ឥណ្ឌា ប្រើប្រាស់ស្លឹកត្នោតកែច្នៃចេញជាចានបាយ យ៉ាងស្រស់ស្អាត ជំនួសផ្លាស្ទិច ជួយដល់បរិស្ថាន

  • 2022-03-01 10:05:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដល់ពេលសម្រាប់អាហារថ្ងៃត្រង់ម្តងៗនៅទីក្រុង Hyderabad ភាគខាងត្បូងប្រទេសឥណ្ឌា គេតែងសង្កេតឃើញមនុស្សច្រើនកកកុញនៅកន្លែងលក់អាហារឈ្មោះ Prahalad Tiffin Point ដែលជាកន្លែងញ៉ាំអាហារតាមដងផ្លូវដ៏ពេញនិយម។ ភ្ញៀវដែលកំពុងឈរញុាំអាហារយ៉ាងឆ្ងាញ់ប្រហែលជាមិនដឹងទេថា បន្ទះក្រដាសដែលពួកគេកំពុងកាន់គឺធ្វើឡើងពីស្លឹកត្នោត។

ចាននេះត្រូវបានផលិតដោយក្រុមហ៊ុន Bollant Industries ដែលជាក្រុមហ៊ុនក្នុងស្រុកផលិតនូវ ផលិតផលដែលមិនប៉ះពាល់ដល់បរិស្ថាន។ ស្លឹកត្នោតត្រូវបានគេប្រមូលយកមកកៃច្នៃធ្វើជាចាន ជំនួសឱ្យការប្រើប្រាស់ផ្លាស្ទិក។

នាយកប្រតិបត្តិក្រុមហ៊ុន Bollant Industries លោក Srikanth Bolla បាននិយាយថា "ខ្ញុំហៅខ្លួនឯងថាជាមនុស្សកាកសំណល់ ព្រោះខ្ញុំពិតជាស្រឡាញ់កាកសំណល់"។ "ខ្ញុំចង់កែច្នៃកាកសំណល់ទាំងអស់ដែលខ្ញុំអាចធ្វើបាននៅក្នុងពិភពលោកនេះ"។

ឥឡូវនេះលោក Bolla មានអាយុ ៣០ ឆ្នាំ ។ លោកបានពិការភ្នែកតាំងពីកំណើត។ លោក បានបង្កើតក្រុមហ៊ុននេះឡើងក្នុងឆ្នាំ ២០១២ ដើម្បីត្រួសត្រាយផ្លូវ និងផ្តល់ការងារដល់ជនពិការ។ លោក Bolla និយាយ​ថា បច្ចុប្បន្ន​ក្រុមហ៊ុន​របស់​លោក​មាន​បុគ្គលិក​ប្រហែល ៤០០ នាក់ ដែល​មួយ​ភាគ​បួន​នៃបុគ្គលិកទាំងអស់គឺជាជនពិការ។ លោកបន្តថា "ចក្ខុវិស័យស្នូលរបស់យើងគឺផ្តល់ការងារដល់មនុស្ស​ឱ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ ជាពិសេសគឺជនពិការ"។

ដើម្បីបង្កើតផលិតផលជំនួសផ្លាស្ទិក ក្រុមហ៊ុន Bollant បានប្រមូលទិញស្លឹកត្នោតពីកសិករនៅក្នុងរដ្ឋ Karnataka ដើម្បីកែច្នៃបំប្លែងស្លឹកឈើទាំងនោះទៅជាចានបាយ។ ក្រុមហ៊ុនឥណ្ឌាមួយនេះ បានលក់ផលិតផលរបស់ខ្លួន នៅទូទាំងប្រទេសឥណ្ឌា នឹងមានគម្រោងនាំទៅកាន់សហរដ្ឋអាមេរិក និង​អឺរ៉ុប​នៅ​ពេល​អនាគត៕

ប្រភព៖ CNN   ប្រែសម្រួល: Songha