Mendy ស្ដាយ​ស្ទើរ​បោក​ក្បាល​​ ពេល​ឃើញ Kepa ស៊ុត​បាញ់​ចាប

  • 2022-02-28 01:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាំ​ទី Edouard Mendy បាន​បង្ហាញ​​អារម្មណ៍​សោកស្ដាយ​ជា​ខ្លាំង​ បន្ទាប់​ពី​ឃើញ​មិត្ត​រួម​ក្រុម​ Kepa Arrizabalaga ទាត់​ប៉េណាល់ទី​មិន​ចូល​​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​ League Cup ទល់​នឹង Liverpool។

Mendy វ័យ​២៩​ឆ្នាំ​ត្រូវ​បាន​ប្ដូរ​ចេញ​​ពេល​បញ្ចប់​ម៉ោង​បន្ថែម ដោយ​លោក Thomas Tuchel សម្រេច​ឲ្យ Kepa ជា​អ្នក​ចូល​ចាប់​បាល់​ប៉េណាល់ទី។ ជា​រឿង​ភ្ញាក់ផ្អើល Kepa មិន​បាន​សង្គ្រោះ​មួយ​បាល់​​សោះ​ក្នុង​ចំណោម​ការ​ទាត់​១១​ដង​របស់ Liverpool។

សម្រាប់​ប្រកួត​នេះ Liverpool បាន​ដាក់​អ្នក​ចាំ​ទី​ដៃ​ទី​ពីរ Caoimhin Kelleher ឲ្យ​ចូល​លេង។ ខណៈ​ការ​ទាត់​ដល់​គ្រាប់​ទី​១១​ដូច​គ្នា​សម្រាប់​ក្រុម​ទាំង​ពីរ Kelleher បាន​ទាត់​បញ្ចូល​ទី​បាន​សម្រេច តែ Kepa បាន​ទាត់​មួយ​ទំហឹង​រំលង​របា​​ទី ធ្វើ​ឲ្យ Chelsea ចាញ់ Liverpool លទ្ធផល ១០-១១។

ជ័យជម្នះ​បាន​​ជួយ​ឲ្យ Liverpool វ៉ា Manchester City ក្លាយ​ជា​ក្រុម​ឈ្នះ​ពាន League Cup ច្រើន​ជាង​គេ​ ដល់​ទៅ​៩​ដង និង​រង​ជើង​ឯក​៤​ដង៕

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ