ប្រយ័ត្នកុងម៉ាមិនទទួលណា! ក្រដាសសែនមិនមែនចេះតែដុតផ្ដេសផ្ដាសទេ មានកំណត់ម៉ោងច្បាស់លាស់ណាស់
- 2022-01-27 02:55:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រយ័ត្នកុងម៉ាមិនទទួលណា! ក្រដាសសែនមិនមែនចេះតែដុតផ្ដេសផ្ដាសទេ មានកំណត់ម៉ោងច្បាស់លាស់ណាស់
ចន្លោះមិនឃើញ
ក្នុងថ្ងៃចូលឆ្នាំចិនបន្ទាប់ពីសែនបាយទឹក នំចំណី បង្អែមចង្អាបរួចហើយ អ្នកជាប់សែស្រឡាយចិនតែងដុតក្រដាសសែន ឧទ្ទិសដល់កុងម៉ា មានលុយមាសប្រាក់ កែវកង ផ្ទះឡានជាដើម។ លោកតា ស៊ុយ ទ្រី ដែលជាកូនចៅចិនដឹងច្បាស់ទំនៀមទម្លាប់នេះបាននិយាយថា អ្នកខ្លះដឹងមិនច្បាស់ពីពេលវេលាត្រូវដុតក្រដាសសែននេះ ចេះតែដុតផ្ដេសផ្ដាសតាមការយល់ឃើញ អ្នកខ្លះក៏ដុតមុនម៉ោង អ្នកខ្លះក៏ដុតក្រោយម៉ោង។ ដូចនេះបើដុតខុសម៉ោងខ្មោចកុងម៉ាមិនទទួលទេ។
លោកតា ស៊ុយ ទ្រី ប្រាប់ថា តាមក្បួនតម្រារបស់ជនជាតិចិន គេមិនឱ្យដុតក្រដាសសែនដល់ម៉ោង១២ថ្ងៃត្រង់ ឬលើសម៉ោង១២ដាច់ខាត។ លោកតាបន្តថា ប្រសិនបើគ្រួសារណាដែលដុតត្រឹមម៉ោង១២ ឬលើសម៉ោង១២ថ្ងៃត្រង់ស្មើពុំបានសែនព្រេនដូច្នោះដែរ។ តាមទំនៀមទម្លាប់ប្រពៃណីចិន ម៉ោងដែលត្រូវដុតក្រដាសសែន គឺចាប់ពីចន្លោះម៉ោង ១០ព្រឹករហូតដល់ម៉ោង ១១កន្លះ ដាច់ខាតកុំឱ្យដល់ម៉ោង១២ថ្ងៃត្រង់ ព្រោះចិនមានជំនឿថា ម៉ោង១២ថ្ងៃត្រង់នេះខ្មោចមិននៅទេ ហើយក៏ជាពេលដែលខ្មោចកុងម៉ាមិនអាចទទួលបានសំណែនទាំងអស់នោះដែរ។
លោកតា ស៊ុយ ទ្រី ជាកូនចៅចិនច្រើនជំនាន់មកហើយបានបន្តទៀតថា រឿងដុតក្រដាសសែននេះជាពេលសំខាន់ជាងគេក្នុងពិធីសែនព្រេនដល់កុងម៉ា ប៉ុន្តែអ្នកខ្លះពុំចាប់អារម្មណ៍ឡើយ គិតថាពេលអុចធូបឧទ្ទិសកំឡុងពេលសែនទើបជារឿងសំខាន់។ លោកតានិយាយ ពេលសែនព្រេននេះជារឿងសំខាន់ហើយពេលចូលឆ្នាំចិន តែពេលដុតក្រដាសសែនដើម្បីបញ្ចប់ការសែនព្រេននេះ កាន់តែសំខាន់មិនត្រូវធ្វេសប្រហែស។ ដូចនេះបន្ទាប់ពីសែនព្រេនហើយកាលណាសុំប្រញាប់ដុតក្រដាសសែនកុំដំអក់ ឬចាំរហូតដល់ម៉ោងថ្ងៃត្រង់។
លោកក៏បញ្ជាក់ផងទៀតថា កំឡុងពេលដុតក្រដាសសែននោះ ដាច់ខាតហាមកូនចៅកុំឱ្យទាស់សម្ដីគ្នា តឹងសរសៃកដាក់គ្នា បើមិនដូច្នោះខ្មោចកុងម៉ា នឹងមិនទទួលសំណែនទាំងនោះឡើយ ហើយអាចនាំរឿងស៊យដល់គ្រួសារទៀតផង៕