​រថយន្តតម្លៃខ្ទង់ ៤លានដុល្លាររបស់ Pagani នឹងមក​ដល់កម្ពុជា​លើកដំបូង

  • 2021-11-25 03:58:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្ត​ប្រភេទ​ hypercar ដែល​មាន​តម្លៃ​ប្រហែល ៤លានដុល្លារ​នៅទីផ្សារបរទេស គឺ​រថយន្ត Pagani Huayra Roadster BC នឹង​ក្លាយ​ជារថយន្ត​ដំបូង​របស់​ក្រុមហ៊ុនអ៊ីតាលីនេះ ដែល​នឹងមកដល់កម្ពុជាឆាប់ៗនេះ។

​យោងតាម​ការ​បង្ហោះនៅលើ​ទំព័រហ្វេសប៊ុកឈ្មោះ «CARs Passion» នាព្រឹកថ្ងៃទី២៥វិច្ឆិកានេះ បាន​ឱ្យដឹងដូច្នេះថា៖ «Pagani Huayra Roadster BC ជារថយន្ត​ Pagani ដំបូង​របស់​កម្ពុជា ដែល​នឹង​មក​ដល់ឆាប់ៗនេះ»។

រថយន្ត Huayra Roadster BC ​ មានប្រវែង ៤៦០៥មម ទទឹង ១១៦៨មម ប្រើម៉ាស៊ីន twin-turbo V12 ចំណុះ ៦,០លីត្រ ផលិតបាន​កម្លាំង ៧៩១​សេះ និង​កម្លាំងរមួល ១០៥០ញូ៊វតុនម៉ែត្រ ដែល​អាចបើកដល់ល្បឿនអតិបរមា ៣២០គីឡូម៉ែត្រ​ក្នុងមួយម៉ោង។ កម្រិត​ប្រើប្រាស់​សាំងគឺ​ ១០០គីឡូម៉ែត្រ ស៊ីប្រហែល ២០លីត្រ ហើយ​ធុងវាអាចផ្ទុក​សាំងបាន​ចំណុះ ៨៨លីត្រ ដែលគ្រប់គ្រាន់​ក្នុងការធ្វើដំណើរបានចម្ងាយជាង ៤០០គីឡូម៉ែត្រ។

គួរដឹងដែរថា កំពូល​រថយន្ត​ខ្ទង់លានដុល្លារ ដែល​កំពុងមាន​វត្តមាននៅកម្ពុជា រួមមាន​៖

-រថយន្ត Bugatti Chiron ចំនួន៣គ្រឿង ដែលបង្ហាញខ្លួននៅកម្ពុជា កាលពីចុងឆ្នាំ២០១៨, ចុងឆ្នាំ២០១៩ និងឆ្នាំ២០២១នេះ ដែល​មានតម្លៃ ៣លានដុល្លារ​នៅទីផ្សារបរទេស។

-រថយន្តស្ព័ររបស់អ៊ីតាលី Ferrari LaFerrari ចំនួន២គ្រឿង បានបង្ហាញខ្លួនលើទឹកដីប្រទេសកម្ពុជា កាលពីពាក់កណ្តាលឆ្នាំ២០១៩ ។ វា​ត្រូវ​បាន​ដាក់​លក់​នៅ​លើ​ទីផ្សារ​បរទេស​ក្នុង​តម្លៃ​ខ្ទង់ ១,៤ លានដុល្លារ។

-រថយន្ត McLaren P1 នេះ​មាន​តែ​មួយ​គ្រឿង​គត់​នៅ​កម្ពុជា។ នៅ​លើ​ទីផ្សារ​បរទេស វា​មាន​​តម្លៃ​ចាប់​ផ្ដើម​ពី​ខ្ទង់​ ១,៣លាន​ដុល្លារ។

-Mercedes-Benz G63 AMG 6X6 ជា​រថយន្ត​មាន​តែ​មួយ​គ្រឿង​គត់​នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ​បាន​លេច​មុខ​កាល​ពី​ចុង​ឆ្នាំ២០១៧។ បច្ចុប្បន្ន​​រថយន្ត​នេះ​មាន​តម្លៃ​ខ្ទង់ ១,៥ លាន​ដុល្លារ​លើ​ទីផ្សារបរទេស៕

អត្ថបទ៖ សំភី

អត្ថបទពេញនិយម
អត្ថបទថ្មី