Subaru ចេញ​ឡាន​អគ្គិសនីទីមួយ ដែលជាកូនភ្លោះនឹង​ Toyota bZX4 សាកពេញ​បើកដល់​មណ្ឌលគិរី

  • 2021-11-11 02:30:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Subaru ទើបតែ​បាន​ប្រកាស​ចេញ​រថយន្តអគ្គិសនី​ដំបូង​របស់ខ្លួនគឺម៉ូដែល Solterra ស៊េរីឆ្នាំ​២០២៣ ដែល​ជាការផលិត​ឡើងសហការ​ជាមួយ​ក្រុមហ៊ុន Toyota ហើយ​រថយន្ត​នេះ​ក៏ជាកូនភ្លោះជាមួយម៉ូដែល bZX4 ដែល​ជារថយន្តអគ្គិសនី​ទីមួយ​របស់ Toyota ផងដែរ។

ពាក្យថា Solterra គឺ​ជាពាក្យ​ឡាទីន សំដៅ​លើ ព្រះអាទិត្យ និង ផែនដី។

រថយន្ត Subaru Solterra មាន​រូបរាង​ស្ទើរតែដូចគ្នាបេះបិទ​ទៅនឹង​រថយន្ត Toyota bZX4 ពោលគឺ​ដូច​ផ្នែក​ខាងមុខដែលមាន​ចង្កៀង LED ប៉ាណា និង​កាងជាដើម ដោយ​ខុសគ្នា​តែទីតាំងឡូហ្គូប៉ុណ្ណោះ។ ចំណែក​ផ្នែកខាងក្រោយ​ គឺ​រូបរាង​ចង្កៀង​ស្តុប ​ក៏ឌីហ្សាញ​ដូចគ្នាផងដែរ ប៉ុន្តែគ្រាន់តែខុស​ការ​បញ្ចេញ​ភ្លើង​ LED គ្នា​បន្តិច ក្រៅពីនេះ​គឺដូចគ្នាទាំងអស់​ ទាំងទីតាំង​ឡូហ្គូ និង​ពិលកាង​ក្រោយ។ រថយន្តនេះ​ត្រូវបានអភិវឌ្ឍ​ឡើង​លើគ្រោង​អគ្គិសនី e-TNGA ដូចនឹង bZX4 ផងដែរ។

Toyota bZX4

រថយន្ត Solterra មាន​ប្រវែង ៤៦៩០មម ទទឹង ១៨៦០មម និង​កម្ពស់ ១៦៥០មម។ វាប្រើ​ម៉ូទ័រអគ្គិសនី​មួយ ប៉ុង១ រត់កង់ខាងមុខ កម្លាំង ២០១សេះ និង​ជម្រើសប៉ុង២ កម្លាំង ២១៥សេះ។ អាគុយ​របស់​រថយន្ត​នេះ​អាចផ្ទុក​ភ្លើង​បាន ៧១,៤គីឡូវ៉ាត់ម៉ោង ហើយពេលសាកពេញ​ម្តង អាច​រត់បានចម្ងាយ ៤៦០គីឡូម៉ែត្រ សម្រាប់ប៉ុង២ និង ​៥៣០គីឡូម៉ែត្រ សម្រាប់​ប៉ុង១ (បើគិតពីភ្នំពេញ ទៅមណ្ឌលគិរី មានចម្ងាយ ៥២១គីឡូម៉ែត្រ)។

ចំពោះ​ការឌីហ្សាញ​ផ្នែក​ខាងក្នុង​ គឺដូចគ្នាសឹងតែ ១០០% ហើយ​រវាងរថយន្ត Subaru Solterra និង​រថយន្ត Toyota bZX4 គឺ​ដូច​ទាំង​កុងទ័រឌីជីថល អេក្រង់ប្រព័ន្ធកម្សាន្ត តាប្លូ ដៃទ្វារ និង​ប្រអប់លេខជាដើម តែខុសគ្នា​ត្រង់ដៃចង្កូត​ដែលដៃចង្កូត BZX4 មានរាងជានឹម ឯដៃចង្កូត Solterra មាន​រាង​ធម្មតា​ និងមានប៊ូតុងចុចបញ្ជា។

ប្រព័ន្ធ និងមុខងារ​លម្អិត​ដែលមាន​នៅក្នុងរថយន្ត Solterra នេះនិងតម្លៃរបស់វា នឹង​ត្រូវក្រុមហ៊ុន Subaru ប្រកាស​ជាផ្លូវការ​បន្ថែមទៀត ក្នុងពិព័រណ៌រថយន្ត Los Angeles Auto Show នាសប្តាហ៍ក្រោយ៕

ប្រភព៖ carscoops   ប្រែ​សម្រួល៖ សំភី