មកដឹងអំពីមូលហេតុ! អតីតអគារសាលាខេត្តបាត់ដំបងអាយុកាល១១៦ឆ្នាំ ស្រដៀងអគារមួយក្នុងប្រទេសថៃ

  • 2021-12-29 01:01:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រវត្តិនៃការកសាងអគារសារមន្ទីរប្រវត្តិសាស្រ្តអតីតអគារសាលាខេត្តបាត់ដំបងគឺបានកើតឡើង នៅឆ្នាំ១៩០៥ ពេលដែល ស្ដេចត្រាញ់ កថាថន ឈុំ ដែលចាសេ្តចត្រាញ់អាយ៉ងប្រទេសថៃក្នុងជំនាន់នោះបាន គ្រប់គ្រង ខេត្តបាត់ដំបង លោកបានជួលស្ថាបត្យករអ៊ីតាលីពីទីក្រុងបាងកកឲ្យមកសាងសង់អគារនេះឡើងសម្រាប់ធ្វើជាលំនៅឋានផ្ទាល់ខ្លួន ប៉ុន្តែជាអកុសល ក្នុងឆ្នាំ១៩០៧ ពេលដែលបារាំងទាមទារបានខេត្តទាំងបី រួមមានខេត្តបាត់ដំបង សិរីសោភណ្ឌ (ស្វាយស៊ីសុផុន) និងអង្គរ (សៀមរាប) ពីថៃមកឲ្យកម្ពុជាវិញ ស្ដេចត្រាញ់រូបនេះក៏បានលក់លំនៅឋានរបស់លោកទាំងអស់ រួមទាំងអាគារនេះផង ដែលលោកមិនទាន់បានរស់នៅ ឲ្យមកអាជ្ញាធរបារាំង ។

ដើមហេតុដែលធ្វើឲ្យអការនេះមានភាពស្រដៀងគ្នានោះគឺ លោកម្ចាស់កថាថន ឈុំ ពេលដែលផ្លាស់ទៅរស់នៅក្នុងខេត្តប្រាជីនបុរី ប្រទេសថៃ ក្នុងឆ្នាំ១៩០៩ លោកបានសាងសង់លំនៅឋានផ្ទះមួយទៀត ដែលស្ទើរតែដូចគ្នាបេះបិទនឹងអាគារចាស់នៅខេត្តបាត់ដំបងតែម្តងពោលគឺ លើកលែងតែហោជាងខាងមុខបន្តិចតែប៉ុណ្ណោ ព្រោះសូម្បីតែជាងចម្លាក់ក៏លោកជួលពីអ្នកធ្លាប់ឆ្លាក់នៅផ្ទះចាស់របស់លោកមកដែរ។ អគារនោះមានឈ្មោះថា Chaophraya Abhaibhubejhr បច្ចុប្បន្នវាត្រូវបានប្រើប្រាស់ជាមន្ទីរពេទ្យខេត្តប្រាជីនបុរី និងក្រោយមកបានប្ដូរឈ្មោះទៅជា មន្ទីរពេទ្យ Chaophraya Abhaibhubejhr វិញ។

គួរបញ្ជាក់ផងដែរថា អគារសារមន្ទីរប្រវត្តិសាស្រ្ត អតីតអគារសាលាខេត្តបាត់ដំបង ដែលកសាងឡើងនៅក្នុងសម័យលោកម្ចាស់កថាថន ឈុំ ឆ្នាំ១៩០៥ ពេលដែលបាត់ដំបងស្ថិតក្រោមការគ្រប់គ្រងរបស់ថៃ ចាប់ពីឆ្នាំ១៧៩៥ ដល់១៩០៧ ដែលលោកជាពូជពង្សរបស់ចៅហ្វាបែន បានគ្រប់គ្រងខេត្តបាត់ដំបងរហូតទៅដល់ ៥ជំនាន់តៗគ្នាឯណោះ។អគារនេះក៏ត្រូវបានប្រើប្រាស់ជាកន្លែងធ្វើការ និងកន្លែងស្នាក់នៅរបស់មន្ត្រីជាន់ខ្ពស់បារាំង និងក្រោយមកជាសាលាខេត្តបាត់ដំបង រហូតមកដល់ឆ្នាំ២០០៥ ។ បច្ចុប្បន្នអាជ្ញាធរខេត្តបាន រៀបចំអតីតអគារសាលាខេត្តនេះឲ្យទៅជាសារមន្ទីរបេតិកភ័ណរបស់ខេត្ត ដើម្បីឲ្យភ្ញៀវជាតិ និងអន្តរជាតិចូលទស្សនាកម្សាន្ត ដោយមានការដាក់តាំងរូបភាព ទស្សនីយភាពផ្សេងៗដែលកើតឡើងក្នុងសម័យគ្រប់គ្រងដោយលោកម្ចាស់នីមួយៗរហូត ដល់ឆ្នាំ១៩០៧ និងក្នុងសម័យអាណានិគមនិយមបារាំង ប្រវត្តិនៃការដឹកនាំខេត្តបាត់ដំបងនិងរូបថតអភិបាលខេត្តពីសម័យអាណានិគមនិយមបារាំងរហូតដល់បច្ចុប្បន្ន ។ ក្រៅពីនេះរៀបចំដាក់តាំងនូវវត្ថុបុរាណ រូបចម្លាក់ រូបភាពសិល្បៈ បញ្ចូលសម្លេងនិងរូបភាពដោយរៀបរាប់ប្រវត្តិខ្លីៗតាមប្រវត្តិកាលនីមួយៗ ។

ប្រភព៖ មន្ទីរទេសចរណ៍ខេត្តបាត់ដំបង

អត្ថបទដោយ៖ សាន​ សុធារដ្ឋ