អ្នកមានជំនឿលើឆុងឆ្នាំ បើបានស្ដាប់សង្ឃដីការព្រះតេជគុណ គូ សុភាព ដឹងតែឈប់ភ័យព្រួយ ឈប់រត់ទៅកាត់ឆុងមិនខាន
- 2022-01-06 07:36:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកមានជំនឿលើឆុងឆ្នាំ បើបានស្ដាប់សង្ឃដីការព្រះតេជគុណ គូ សុភាព ដឹងតែឈប់ភ័យព្រួយ ឈប់រត់ទៅកាត់ឆុងមិនខាន
ចន្លោះមិនឃើញ
អប្បិយជំនឿតែងផ្សារភ្ជាប់ក្នុងជីវភាពរស់នៅរបស់មនុស្សតាំងពីបរមបុរាណមកម្ល៉េះ តែងជឿទៅលើជំនឿបែរបន់ អារុកអរក្ខ អ្នកតា ជឿថា មានបុណ្យ មានបាប មានកម្ម ជាដើម។ តួយ៉ាងជំនឿ ឆុង ឆ្នាំពិសេសអ្នកកាត់សែស្រឡាយចិន តែងជឿថា ប្រសិនបើឆ្នាំពង្សធាតុរបស់ខ្លួន ឆុង ឬ មិនល្អ នៅក្នុងឆ្នាំថ្មី នឹងនាំឱ្យកើតហេតុមិនល្អក្នុងជីវិត ជួបបញ្ហាមិនចេះចប់ រកស៉ីមិនឡើងជាដើម ។ ដូច្នេះហើយឱ្យតែចូលឆ្នាំថ្មីម្ដងៗ អ្នកដែលត្រូវបានហោរាមើលឃើញថា ឆ្នាំរបស់ពួកគេឆុងនឹងឆ្នាំថ្មី គេតែងតែធ្វើពិធីកាត់ឆុងទៅតាមជំនឿរៀងៗខ្លួន អ្នកខ្លះធ្វើពិធីស្រោចទឹក ខ្លះទៅអុធធូបសែនព្រែននៅវត្តភ្នំ និងខ្លះទៀតទៅរកគ្រូចិនសែនផ្សេងៗដើម្បីកាត់ឆុង។
យ៉ាងណាមិញ ជុំវិញ ឆ្នាំឆុង នេះបើតាមពុទ្ធដីការព្រះភិក្ខុ វជិរប្បញ្ញោ គូ សុភាព បានមានសង្ឃដីការថា៖ «ឆ្នាំប្រហែលជាមិនឆុងនឹងអ្នកទេ ព្រោះវាជាអព្យាកតធម៌(នៅកណ្តាល មិនល្អ មិនអាក្រក់)។ តែចិត្តមិនស្រស់ ចិត្តមិនសប្បាយ ចិត្តមួម៉ៅនឹងរឿងខ្លះ ធ្វើឱ្យអ្នកមានអារម្មណ៍(គិត)ថា ឆ្នាំនេះមិនល្អ។ ឆ្នាំខ្លះ បាបឱ្យផល ឆ្នាំខ្លះ បុណ្យឱ្យផល ឡើងចុះដូចរលកទឹក តាមកម្លាំងកម្មដែលអ្នកបានសាង។ តែអំពើល្អ ទឹកចិត្តល្អ ពេលបច្ចុប្បន្ន ជួយរក្សាជីវិតអ្នកឱ្យបានភ្លឺថ្លា បើមានបាបចាស់ឱ្យផល ក៏មានបុណ្យថ្មីជួយអ្នកបានខ្លះ»។
យោងតាមអត្ថន័យខាងលើនេះ ព្រះភិក្ខុ វជិរប្បញ្ញោ គូ សុភាព ចង់អប់រំដល់ពុទ្ធសាសនិកជនទាំងឡាយថា រឿងហេតុកើតមានល្អ ឬ មិនល្អ គឺវាអាស្រ័យទៅលើសកម្មភាព កាយវិកា ការនិយាយស្ដី ដែលយើងខ្លួនឯងជាអ្នកកសាងឡើង ពោលគឺក្នុងចិត្តយើងជាអ្នកកំណត់ ។ រឿងល្អ ឬ មិនល្អ តែងមាននៅក្នុងជីវិតមនុស្សយើងម្នាក់ៗជៀសមិនផុតឡើយ បើឆ្នាំណាយើងជួបរឿងល្អៗច្រើន នោះយើងនឹងគិតថាឆ្នាំនោះល្អ តែឆ្នាំដែលយើងជួបបញ្ហា គឺយើងនឹងថាជាឆ្នាំដែលឆុង ឬ ឆ្នាំមិនល្អ។
យ៉ាងណាមិញ អប្បិយជំនឿមិនអាចកាត់ផ្ដាច់ពីផ្នត់គំនិតប្រជាជនបានឡើយ ប្រសិនបើការធ្វើពិធីកាត់ឆុង នាំឱ្យអ្នកសប្បាយចិត្ត ជ្រះថ្លាក្នុងចិត្តក៏ធ្វើចុះ គ្មានអ្វីទាស់ខុសឡើយ ៕