រីកចម្រើនដូចផ្លេកបន្ទោរ! មកដឹងចំនួនអគារខ្ពស់កប់ៗពពកនៅភ្នំពេញត្រឹមឆ្នាំ ២០២២ ធៀបនឹង៤០ឆ្នាំមុនមាន អគារខ្ពស់មួយគត់

  • 2022-01-31 10:08:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្របពេលកម្ពុជាកំពុងប្រកបដោយសុខសន្តិភាពពេញបរិបូរណ៍ ទន្ទឹមនេះការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធគ្រប់វិស័យ ក៏កាន់តែរីកចម្រើនលូតលាស់ឥតឈប់ឈរផងដែរ។ ជាក់ស្ដែងការវិនិយោគក្នុងវិស័យសំណង់អគារនៅទូទាំងប្រទេសកំពុងសម្រុកអភិវឌ្ឍន៍យ៉ាងគំហុករីកដុះដូចផ្សិត ពិសេសត្រឹមឆ្នាំ២០២២នេះ ចំនួនអគារខ្ពស់កប់ៗពពកនៅភ្នំពេញរាប់ពាន់អគារ រីកចម្រើនដូចផ្លេកបន្ទោរ ខណៈធៀបនឹងជាង៤០ឆ្នាំមុនមាន អគារខ្ពស់មួយគត់ ។

ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ ស្ពានអាកាសលើផ្លូវជាតិលេខ៥ ក្បែរទីលានប្រជាធិបតេយ្យ នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដូច្នេះថា៖ នៅភ្នំពេញបច្ចុប្បន្នបណ្ដុំអគារនៅទីក្រុងខ្ពស់ៗច្រូងច្រាង រីកចម្រើនខ្លាំងណាស់ ខណៈបច្ចុប្បន្ននេះមានអគារកម្ពស់ចាប់ពី ៥ទៅ ៩ជាន់ មានចំនួន រហូតលើសពី ៥០ជាន់ឡើងលើមានសរុប ១៦០៣ អគារ, ក្នុងនោះ ៥ជាន់ ទៅ ៩ជាន់មានចំនួន ៩២៦ អគារ, ពី ១០ ទៅ ១៩ជាន់មាន៤៥២, ពី ២០ ទៅ ២៩ ជាន់មាន១២០, ពី៣០ ទៅ ៣៩ ជាន់មាន ៦៥អគា, ពី ៤០ ជាន់ទៅឡើងមាន ៤០ អគារ ។ ដោយឡែកក្នងឆ្នាំ១៩៧៩ អគារដែលខ្ពស់ជាងគេក្នុងក្រុងភ្នំពេញ មាន៧ជាន់ និងមានតែមួយប៉ុណ្ណោះ ។

ការបង្ហាញវត្តមានអគារខ្ពស់ៗ ហេដ្ឋារចនាសម្ព័ន្ធ ស្ពាន ស្ពានអាកាស ផ្លូវថ្នល់ បានកើតឡើងជាបន្តបន្ទាប់ កាន់តែច្រើនទាំងអស់នេះ គឺបានឆ្លុះបញ្ចាំងពីសមិទ្ធផលធំៗរបស់កម្ពុជាដែលសម្រេចបាន និងមិនធ្លាប់មានពីមុនមក ក្នុងខណៈពេលដែលកម្ពុជាកំពុងទទួលបានសុខសន្តិភាពពេញលេញទូទាំងប្រទេស ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់ សម្ដេចតេជោ នាយករដ្ឋមន្ត្រី។ ការរីកចម្រើនទាំងអស់នេះ មិនអាចកើតឡើងបានឡើយ បើប្រទេសយើងមិនមានសន្តិភាព។ ដូច្នេះ សន្តិភាព គឺជាតម្លៃដែលមិនអាចកាត់ថ្លៃបានឡើយ ហើយប្រជាពលរដ្ឋគ្រប់រូបត្រូវតែរួមគ្នាថែរក្សាការពារសន្តិភាព ដើម្បីទទួលបានការអភិវឌ្ឍប្រទេសជាតិរបស់យើងអោយកាន់តែរីកចម្រើនខ្លាំងថែមទៀត ៕

អត្ថបទដោយ៖ ស៊ូ អីន