ពូទីន ឈប់ជិះឡាន Mercedes មកជិះ Rolls Royce រុស្ស៊ីវិញ ដែលអាចការពារគ្រាប់កាំភ្លើង និងហែល​ទឹក​បាន

  • 2022-03-03 04:03:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់ពីចាប់ផ្តើម​ចូលឈ្លានពានអ៊ុយក្រែន ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន បាន​ឈប់​ជិះឡានអាល្លឺម៉ង់ Mercedes-Benz S 600 Pullman Guard ហើយងាក​មកជិះឡាន Aurus Senat L700 ដែល​គេស្គាល់​ថា​ជា Rolls Royce របស់​រុស្ស៊ី។

រថយន្ត Aurus Senat L700 ត្រូវបាន​បញ្ជាក់ថា បំពាក់​ប្រព័ន្ធសុវត្ថិភាព​ខ្ពស់​បំផុត ពិសេស​តួខ្លួន និងកញ្ចក់វា​អាចការ​ពារ​គ្រាប់កាំភ្លើងបាន ហើយ​ពេល​វាលិចទឹក គឺអាច​អណ្តែតឡើងមកលើវិញបានទៀតផង។

លើសពីនេះ សូម្បីតែ​សម្បក​កង់​រថយន្ត​នេះធ្វើឡើង​ពីសារធាតុពិសេស ក៏មិនបែកធ្លុះធ្លាយធ្វើឱ្យក្រឡាប់​រថយន្តដែរ ទោះ​ជាគ្រាប់​កាំភ្លើង​បាញ់​ត្រូវ​ក៏ដោយ។

រថយន្ត​នេះ ត្រូវបាន​លក់​ជាសាធារណៈ​ក្នុងប្រទេស​រុស្ស៊ីដែលអតិថិជនគោលដៅ គឺជាអ្នកជំនួញ និង​មន្រ្តី​រដ្ឋាភិបាល ប៉ុន្តែមុខងារ​សុវត្ថិភាព​ពិសេស​គឺ​បំពាក់​លើរថយន្ត​របស់​ប្រធានាធិបតី ពូទីន តែប៉ុណ្ណោះ។

ដោយសារតែភាពរឹងមាំខ្លាំង រថយន្ត Aurus Senat L700 មាន​ប្រវែង​ស្ទើរជិត ៧ម៉ែត្រ និងមានទម្ងន់ ៦តោន។ ទម្ងន់របស់វា​ ក៏ដោយ​សារតែការបំពាក់​ម៉ាស៊ីន​ធំស៊ីឡាំង៨ ចំណុះ ៤,៤លីត្រ ផលិតបាន​កម្លាំង ៥៩០សេះ ជាមួយប្រអប់លេខអូតូ៩វគ្គ ប៉ុង២។

យោងតាម​សារព័ត៌មាន​រុស្ស៊ី ឱ្យដឹងថា លោក ពូទីន មាន​រថយន្តនេះ២គ្រឿង ដោយ​មួយ​គ្រឿង​សម្រាប់​ជិះ​ទៅបំពេញ​ការងារ​ប្រចាំថ្ងៃ និងមួយគ្រឿងទៀត​សម្រាប់ធ្វើជារថយន្តសាគួរ។ ពូទីន ក៏នាំយករថយន្តនេះទៅជាមួយ ពេលធ្វើទស្សនកិច្ច​នៅក្រៅប្រទេស​ផងដែរ។

គួរ​រំលឹក​ដែរថា រថយន្ត Aurus Senat បាន​បង្ហាញ​ខ្លួន​ផ្លូវការ​នៅអឺរ៉ុប ក្នុងពិព័រណ៌ Geneva Motor Show កាលពីឆ្នាំ​២០១៩។ រហូតដល់ឆ្នាំ២០២១កន្លងទៅ បាន​ចូលរោងចក្រ​ផលិតជាផ្លូវការ ក្នុងចំនួនកំណត់ប្រមាណ ២០០ ទៅ ៣០០គ្រឿងប៉ុណ្ណោះ។  រថយន្តនេះ គឺមានតម្លៃចាប់ពីប្រហែល ២៤៥ ០០០ដុល្លារ នៅក្នុងប្រទេសរុស្ស៊ី។ វាចែកចេញជា ២ម៉ូដែល គឺ Senat L700 ដែលផលិតសម្រាប់តែមន្ត្រីរុស្ស៊ី និង​អ្នកជំនួញ និងម៉ូដែល Senat S600 សម្រាប់អតិថិជនធម្មតា៕

អត្ថបទ៖ សំភី