មកដឹងពី! មុខងារកាមេរ៉ាចាប់ល្បឿននៅផ្លូវជាតិលេខ៣ ឆ្លាតអស់ស្ទះតែប្រហែសជាប់ហើយ!

  • 2021-12-21 03:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាមេរ៉ាចាប់ល្បឿនលើផ្លូវជាតិលេខ៣ បាននឹងកំពុងត្រូវបានប្រើប្រាស់សាកល្បង ដើម្បីតាមដាន និងការពារសុខសុវត្ថិភាពរបស់បងប្អូនប្រជាពលរដ្ឋបើកបរតាមដងផ្លូវជាបណ្ដើរៗហើយ។ ទន្ទឹមនេះ អ្នកបើកបរយានយន្តទាំងអស់ពិសេសរថយន្តជិះតាមផ្លូវមួយនេះ តែប្រហែសមិនបានគោរពច្បាប់ត្រឹមត្រូវដឹងតែជាប់ហើយ កាមេរ៉ាចាប់ល្បឿនទាំងនេះ មុខងារឆ្លាតអស់ស្ទះ អាចចាប់បានស្ទើរតែទាំងស្រុងនៃរថយន្តនីមួយៗ។

តាមការផ្សាយរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនបានឲ្យដឹងថា កាមេរ៉ាចាប់ល្បឿនដែលបំពាក់នៅតាមបណ្ដោយផ្លូវជាតិលេខ៣ទាំងអស់ អាចឲ្យមន្រ្តីជំនាញដឹងនូវល្បឿនរបស់រថយន្ត ពណ៌ ប្រភេទ និងស្លាកលេខរថយន្ត អ្នកបើកបរមិនពាក់ខ្សែក្រវាត់ការពារ និងប្រើទូរសព្ទពេលបើកបរ ក្នុងគោលបំណងតាមដាន និងការពារសុខសុវត្ថិភាពក្នុងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋលើផ្លូវជាតិលេខ៣។

គួរបញ្ជាក់ថា ការបំពាក់កាមេរ៉ាចាប់ល្បឿន និងភ្លើងសញ្ញាចរាចរណ៍ឆ្លាតវៃលើផ្លូវជាតិលេខ៣ ជាគំនិតផ្តួចផ្តើមរបស់ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិសុវត្ថិភាពចរារណ៍ផ្លូវគោក ក្រោមការចង្អុលបង្ហាញរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរារណ៍ផ្លូវគោក។ កាមេរ៉ាចាប់ល្បឿនទាំង ១០ទីតាំងត្រូវបានចាប់ផ្តើមដំឡេីងពី ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១ និងបានបញ្ចប់នៅ ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយលើកំណាត់ផ្លូវជាតិលេខ៣ ចោមចៅ-កំពត ដែលមានប្រវែងសរុប ១៣៥ គីឡូម៉ែត្រ ក្នុងនោះពីចោមចៅ ដល់បែកគូស ជាផ្លូវ ៤គន្លង មានចំនួន ៤ទីតាំង និងកំណាត់ផ្លូវពីបែកគូសទៅកំពត ជាផ្លូវ២គន្លង មានចំនួន ៦ទីតាំង ៕

អត្ថបទដោយ៖ ស៊ូ អីន

អត្ថបទថ្មី