ផ្កាយរណបរបស់ SpaceX ប៊ិះ​បុកស្ថានីយអវកាសចិន ២ដង

  • 2021-12-30 06:53:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្កាយរណប Starlink របស់​ក្រុមហ៊ុន SpaceX ស្ទើរតែបុកគ្នា​ជាមួយ​ស្ថានីយអវកាស​ Tiangong ចំនួន២ដងហើយ ក្នុងឆ្នាំ​២០២១នេះ គឺ​នៅថ្ងៃទី២១ កក្កដា និង ២១ តុលា។

ភាគីចិន បាន​ដាក់ពាក្យបណ្តឹង​ទៅ​អង្គការ​សហប្រជាជាតិ ចំពោះ​ករណីទាំង២នេះហើយ។ ចិន​លើកឡើង​ថា ផ្កាយរណប​របស់ SpaceX តែងតែមាន​សកម្មភាព​ដែលមិនអាច​ទស្សន៍ទាយទុកមុនបាន ពោលគឺ​ករណីលើកទី២ ផ្កាយរណប Starlink បាន​ហោះ​ក្នុងគន្លងផ្លូវមួយ​ដែល​ធ្វើឱ្យ​ភាគីចិន ពិបាក​ស្មាន​នូវទិសដៅរបស់វា។

នៅក្នុងពាក្យ​បណ្តឹង​នោះ ប្រទេសចិន​បាន​ស្នើឱ្យ​អគ្គលេខាធិការ UN ធ្វើការ​ក្រើន​រំលឹក​ដល់​ប្រទេស​ដែល​ជាភាគី​ក្នុង​សន្ធិសញ្ញា​អវកាស ត្រូវ​ទទួល​ខុសត្រូវ​សម្រាប់​ឧបទ្ទវហេតុ​ណាមួយ​ ដែល​កើតឡើង​នៅក្រៅផែនដី បើទោះបី​ជាវាស្ថិតក្នុងការគ្រប់គ្រង​របស់​ក្រុមហ៊ុន​ឯកជនក្តី។

ជាមួយគ្នានោះ ចិន​ក៏បាន​រំលឹក​ដែរថា ការបាញ់​សាកល្បង​មីស៊ីល​ប្រឆាំង​នឹង​ផ្កាយរណប​ដែល​ធ្វើឡើង​កាលពីឆ្នាំ២០០៧ បាន​បង្កើត​ជាបំណែក​ដែល​បង្កការគំរាម​ដល់​ស្ថានីយអវកាស​អន្តរជាតិ និង​យានអវកាស​ដទៃទៀត។ ដូចគ្នាដែរ ពាក្យបណ្តឹងនេះ​គឺ​បង្ហាញ​ថា សកម្មភាព​របស់​ក្រុមហ៊ុនឯកជន​ក្នុង​ទីអវកាស គឺស្ទើរតែធ្វើឱ្យមាន​ការប៉ះទង្គិចគ្នា​ទៅហើយ ជាពិសេស​នៅពេល​ក្រុមហ៊ុន SpaceX ក្រុមហ៊ុន Amazon និង​ក្រុមហ៊ុនដទៃទៀត បាន​ចាប់ផ្តើម​សេវាអ៊ីនធើណែត ដែល​ផ្អែកលើ​ផ្កាយរណប៕

ប្រភព៖ engadget   ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី