ទីបំផុត! IT ជនជាតិចិនមួយក្រុមបានតម្លើង Window 11 ទៅលើ Xiaomi Pad 5 ដោយជោគជ័យ

  • 2022-03-01 02:04:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីខែសីហាឆ្នាំមុន ក្រុមហ៊ុន Xiaomi បានបញ្ចេញ Mi Pad 5 និង Mi Pad 5 Pro ដែលបំពាក់ដោយឈីប Snapdragon 860 និង Snapdragon 870 ដែលដំណើរការដោយ Android OS។ កាន់តែភ្ញាក់ផ្អើល Xiaomi Mi Pad 5 នៅពេលនេះអាចដំណើរការប្រព័ន្ធ Windows 11 ARM ដោយជោគជ័យ បន្ថែមពីនោះ វាក៏អាចដំណើរការ Windows 10 ARM ផងដែរ។

Mi Pad 5 ដំណើរការ Windows 11 យ៉ាងរលូនក្នុងកម្រិតបង្ហាញ 2K តែទោះជាយ៉ាងណាក៏ដោយ ថេប្លេតមួយនេះនៅមិនទាន់អាចទាញយកប្រយោជន៍ពី GPU ឡើយ។ ក្រុមអ្នកអភិវឌ្ឍន៍បានបញ្ជាក់ថា បច្ចុប្បន្នគេនៅមិនទាន់រកឃើញ Driver ណាដែលអាចជួយឲ្យ GPU ដំណើរការបានឡើយ។

ចំពោះកម្លាំងម៉ាស៊ីនវិញ CPU SD 860 ដែលជាប្រភេទ ARM ធ្វើការបានល្អគ្រាន់បើ ដោយពិន្ទុ Geekbench 5 ទទួលបាន ៤៦៥ពិន្ទុ លើ Single Core និងនៅលើ Multi Core ទទួលបាន ១ ៩៩២ ពិន្ទុ។ ប៉ុននេះវារាងធ្លាក់សមត្ថភាពបន្តិច បើយើងទៅប្រៀបជាមួយនឹង Mipad ដែលដំណើរការដោយ Android OS ដែលទទួលបាន ៧៥៦ពិន្ទុ និង ២ ៧១២ពិន្ទុ។

ការតម្លើងនេះអាចធ្វើបានដោយជោគជ័យនេះ គឺដោយសារក្រុមអ្នកអភិវឌ្ឍន៍នោះ បានប្រើប្រាស់បច្ចេកវិទ្យា Window 10 mobile ដែលធ្លាប់មាននៅលើទូរសព្ទ Lumia មកអភិវឌ្ឍន៍បន្ថែម ដើម្បីឲ្យ Window 11 អាចដំណើរការបាននៅលើឈីបប្រភេទ ARM ដោយឈរលើបច្ចេកវិទ្យា WOA។

គួរបញ្ជាក់ផងដែរថា មកដល់សព្វថ្ងៃ ឧបករណ៍ដែលអាចតម្លើងទៅប្រើ Window 11 កាន់តែមានច្រើនឡើង តួរយ៉ាងមានដូចជា Lumia 950、Lumia 950 XL、Xiaomi 8 、OnePlus 6T 、Xiaomi MIX 2 និង Xiaomi 6 ជាដើម៕

អត្ថបទ៖ Thea Sothun