មិនធម្មតាទេ! ភស្តុតាងទាំង ៨ នេះបង្ហាញថា ជប៉ុន ជាប្រទេសដ៏អស្ចារ្យបំផុតមួយ

  • 2022-03-10 03:32:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេស​ជប៉ុន គឺ​ជា​កន្លែង​មួយ​ដ៏​ចម្លែក និង​អស្ចារ្យ​បំផុត នៅ​លើ​ផែនដី ខណៈ​ប្រពៃណី​ទំនៀមទម្លាប់ ដែល​មាន​អាយុ​កាល​រាប់​សតវត្ស​របស់​ប្រទេស​នេះ បាន​រស់​នៅ​ដោយ​សន្តិភាព រួម​ជាមួយ​នឹង​ការ​ច្នៃប្រឌិត​ផង​ដែរ។

ខាង​ក្រោម​នេះ​គឺ​ជា​ភស្តុតាង​ទាំង ៨ បង្ហាញ​ថា​ជប៉ុន ជា​ប្រទេស​ដ៏​អស្ចារ្យ​មួយ៖

#១ តូក្យូ ជា​ទីក្រុង​មាន​សុវត្ថិភាព​បំផុត​លើ​ពិភពលោក

មជ្ឈមណ្ឌល​ស្រាវជ្រាវ​ផ្នែក​សេដ្ឋកិច្ច Economist Intelligence Unit បាន​ចេញ​ផ្សាយ​នូវ​ចំណាត់ថ្នាក់ ទីក្រុង​ដែល​មាន​សុវត្ថិភាព​បំផុត នៅ​លើ​ពិភពលោក រួម​មាន​ផ្នែក​ដូច​ជា ព័ត៌មាន និង​សន្តិសុខ​បុគ្គល , ការ​ថែទាំ​សុខភាព និង​ហេដ្ឋារចនាសម្ព័ន្ធ ផង​ដែរ។ តូក្យូ ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ១ សិង្ហបុរី លេខ២ និង លេខ៣ បាន​ទៅ​លើ​ទីក្រុង​របស់​ជប៉ុន​មួយ​ទៀត គឺ អូសាកា។

#២ ការ​ណែនាំ​លម្អិត

ជប៉ុន ពោរពេញ​ទៅ​ដោយ​មគ្គុទ្ទេសក៍ និង​សៀវភៅ​ណែនាំ ដែល​អាច​ឲ្យ​ជនបរទេស​ងាយ​យល់ ព្រោះ​អក្សរ​ភាគច្រើន ត្រូវ​បាន​បកប្រែ​ជា​ភាសា​អង់គ្លេស និង​មាន​រូប​គំនូរ​បង្ហាញ​ទៀត​ផង។

#៣ កុមារ​ជប៉ុន​មាន​ថ្ងៃ​ខួបកំណើត​នៅ​ថ្ងៃ​តែមួយ

ថ្ងៃទី១៥ ខែ​វិច្ឆិកា ជា​ការ​ប្រារព្ធ​ពិធី​ដ៏​ធំ​មួយ​សម្រាប់​ក្មេងៗ ដែល​មាន​អាយុ ៣ , ៥ និង ៧ឆ្នាំ ហើយ​វា​ត្រូវ​បាន​គេ​ហៅ​ថា Shiti-Go-San ដែល​មាន​ន័យ​ថា ៧-៥-៣។ លេខ​សេស​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា លេខ​ពិសេស និង​តំណាង​ឲ្យ​ដំណាក់​កាល​ដ៏​សំខាន់ នៃ​ការ​លូតលាស់​របស់​ក្មេង។

#៤ លំហាត់​ប្រាណ​ទូទៅ​នៅ​ពេល​ព្រឹក

សិស្សសាលា និង​និយោជិក​របស់​ក្រុមហ៊ុន​ភាគច្រើន ចាប់ផ្ដើម​ថ្ងៃ​ថ្មី ជាមួយ​នឹង​ការ​ហាត់ប្រាណ​ពេល​ព្រឹក។ ទម្លាប់​នេះ​បាន​កើត​មាន​ឡើង​តាំង​ពី​ឆ្នាំ១៩២៨ មក​ម្ល៉េះ ហើយ​ត្រូវ​បាន​គាំទ្រ​យ៉ាង​ទូលំទូលាយ ព្រោះ​វា​មិន​ត្រឹមតែ​ធ្វើ​ឲ្យ​មនុស្ស​មាន​អារម្មណ៍​ល្អ​ទេ តែ​ថែមទាំង​ជំរុញ​ឲ្យ​ពួកគេ​កាន់តែ​មាន​ភាព​ជិតស្និទ្ធ​ថែម​ទៀត​ផង។

#៥ ថ្ងៃ​សុក្រ​ពិសេស

អ្នក​ធ្វើ​ការ​នៅ​ប្រទេស​ជប៉ុន​ភាគច្រើន ទទួល​រង​បញ្ហា​អស់​កម្លាំង ដោយសារតែ​ការ​ធ្វើការ​ហួស​កម្លាំង​ប្រចាំ​ថ្ងៃ។ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ រដ្ឋាភិបាល​ជប៉ុន បាន​អនុម័ត​កម្មវិធី​មួយ​ហៅ​ថា ថ្ងៃ​សុក្រ​ពិសេស (Premium Friday)។ បុគ្គលិក​អាច​ចាកចេញ​ពី​ការងារ​មុន​ម៉ោង ជា​រៀងរាល់​ថ្ងៃ​សុក្រ​ចុង​ខែ។

#៦ កម្មករ​យក​ចិត្ត​ទុក​ដាក់​ខ្លាំង

កម្មករ​ផ្លូវ​ថ្នល់​ទាំង​នេះ បាន​ប្រើ​ផ្ទាំង​ក្រណាត់ គ្រប​រថយន្ត​មួយ​គ្រឿង ដើម្បី​ការពារ​វា​ពី​ភាព​កខ្វក់ ក្នុង​អំឡុង​ពេល​ធ្វើ​ការ​របស់​ពួកគេ។

#៧ ប្រព័ន្ធ​ប្រកាស​អាសន្ន​មាន​នៅ​លើ​គ្រប់​ទូរសព្ទ​ដៃ

ក្រៅ​ពី​ប្រព័ន្ធ J-Alert ដែល​អនុញ្ញាត​ឲ្យ​រដ្ឋាភិបាល​ធ្វើ​ការ​ជូន​ដំណឹង​ដល់​ប្រជាពលរដ្ឋ តាម​រយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ឧបករណ៍​បំពង​សម្លេង ក៏​មាន​ប្រព័ន្ធ​សារ SMS ដើម្បី​ប្រកាស​អាសន្ន​ផង​ដែរ។ ក្នុង​ករណី​មាន​អាសន្ន វា​អនុញ្ញាត​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន ប្រកាស​ប្រាប់​គ្រប់គ្នា​នៅ​ក្នុង​តំបន់ ក្នុង​រយៈពេល​ត្រឹមតែ ៤ ទៅ ២០វិនាទី​ប៉ុណ្ណោះ។

#៨ សាលារៀន

សាលា​រៀន​នៅ​ជប៉ុន ប្រហែល​ជា​សាលា​ដែល​រីក​ចម្រើន​បំផុត​មួយ​នៅ​លើ​ពិភពលោក។ ឧទាហរណ៍ ពួកគេ​មិន​ប្រើ កម្រិត ឬ​ថ្នាក់​ឡើយ។ ផ្ទុយទៅវិញ គ្រូ​បង្រៀន​ជា​អ្នក​កំណត់​ថា តើ​សិស្ស​របស់​ពួកគេ ត្រៀម​ខ្លួន​សម្រាប់​មេរៀន​កម្រិត​ណា។ ជាមួយ​គ្នា​នេះ សាលា​បាន​ហាម​ឃាត់​មិន​ឲ្យ​ប្រើ​ទូរសព្ទ​ដៃ នៅ​ក្នុង​សាលារៀន​ឡើយ។ សាលារៀន​នៅ​ជប៉ុន មិន​មាន​បុគ្គលិក​អនាម័យ​ឡើយ ព្រោះ​ការ​សម្អាត​ទាំង​អស់ ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​សិស្ស​ខ្លួន​ឯង៕

អត្ថបទ៖ សេង ឡុង

អត្ថបទពេញនិយម