱ្យបានជ្រាបថា នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ០៦:០០នាទីព្រឹក ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់នឹងរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារទីស្ដីការថ្មីរបស់ក្រសួង ដែលស្ថិតនៅផ្លូវ៣០ម៉ែត្រស្របប្រឡាយមេខាងជើង (ចន្លោះផ្លូវលេខ១០០៣ ដល់មហាវិថីឈ្នះឈ្នះ) ភូមិអន្លង់ក្ងាន សង្កាត់ឈ្មួញខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ដើម្បីឱ្យកម្មវិធីខាងលើប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀសបាននូវការកកស្ទះចរាចរ រដ្ឋបាលរាជធានីភ្នំពេញ នឹងបញ្ចៀសចរាចរចំពោះយានយន្តគ្រប់ប្រភេទ លើកំណាត់ផ្លូវ៣០ម៉ែត្រស្របប្រឡាយមេខាងជើង (ចន្លោះផ្លូវលេខ១០០៣ ដល់មហាវិថីឈ្នះឈ្នះ) នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១ ចាប់ពីម៉ោង ០៥:០០នាទីព្រឹក រហូតដល់បញ្ចប់កម្មវិធី។

អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់យានយន្តគ្រប់ប្រភេទ មេត្តាជ្រាប និងបញ្ចៀសការធ្វើដំណើរឆ្លងកាត់តាមទីតាំង និងកាលបរិច្ឆេទខាងលើដោយអនុគ្រោះ។ ផុតរយៈពេលហាមឃាត់បណ្តោះអាសន្ននេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងបើកឱ្យធ្វើចរាចរជាធម្មតាវិញ។ ទទួលបានសេចក្តីជូនដំណឹងនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌសែនសុខ រដ្ឋបាលខណ្ឌឫស្សីកែវ និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងចាត់តាំងអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់៕

អត្ថបទ ៖ សង្ហា

អត្ថបទថ្មី