កញ្ញា អ៊ួង ស្រីខួច ម្ចាស់ក្រុមហ៊ុនកម្ចាត់សត្វកណ្តៀរ កំពុងជោគជ័យ មានប្រវត្តិតស៊ូមិនធម្មតា

  • 2021-11-15 10:34:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធីជជែកពិភាក្សាពីមុខជំនួញគ្រប់វិស័យ Starting Up សប្ដាហ៍ថ្មីនេះ កាន់តែជក់ចិត្តជាមួយបទពិសោធថ្មីៗ ល្អៗ ពីអតីតកម្មការនីរោងចក្រ បច្ចុប្បន្នជាសហគ្រិន មានជំនួញធំៗនៅក្នុងដៃ។  Starting Up នឹងនាំលោកអ្នកទៅស្តាប់បទពិសោធពីភ្ញៀវកិត្តិយសមួយរូបគឺ កញ្ញា អ៊ួង ស្រីខួច សហស្ថានិកក្រុមហ៊ុន កម្ចាត់សត្វកណ្តៀរ និងរៀបចំប្រព័ន្ធការពារ ECO HOPE SERVICE Co.,LTD ដែលកំពុងទទួលជោគជ័យខ្លាំងក្នុងសម័យកូវីដ។

កើតក្នុងត្រកូលគ្រួសារអ្នកធ្វើចម្ការ នៅស្រុកកៀនស្វាយ ខេត្តកណ្តាល កញ្ញា អ៊ួង ស្រីខួច ធ្លាប់សម្រេចចិត្តព្យួរការសិក្សា ក្នុងគោលបំណងដើម្បីរកការងារមួយធ្វើ។ ក្នុងវ័យត្រឹម ១៧ឆ្នាំ យុវតីដែលកំពុងពេញវ័យសិក្សា រកបានការងារធ្វើ ជាកម្មការនី នៅក្នុងរោងចក្រមួយកន្លែង។ ធ្វើការមួយនេះ រហូតដល់បញ្ចប់ថ្នាក់វិទ្យាល័យ កញ្ញា ស្រីខួច បានបន្តការរៀនសូត្រថ្នាក់ឧត្តមសិក្សា ផ្នែកសណ្ឋាគារ និងបដិសណ្ឋាកិច្ច។

ក្រោយបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រ កញ្ញា ស្រីខួច បានចូលធ្វើការនៅក្នុងក្រុមហ៊ុនមួយកន្លែង រយៈពេល ៥ឆ្នាំ។ នៅទីនោះ កញ្ញា ទទួលបានបទពិសោធន៍ និងបានរៀនសូត្រជាច្រើនពីការងារ។ ពេលវេលាចេះតែដើរទៅមុខឥតឈប់ឈរ ដោយមើលឃើញពីឱកាសទីផ្សារនៅក្នុងប្រទេសកម្ពុជា និងចាប់ផ្តើមដោយដើមទុន ៣០០ដុល្លារ កញ្ញា ស្រីខួច ឈានជើងចូលជីវិតជាម្ចាស់អាជីវកម្ម បើកក្រុមហ៊ុន កម្ចាត់សត្វកណ្តៀរ និងរៀបចំប្រព័ន្ធការពារ នៅចុងឆ្នាំ ២០១៥។

ហេតុផលដែលធ្វើឱ្យ កញ្ញា វ័យ២៩ឆ្នាំរូបនេះ ហ៊ានសម្រេចចិត្តឈប់ធ្វើការ និងចេញរកសុីដោយខ្លួនឯង គឺដោយសារតែកញ្ញា មើលឃើញឱកាស និងតាំងពីតូចមកផ្នត់គំនិតបើកអាជីវកម្មនេះ ដក់ជាប់នៅក្នុងចិត្តជារៀងរហូតមក។ និយាយទៅដល់ក្រុមហ៊ុន កម្ចាត់សត្វកណ្តៀរ របស់កញ្ញាវិញ បច្ចុប្បន្ន កំពុងទទួលបានការគាំទ្រយ៉ាងពេញទំហឹង ពីអថិជនគ្រប់ស្រទាប់វណ្ណៈ ពេលខ្លះរវល់ពេក រកពេលហូបបាយមិនចង់បានក៏មាន។

កញ្ញា ស្រីខួច បានទម្លាយមូលហេតុដែលនាំឱ្យអថិជន មានការជឿទុកចិត្តលើក្រុមហ៊ុនរបស់ខ្លួន គឺដោយសារតែសេវាកម្មល្អ និងឃើញលទ្ធផលជាក់ស្តែងពិតៗ។ ដោយសារតែសេវាកម្មល្អ និងមានប្រសិទ្ធភាពនេះហើយ ទើបអតិថិជន និយាយប្រាប់តៗគ្នាពីមាត់មួយទៅមាត់មួយ ដោយមិនចាំបាច់ចំណាយលុយ ផ្សាយពាណិជ្ជកម្មនោះទេ។ កត្តាដែលនាំឱ្យ ម្ចាស់ក្រុមហ៊ុនផ្តល់សេវាកម្មកម្ចាត់សត្វកណ្តៀររូបនេះ អាចឈរជើងមកដល់សព្វថ្ងៃ គឺដោយសារការរកសុីស្មោះត្រង់ជាមួយនឹងអតិថិជន គួបផ្សំផលិតផលទៀតសោត ក៏មានគុណភាពល្អផងដែរ។

ជាចុងក្រោយ កញ្ញា មានពាក្យពេចន៍មួយចំនួនសម្រាប់ប្រិយមិត្ត គឺធ្វើអ្វីមួយ ត្រូវដាក់ចិត្តធ្វើឱ្យអស់ពីកម្លាំងកាយចិត្ត មិនថាចេញរកសុី ឫ ធ្វើការឱ្យគេក៏ដោយ។ សម្រាប់អ្នកចង់ចាប់ផ្តើមអាជីវកម្ម កញ្ញា បានផ្តាំផ្ញើថា អ្វីដែលមិនអាចខ្វះបានគឺ ដើមទុន និង បទពិសោធន៍ ហើយចំណុចដែលកាន់តែសំខាន់ជាងនេះទៀតនោះ គឺការសិក្សាស្វែងយល់ឱ្យសុីជម្រៅចំពោះមុខជំនួញ ដែលខ្លួនចង់ធ្វើផងដែរ៕

ទស្សនាវីដេអូនៅខាងក្រោមនេះ ៖

អត្ថបទ ៖ សង្ហា

អត្ថបទថ្មី