ចាយលុយត្រឹម ២៥០ដុល្លារ ក៏អាចក្លាយជាម្ចាស់ឡានអគ្គិសនីដំបូងបង្អស់របស់ Subaru

  • 2022-02-09 03:34:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Subaru បានចាប់ផ្តើមទទួលការកក់លុយ លើរថយន្តអគ្គិសនីដំបូងបង្អស់របស់ខ្លួនជាផ្លូវការ គឺម៉ូដែល Subaru Solterra ស៊េរីឆ្នាំ២០២៣ នៅសហរដ្ឋអាមេរិក។

ការបើកឲ្យកក់លុយនេះនឹងដំណើរការដល់ថ្ងៃទី២៨ ខែកុម្ភៈ ដោយទាមទារឲ្យអតិថិជនកក់លុយមុនត្រឹមតែ ២៥០ដុល្លារប៉ុណ្ណោះ ដើម្បីអាចមានសិទ្ធិទិញយក ឬបង់រំលស់រថយន្ត Subaru Solterra។

ថ្វីបើក្រុមហ៊ុនមិនទាន់បានបញ្ចេញព័ត៌មានលម្អិតអំពីរថយន្ត Subaru Solterra ប៉ុន្តែវេបសាយរបស់ក្រុមហ៊ុនបានបង្ហាញថា ម៉ូដែល Solterra Premium ដែលជាប្រភេទ Base Option នឹងមានបំពាក់ចង្កៀងមុខ LED, ប្រព័ន្ធម៉ាស៊ីនត្រជាក់អូតូ, មុខងារ Blind-Spot និង បច្ចេកវិទ្យាជំនួយការបើកបរ EyeSight មកស្តង់ដារតែម្តង។

ប្រសិនបើឡើងមួយ Option ទៀត គឺ Solterra Limited នឹងមានបន្ថែមពិលកាង, រឺហ្គែរដំបូល និងយ៉ាន់កង់ទំហំ ២០អ៊ីញ ប្រភេទ Alloy ព្រមទាំង ទ្វារឃ្លុបក្រោយអូតូ និង កាងកន្ទុយត្រីមួយទៀតផង។ មិនតែប៉ុណ្ណោះ Option Limited នេះនឹងមានបំពាក់លក្ខណៈពិសេសមួយចំនួនទៀតនៅក្នុងកាប៊ីន ដូចជា កៅអីអ្នកបើកបរចុច, មុខងារកម្តៅដៃចង្កូត និងកៅអី, កន្លែងសាកថ្មទូរសព្ទឥតប្រើខ្សែ, កញ្ចក់មើលក្រោយស្រទុំអូតូ, ប្រព័ន្ធសំឡេង Harman Kardon, កាមេរ៉ាមើលជុំវិញរថយន្ត, អេក្រង់កម្សាន្តទំហំ ១២,៣អ៊ីញ និងមុខងារ Voice Assistant ផងដែរ។

ដោយឡែក ចំពោះ Option ខ្ពស់បំផុតគឺ Solterra Touring មានបន្ថែមដំបូលកញ្ចក់ធំ Panoramic, កៅអីមុខមានមុខងារបញ្ចេញខ្យល់ត្រជាក់ និងកញ្ចក់មើលក្រោយប្រភេទឌីជីថល ទៀតផង។

សូមបញ្ជាក់ថា រថយន្ត Subaru Solterra មានបំពាក់ម៉ូទ័រអគ្គិសនីចំនួន ២ និង ប្រព័ន្ធបើកបរប៉ុងពីរ ដែលបង្កើតកម្លាំងបាន ២១៨សេះ និងកម្លាំងរមួល ៣៣៦ញ៉ូតុនម៉ែត្រ។ ក្រុមហ៊ុន Subaru អះអាងថា រថយន្តអគ្គិសនីនេះអាចរត់បានចម្ងាយ ២២០ម៉ាយ៍ ឬ ៣៥០គីឡូម៉ែត្រ នៅពេលសាកភ្លើងពេញម្តង។ មិនតែប៉ុណ្ណោះ វាក៏គាំទ្រការសាកថ្មល្បឿនលឿន DC Fast Charging ដែលមានសមត្ថភាពអាចសាកពី ០-៨០% ប្រើពេលមិនដល់ ១ម៉ោងឡើយ៕

អត្ថបទ៖ សេង ឡុង