ឧកញ៉ាស្រុកខ្មែរមានជាង ១ ០០០នាក់ តែតាមព័ត៌មាន មិនដល់ ១០នាក់ទេ មានឧទ្ធម្ភាគចក្រជិះផ្ទាល់ខ្លួន!
- 2021-12-22 09:37:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឧកញ៉ាស្រុកខ្មែរមានជាង ១ ០០០នាក់ តែតាមព័ត៌មាន មិនដល់ ១០នាក់ទេ មានឧទ្ធម្ភាគចក្រជិះផ្ទាល់ខ្លួន!
ចន្លោះមិនឃើញ
ស្របតាមកិច្ចខិតខំប្រឹងប្រែង ក៏ដូចជាសកម្មភាពចួលរួមជួយសង្គមជាតិរៀងៗខ្លួន មានបុគ្គលជាង ១ ០០០នាក់ហើយ ត្រូវបានត្រាស់បង្គាប់ងារ "ឧកញ៉ា" “អ្នកឧកញ៉ា" តាមរយៈព្រះរាជក្រឹត្រព្រះមហាក្សត្ររៀងខ្លួន ដែលគិតត្រឹមឆ្នាំ ២០២០ កម្ពុជាមានឧកញ៉ា អ្នកឧកញ៉ា ចំនួន ១០៧០នាក់ហើយ។ នេះបើតាមបញ្ជីរាយនាមឧកញ៉ាស្រុកខ្មែរ។
ឧកញ៉ា អ្នកឧកញ៉ា សុទ្ធជាបុគ្គលដែលមានទ្រព្យធនស្តុកស្ដម្ភ ដែលអាចនិយាយបានថា ចង់ទិញអ្វី ធ្វើអ្វីក៏បាន ក្នុងនោះម្នាក់ៗមានរថយន្តថ្លៃៗរាប់សិបគ្រឿងម្នាក់ៗ។ ប៉ុន្តែក្នុងចំណោម លទ្ធភាពប្រើប្រាស់ឧទ្ធម្ភាគចក្រផ្ទាល់ខ្លួន មិនទាន់ទូលំទូលាយនោះទេ។
តាមព័ត៌មានក្រៅផ្លូវការមួយដែល Sabay ទទួលបាន ក្នុងចំណោមឧកញ៉ា អ្នកឧកញ៉ាខ្មែរ មានមិនដល់ ១០នាក់នោះទេ ដែលមានប្រើនូវឧទ្ធម្ភាគចក្រ ឬអេឡេកូផ្ទាល់ខ្លួនសម្រាប់ជាមធ្យោបាយធ្វើដំណើរ។ បញ្ហាចម្បងមួយចំនួន ដែលអត្រាប្រើប្រាស់មធ្យោបាយធ្វើដំណើរលំដាប់ខ្ពស់មួយនេះនៅមានចំនួនតិច ទី១ ដោយសារតម្លៃកប់ក្ដោងរបស់វា ក្នុងនោះបើតាមការបង្ហើបរបស់ប្រភពកំបាំងមុខមួយ ឧត្ថម្ភាកចក្រ១គ្រឿងមានតម្លៃទាបបំផុត ក៏ប្រមាណ ២លានដុល្លារអាមេរិកដែរ។
ដោយឡែកហេតុផលផ្សេងទៀត អាចទាក់ទងនឹងប្រព័ន្ធច្បាប់គ្រប់គ្រងផងដែរ ដែលចំណុចនេះ សូម្បីតែនៅបណ្ដាប្រទេសជឿនលឿន ក៏មិនទូលំទូលាយដែរ។ ដូច្នេះហើយ បើប្រភពមិនបញ្ចេញឈ្មោះមួយ ដែលជាបុគ្គលមានភាពស្និទ្ធស្នាលនឹងសង្គមរបស់ឧកញ៉ា អ្នកឧកញ៉ាស្រុកខ្មែរ បានបង្ហើបថា ឧកញ៉ាខ្មែរដែលមានឧទ្ធម្ភាគចក្រប្រើ គឺមិនដល់ ១០រូបទេ។ "នេះបើតាមខ្ញុំដឹង...គឺសុទ្ធឧកញ៉ា លំដាប់ៗ ហើយមានមិនដល់ ១០នាក់ទេ"។ ប្រភពថ្លែង។
តាមប្រភពដដែល ឧកញ៉ា អ្នកឧកញ៉ាទាំងនោះមាន អ្នកឧកញ៉ា ហុង ពីវ លោកឧកញ៉ា ថៃ ជាហួត អគ្គនាយកក្រុមហ៊ុន ប៉េង ហួត គ្រុប។ បន្តមកទៀតមាន អ្នកឧកញ៉ា គិត ម៉េង ឧកញ៉ា ជឹង សុភាព ហៅ យាភូ អ្នកឧកញ៉ា ហៀក សុភាព ស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង គ្រុប អ្នកឧកញ៉ា លី យ៉ុងផាត់ និងអ្នកឧកញ៉ា ចេន ស៊ី ប្រធានសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍គ្រុប ជាដើម៕