ថ្ងៃនេះជាខួប១៦ឆ្នាំ នៃការដាក់បញ្ចូលល្ខោនស្រមោលស្បែក​ ក្នុងបញ្ជីបេតិកភណ្ឌ (អរូបី) នៃមនុស្សជាតិ

  • 2021-11-25 04:43:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅថ្ងៃនេះកាលពី ១៦ឆ្នាំមុន ល្ខោនស្រមោលស្បែកធំរបស់កម្ពុជា ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៃមនុស្សជាតិ របស់អង្គការយូណេស្កូ(UNESCO) នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០០៥។ ល្ខោនស្បែកធំ ជាសិល្បៈស្រមោលមួយបែប ដែលប្រើប្រាស់ផ្ទាំងរូបឆ្លាក់ពីស្បែក មកសម្តែងជាឈុតឆាកសាច់រឿង។ រូបឆ្លាក់ពីស្បែកទាំងនោះត្រូវគេដាប់ និងឆ្លាក់ជារូបអាទិទេព ដែលភាគច្រើនជារឿងបែបព្រហ្មណ៍សាសនា។

ល្ខោនស្បែកធំនេះ ជាប្រភេទល្ខោនស្រមោល គេតែងសម្តែងនៅទីងងឹត ឬក្នុងពេលយប់នៅទីវាលដែលមានបរិវេណធំទូលាយ ដូចជានៅវាលស្រែ និងទីវត្តអារាម ហើយសិល្បៈនេះ សម្តែងលើផ្ទាំងក្រណាត់ធំ ដែលត្រូវគេលាតជាលក្ខណៈបញ្ឈរឡើងលើ។ ក្រៅពីផ្ទាំងឆ្លាក់ពីស្បែក និងក្រណាត់ស គេត្រូវប្រើភ្លើងដើម្បីជះ ទៅលើផ្ទាំងក្រណាត់ស នៅសម័យដើមគេយកចន្លុះ ឬត្រឡោកដូង មកដុតជាភ្លើង។

សិល្បៈនេះមានប្រវត្តិនៅពេលព្រហ្មសាសនាចូលមកទឹកដីខ្មែរ។ កាលពីដើមឡើយ សិល្បៈប្រភេទនេះ ត្រូវបានគេឃើញសម្តែងក្នុងពិធីតែពីរ ឬបីប៉ុណ្ណោះក្នុងមួយឆ្នាំ និងកម្រសម្តែងជាសាធារណៈណាស់។ ពិធីទាំងនោះមានដូចជា ពិធីបុណ្យចូលឆ្នាំខ្មែរ ពិធីបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រ និងពិធីគ្រងរាជ្យ ឬក្នុងពិធីសក្ការៈ របស់ឥស្សរជនល្បីៗ៕

អត្ថបទ៖ សៀនហួរ