កម្មវិធី Cambodia ICT Award ២០២១ រកឃើញអ្នកឈ្នះពានរង្វាន់ប្រចាំឆ្នាំតាមប្រភេទផ្សេងៗគ្នា

  • 2021-12-01 06:43:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី Cambodia ICT Awards ២០២១ គឺជាការរៀបចំឡើងលើកទី ៧ គិតចាប់តាំងពីការបង្កើតដំបូងក្នុងឆ្នាំ ២០១៥ ដោយអតីត វិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍និង ICT (NIPTICT) បានរកឃើញម្ចាស់ជ័យលាភីចំនួន ៦ ឈ្នះពាន​រង្វាន់​បច្ចេកវិទ្យា​គមនាគមន៍ និង​ពត៍មាន​កម្ពុជា​ ឆ្នាំ ២០២១ បន្ទាប់ពីឆ្លងកាត់ការប្រកួតប្រជែងយ៉ាងស្វិតស្វាញ។

ក្នុងឆ្នាំនេះមានបេក្ខជនជាង ២០០ នាក់បានមកដាក់ពាក្យប្រកួតប្រជែងក្នុងពានរង្វាន់ ៦ ប្រភេទ៖

(១) ពានរង្វាន់សេវាកម្មរដ្ធបាលឌីជីថលល្អបំផុត

(២) ពានរង្វាន់ធុរកិច្ចថ្មីឌីជីថលល្អបំផុត

(៣) ពានរង្វាន់ស្ថាប័ននុវានុវត្តន៍ឌីជីថលល្អបំផុត

(៤) ពានរង្វាន់បច្ចេកវិទ្យានុវានុវត្តន៍សង្គមល្អបំផុត

(៥) ពានរង្វាន់មាតិកាឌីជីថលល្អបំផុត

(៦) ពានរង្វាន់ការស្រាវជ្រាវ និងអភិវឌ្ឍន៍ឌីជីថលល្អបំផុត

ដោយគណៈកម្មការជំនាញមកពីស្ថាប័នរដ្ធ ក្រុមហ៊ុនឯកជន សង្គមស៊ីវិល និងអ្នកតំណាងមកពីវិស័យផ្សេងៗ។ ក្រុមគណៈកម្មការកិត្តយសនៃកម្មវិធី Cambodia ICT Awards 2021 សម្រេចជ្រើសរើសអ្នកឈ្នះចុងក្រោយ បង្ហាញពីការច្នៃប្រឌិតដ៏ល្អបំផុតនៅក្នុងប្រភេទពានរង្វាន់ទាំង ៦ ប្រភេទ៖

-ពានរង្វាន់សម្រាប់សេវាកម្មរដ្ធបាលឌីជីថលល្អបំផុតប្រចាំឆ្នាំ គឺបានទៅលើ “QR Code Stop Covid” នៃអនុគណៈកម្មាធិការសម្រាប់ការឆ្លើយតបរហ័សនិងការស៊ើបអង្កេតទៅលើបុគ្គលដែលផ្ទុកវីរុសកូវីដ១៩។

-ពានរង្វាន់ធុរកិច្ចថ្មីឌីជីថលល្អបំផុត គឺបានទៅលើ "PillTech Ordering Platform & PillTech Pharmacy Point of Sale" របស់ក្រុមហ៊ុន PillTech Solutions Co., Ltd ។

-ពានរង្វាន់បច្ចេកវិទ្យានុវានុវត្តន៍សង្គមល្អបំផុត គឺបានទៅលើ "កម្មវិធីស្វ័យសិក្សា MoEYS" របស់ក្រុមហ៊ុន E-School Cambodia ។

-ពានរង្វាន់ការស្រាវជ្រាវ និងអភិវឌ្ឍន៍ឌីជីថលល្អបំផុតប្រចាំឆ្នាំ គឺបានទៅលើ "Emergency Low-Cost Ventilator" របស់ក្រុមហ៊ុន ArrowDot Co., Ltd។

-ពានរង្វាន់មាតិកាឌីជីថលល្អបំផុត គឺបានទៅលើ "Sastra Film App"

-ពានរង្វាន់ស្ថាប័ននុវានុវត្តន៍ឌីជីថលល្អបំផុត គឺបានទៅលើ "VET Food and Fruit Crisis Response" របស់ក្រុមហ៊ុន Vireak Buntham Express Co., Ltd ។

មានតែបេក្ខជនចំនួន 25 ស្ថាប័នប៉ុណ្ណោះ ដែលត្រូវបានជ្រើសរើសយ៉ាងសម្រឹតសម្រាងក្នុងការប្រកួត វគ្គផ្តាច់ព្រាត់ ធ្វើឡើងកាលពីថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២១ នៅមជ្ឈមណ្ឌលនវានុវត្តន៍កន្លងទៅ។ ក្រោមអធិបតីភាព ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីនៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដោយមាន ការចូលរួមពីភ្ញៀវកិត្តិយស មកពីវិស័យរដ្ធ និងឯកជន, startups និងដៃគូអភិវឌ្ឍន៍នានា ប្រព្រឹត្តនៅឯមជ្ឈមណ្ឌលនវានុវត្តន៍នៃ បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT)។ ការប្រកួតនេះត្រូវបានជ្រើសរើសយ៉ាងសម្រិតសម្រាងផ្អែកលើលក្ខណៈវិនិច្ឆ័យទាំង ៤ ចំណុចគឺ៖

(១) ការច្នៃប្រឌិតបច្ចេកវិទ្យា

(២) ការដោះស្រាយបញ្ហា

(៣) ប្រសិទ្ធភាពនៃប្រតិបត្តិការ

(៤) យុទ្ធសាស្ត្រទីផ្សារ

នៅក្នុងការថ្លែងសុន្ទរកថា ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រី ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ មានប្រសាសន៍ថា “ពានរង្វាន់ ICT កម្ពុជា គឺជាគំរូនៃភាពជោគជ័យ របស់សហគ្រិនបច្ចេកវិទ្យា អ្នកច្នៃប្រឌិត និងធុរកិច្ចថ្មី បច្ចេកវិទ្យារបស់យើង ដើម្បីបំផុស គំនិតច្នៃប្រឌិត និងនុវានុវត្តន៍ជាបន្តបន្ទាប់ ដើម្បីចូលរួមចំណែក ដល់ការអភិវឌ្ឍន៍ សេដ្ឋកិច្ចឌីជីថល និងសង្គមរបស់ប្រទេស"

ប្រធានបណ្ឌិត្យសភាឌីជីថលកម្ពុជា

ឯកឧត្តមបណ្ឌិត សេង សុភាព ប្រធានបណ្ឌិត្យសភាឌីជីថលកម្ពុជា គូសបញ្ជាក់ថា “ពានរង្វាន់ ICT កម្ពុជា ក្នងឆ្នាំនេះគឺបានឆ្លុះបញ្ចាំងពីក្រុមហ៊ុនបច្ចេកវិទ្យា និងធុរកិច្ចថ្មីរបស់យើង មានសមត្ថភាពប្រែ ក្លាយបញ្ហាប្រឈមដែលពួកគេបានជួបប្រទះក្នុងអំឡុងពេលជំងឺរាតត្បាតកូវីដ១៩ ឲ្យទៅជាឱកាស បង្កើតនូវផលិតផលច្នៃប្រឌិតថ្មី រួមទាំងគំរូអាជីវកម្មរបស់ពួកគេ ហើយអាចត្រៀមខ្លួនសម្រាប់ការប្រាស្រ័យទាក់ទងថ្មី (New Normal)” ។

ការប្រកួតប្រជែងនេះ ត្រូវបានប្រារព្ធឡើងដោយជោគជ័យក្រោមការគាំទ្រពី ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងសហការឧបត្ថម្ភដោយក្រុមហ៊ុន Smart Axiata និង Huawei Technologies (Cambodia) ព្រមទាំងការខិតខំប្រឹងប្រែង របស់អ្នកពាក់ព័ន្ធ ទាំងអស់រួមមាន ដៃគូរដ្ធ និងឯកជន អ្នកចូលរួមប្រកួត និងគណៈកម្មាធិការរៀបចំ ដែលបានចូលរួមធ្វើឲ្យពិធីប្រគល់រង្វាន់នេះអាចប្រព្រឹត្តទៅបានយ៉ាងរលូនរហូតដល់បញ្ចប់កម្មវិធី។

គណៈកម្មាធិការពានរង្វាន់ ICT កម្ពុជា សូមចូលរួមអបអរសាទរ ចំពោះជ័យលាភី ទាំងអស់ដែលជាអ្នកផ្តួចផ្តើមក្នុងការផលិតនូវ ផលិតផល និងសេវាកម្មយ៉ាងឆ្នើមសម្រាប់សង្គមឌីជីថលនៅកម្ពុជា។

អត្ថបទ៖ រក្សា