អាជ្ញាធរសិង្ហបុរី គំរាមចាត់វិធានការលើធនាគារធំមួយបន្ទាប់ពីមានសារបោកបញ្ឆោតធ្វើឲ្យបាត់លុយជាង ៦លានដុល្លារ

  • 2022-01-21 02:52:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើតាមការផ្សព្វផ្សាយរបស់សារព័ត៌មាន the Straits Times កាលពីពេលថ្មីៗនេះបានឱ្យដឹងថា អាជ្ញាធរប្រទេសសិង្ហបុរីកំពុងពិចារណាលើវិធានការត្រួតពិនិត្យទៅលើធនាគារដ៏ធំមួយដែលអាចចាត់ទុកជាធនាគារធំទីពីរ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ បន្ទាប់ពីធនាគារនេះត្រូវបានរងការរិះគន់ថា មិនបានចាត់វិធានការឱ្យបានទាន់ពេលវេលាទាក់ទងនឹងការបោកបញ្ឆោតតាមរយៈការផ្ញើរសារ កាលពីចុងឆ្នាំ២០២១។

ការបោកបញ្ឆោតជាលើកដំបូងបានកើតឡើងនៅដើមខែធ្នូ ឆ្នាំ២០២១ ហើយកាន់តែរីករាលដាលខ្លាំងក្នុងអំឡុងពេលថ្ងៃឈប់សម្រាក។ នៅចុងខែធ្នូ អាជ្ញាធរបានរាយការណ៍ថា ការឆបោកបានប៉ះពាល់ដល់អតិថិជនចំនួន ៤៦៩នាក់ និងបាត់បង់ថវិកាជាង ៦,៣លានដុល្លារសហរដ្ឋអាមេរិក។

នៅក្នុងការបោកបញ្ឆោតនេះ ជនរងគ្រោះទទួលបានសារ SMS ដែលហាក់ដូចជាមកពីធនាគារ ដែលមិនមានការស្នើសុំ ហើយសូមឱ្យម្ចាស់គណនីចុចលើតំណភ្ជាប់ដើម្បីដោះស្រាយបញ្ហាមួយចំនួនទាក់ទងនឹងគណនី។ នៅពេលដែលតំណភ្ជាប់នោះត្រូវបានចុច ជនរងគ្រោះត្រូវបានបញ្ជូនបន្តទៅកាន់គេហទំព័រធនាគារក្លែងក្លាយ ដែលពួកគេផ្តល់ព័ត៌មានលម្អិតអំពីការចូលគណនីរបស់ពួកគេ។

ជនរងគ្រោះមិនបានដឹងថា ​ពួកគេត្រូវបានគេបោកនោះទេ​ រហូត​ដល់​ពួកគេ​ទទួល​បាន​ការ​ជូន​ដំណឹង​អំពី​ប្រតិបត្តិការ​ផ្ទេរលុយចេញពីគណនីដោយគ្មាន​ការ​អនុញ្ញាត​។ កាលពីថ្ងៃទី១៩ ខែមករា ធនាគារបានប្រកាសថា អតិថិជនដែលបានរងគ្រោះទាក់ទងនឹងការបោកបញ្ឆោតនេះនឹងទទួលបានប្រាក់ដែលបានបាត់បង់ទាំងអស់មកវិញ។

ដោយមើលឃើញពីហានិភ័យក្នុងការប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យាក្នុងការធ្វើប្រតិបត្តិការអនឡាញ ទើបនាយកដ្ឋានតែងតែធ្វើការណែនាំឱ្យអ្នកប្រើប្រាស់មានការប្រុងប្រយ័ត្ននៅពេលដែលទទួលបានសារទាក់ទងទៅនឹងបញ្ហាជាមួយគណនីធនាគារ ឬសារដែលទាមទារឱ្យលោកអ្នកផ្ដល់នូវលេខកូដសម្ងាត់ OTP។ ប្រសិនបើលោកអ្នកទទួលបានសារទាំងនោះ លោកអ្នកគួរតែធ្វើការទំនាក់ទំនងតាមរយៈទូរសព្ទរបស់ធនាគារផ្ទាល់ ជាងនេះទៅទៀតសូមលោកអ្នកកុំចុចនៅលើតំណភ្ជាប់ដែលមាននៅក្នុងសារ ឬអុីមែល៕

ប្រភព៖ Anti Cyber Crime Department

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី