TikTok និង Microsoft បង់ពន្ធនៅខ្មែរហើយ មកដឹងអត្ថប្រយោជន៍ប្រមូលពន្ធពីក្រុមហ៊ុនបច្ចេកវិទ្យាធំៗ
- 2022-03-22 07:06:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
TikTok និង Microsoft បង់ពន្ធនៅខ្មែរហើយ មកដឹងអត្ថប្រយោជន៍ប្រមូលពន្ធពីក្រុមហ៊ុនបច្ចេកវិទ្យាធំៗ
ចន្លោះមិនឃើញ
«យន្តការប្រមូលពន្ធពីការលក់សេវាឌីជីថលរបស់ក្រុមហ៊ុនបច្ចេកវិទ្យាបរទេសធំៗ» ដែលមិនចុះបញ្ជីហើយកំពុងរកចំណូលពីអ្នកប្រើប្រាស់នៅកម្ពុជា បានលេចចេញជាផ្លែផ្កាហើយ។ គិតមកទល់ថ្ងៃនេះ អគ្គនាយកដ្ឋានពន្ធដាររកឃើញថាមានក្រុមហ៊ុនបច្ចេកវិទ្យាបរទេសចំនួន ៥ ហើយដែលបានមកចុះបញ្ជីក្នុងនោះរួមមាន៖ ១៖ Microsoft Regional Sales pte.ltd, ២៖ Zoho corporation pte.ltd, ៣៖ Tata Consultancy Services Limited, ៤៖ MasterCard Asia/Pacific Pte Ltd និង ៥៖ TikTok pte.ltd ។
ពាក់ព័ន្ធនឹងករណីនេះលោក គង់ វិបុលប្រធានអគ្គនាយកដ្ឋានពន្ធដារធ្លាប់បង្ហើបថា៖ «ចំពោះអត្ថប្រយោជន៍នៃការប្រមូលពន្ធលើទំនិញនិងសេវាកម្មឌីជីថលពីក្រុមហ៊ុនទាំងនេះ មានសក្តានុពលក្នុងការបង្កើនចំណូលចូលជាតិបន្ថែមទៀត។ ក្រៅពីបានចំណូលបន្ថែមហើយនោះ ក៏ជាការអនុវត្តមួយឱ្យស្មើភាពគ្នារវាងអ្នកប្រតិបត្តិការពាណិជ្ជកម្មអេឡិចត្រូនិកមានមូលដ្ឋាននៅស្រុកផងដែរ ព្រោះកន្លងមក ក្រុមហ៊ុនទាំងនោះមិនបង់ពន្ធលើប្រាក់ចំណូលនិង VATនៅកម្ពុជាទេ។»
កម្ពុជា នឹងអនុវត្តការយកអាករលើតម្លៃបន្ថែម ចំពោះប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក E-Commerce ពីក្រុមហ៊ុនដូចជា Facebook, YouTube, Netflix, Amazon និង Alibaba ចាប់ពីថ្ងៃទី១មេសា ឆ្នាំ២០២២ តទៅ។ ដូចនេះ Content Creator ជាវីដេអូគ្រប់ទម្រង់ផ្សេងៗដែលព្យាយាមផលិតនិងបង្កើតដោយខ្លូនឯងនឹងអាចរកលុយវិញតាមរយៈ Ads ព្រមទាំងទទួលបាននូវកាដូជាច្រើនទៀតក្នុងភាពជាដៃគូ Partnership Program យ៉ាងពេញលេញ។
ប្រធានអគ្គនាយកដ្ឋានពន្ធដារ ក៏បញ្ជាក់បន្ថែមថា៖ «ខ្ញុំសូមរំលឹកផងដែរថាយើងបានពន្យារការអនុវត្ដនៃការដាក់ឲ្យប្រើប្រាស់ពន្ធ E-commerce រហូតដល់ដើមខែមេសា ឆ្នាំ២០២២ ដើម្បីឲ្យខាងវិស័យឯកជនមកចុះបញ្ជី ក៏ដូចជាត្រៀមលក្ខណៈ ឲ្យបានរួចជាស្រេច មុននឹងចាប់ផ្ដើមដើម្បីឲ្យមានភាពរលូន»។ ចំពោះអ្នកជាប់ពន្ធនៅក្នុងស្រុក ដែលលក់តាមប្រព័ន្ធអនឡាញ សូមមេត្តាមកចុះបញ្ជី ហើយបង់ពន្ធជាធម្មតា។ ដោយឡែកចំពោះអ្នកវិនិយោគក្រៅស្រុកត្រូវមកចុះបញ្ជីសាមញ្ញតាមប្រព័ន្ធអេឡិចត្រូនិក ឬក៏ចុះបញ្ជីតាមភ្នាក់ងារពន្ធដារក៏បានដែរ៕
អត្ថបទ៖ រក្សា