រូបភាពមហាកម្រ នៃពិធីរាជាភិសេកគ្រងព្រះបរមសិរីរាជសម្បត្តិជាផ្លូវការសម្ដេចព្រះនរោត្តម សុរាម្រិតនិងសម្តេចព្រះមហាក្សត្រិយានី
- 2022-01-16 08:10:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រូបភាពមហាកម្រ នៃពិធីរាជាភិសេកគ្រងព្រះបរមសិរីរាជសម្បត្តិជាផ្លូវការសម្ដេចព្រះនរោត្តម សុរាម្រិតនិងសម្តេចព្រះមហាក្សត្រិយានី
ចន្លោះមិនឃើញ
ខាងក្រោមនេះជារូបភាពដ៏កម្រមួយក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជាយើង ដោយកាលនោះព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តម សុរាម្រិត ព្រះមហាក្សត្រស្តេចយាងបំពាក់ព្រះមកុដប្រទានសម្តេចព្រះមហាក្សត្រិយានី ស៊ីសុវត្ថិ កុសុមៈ នារីរ័ត្នសិរីវឌ្ឍនា ដោយផ្ទាល់ព្រះហស្ថ ខណៈសម្តេចព្រះមហាក្សត្រិយានីប្រថាប់លើព្រះទីនាំងព្រះមហាបុស្បុក។
ព្រឹត្តិការណ៍នេះកើតឡើងនាថ្ងៃអង្គារ ១០រោច ខែផល្គុន ឆ្នាំមមែ សប្តស័ក ព្រះពុទ្ធសករាជ២៤៩៩ ត្រូវនឹងថ្ងៃទី៦ ខែមីនា ឆ្នាំ១៩៥៦ ជាទិវាដ៏មហានក្ខត្តឫក្សនៃព្រះរាជពិធីរាជាភិសេកគ្រងព្រះបរមសិរីរាជសម្បត្តិជាផ្លូវការ នៃព្រះករុណាព្រះបាទសម្ដេច ព្រះនរោត្តម សុរាម្រិត និងសម្តេចព្រះមហាក្សត្រិយានី ស៊ីសុវត្ថិ កុសមៈនារីរ័ត្ន សិរីវឌ្ឍនា។ កាលនោះព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តម សុរាម្រិត ស្តេចទ្រង់ព្រះពស្ត្រពេញព្រះយសជាព្រះមហាក្សត្រាធិរាជ គង់លើព្រះមហារាជបល្ល័ង្ក ក្រោមព្រះមហាស្វេតច្ឆត្រ៩ជាន់ នាព្រះទីនាំងទេវាវិនិច្ឆ័យមហៃមហាស្ថាន បន្ទាប់ពីស្តេចប្រថាប់លើព្រះរាជបល្ល័ង្ករួចមក ព្រះករុណា និងសម្តេចព្រះមហាក្សត្រិយានី ស្តេចទាំងទ្វេស្តេចយាងទៅកាន់ព្រះទីនាំងមហាបុស្បុក ដែលស្ថិតនៅក្រោយព្រះរាជបល្ល័ង្កតាមក្បួនហែ។
លុះដល់ព្រះទីនាំងហើយសម្ដេចព្រះមហាក្សត្រិយានីខណៈស្តេចទ្រង់ព្រះពស្ត្រពេញព្រះយសជាព្រះមហាខត្តិយក្សត្រី ស្តេចយាងគង់លើព្រះទីនាំងមហាបុស្បុក ព្រះករុណាព្រះមហាក្សត្រស្តេចទ្រង់បំពាក់ព្រះមកុដប្រទានដល់សម្តេចព្រះមហាក្សត្រីយានី។ ក្រុមស្ត្រីជំទាវខុនណាងខ្ញុំរាជការ ក្រាបថ្វាយបង្គំតាមទំនៀម រួចមកសម្តេចទាំងទ្វេយាងត្រឡប់មកគង់លើព្រះទីនាំងសុវណ្ណកោច្ឆៈខាងមុខព្រះរាជបល្ល័ង្កវិញ។
ព្រះមកុដ សម្រាប់សម្តេចព្រះមហាក្សត្រិយានី ស៊ីសុវត្ថិកុសមៈ នារីរ័ត្នសិរីវឌ្ឍនាទ្រង់គ្រងនេះត្រូវបានសាងឡើងក្រុមអ្នកជំនាញគ្រឿងអល្លង្កាដ៏ល្បីឈ្មោះនៅទីក្រុង Nice ប្រទេសបារាំង ដោយព្រះបរមឆាយាល័ក្ខណ៍ព្រះអង្គត្រូវបានផ្ញើរទៅកាន់បារាំងដើម្បីអោយអ្នករចនា ពិនិត្យនិងរចនាព្រះមកុដថ្មីនេះឡើង សម្រាប់ព្រះអង្គគ្រងក្នុងព្រះរាជពិធីសុខាភិសេករបស់ព្រះអង្គ ៕
ប្រភព៖ ទំព័រហ្វេសប៊ុក បុរាណចារ្យ