ដឹងច្បាស់ហើយ! រថយន្តទំនើបTundra បើកបញ្ច្រាសគេថ្ងៃមុន ថាមកពីប្រញាប់យកថ្នាំឱ្យកូនលេប

  • 2022-03-22 09:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្ចាស់រថយន្តTundra ដែលបានបើកបរបញ្ច្រាសទិសចរាចរណ៍ កាលពីយប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ ត្រូវបានសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌចំការមន កោះហៅឲ្យចូលខ្លួនដើម្បីធ្វើការផាកពិន័យតាមច្បាប់ហើយ និងបានបកស្រាយបំភ្លឺថា មកពីប្រញ៉ាប់យកថ្នាំឲ្យកូនលេប។

យោងតាមការបញ្ជាក់របស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា មូលហេតុដែលគាត់បើកបររថយន្តបញ្ច្រាសទិសចរាចរណ៍បែបនេះ ដោយសារកូនតូច ឈឺ ហើយត្រូវលេបថ្នាំបន្ទាន់ និងផ្លូវមានការកកស្ទះចរាចរណ៍ ហើយផ្ទះនៅផ្លូវម្ខាងជិតគា្ន ទើបសម្រេចចិត្តបើកបររថយន្តបញ្រ្ចាស់ទិសចរាចរណ៍ ប្រញាប់យកថ្នាំឲ្យកូនលេប ។

សូមជម្រាបថា នាយប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ មានរថយន្តទំនើបមួយគ្រឿងម៉ាក Tundra បើកបរបញ្រ្ចាសទិសចរាចរណ៍ នៅលើផ្លូវព្រះនរោត្តម ពីទិសខាងជើងមកត្បូង មុខធនាគារ វិនិយោគ និងអភិវឌ្ឍន៍កម្ពុជា ភីអិលស៉ី BIDC Bank សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ហើយបានមកទុលមុខរថយន្ត១គ្រឿងទៀតដែលបើកបរស្របទិសចរាចរណ៍ រួចឈប់រថយន្តកណ្តាលផ្លូវ ជជែកគ្នាជាមួយម្ចាស់រថយន្ត Tundra ហើយក៏ដើរចេញពីរថយន្តចូលផ្ទះនៅក្បែរនោះបាត់ មួយសន្ទុះក្រោយមក ក្មេងប្រុសម្នាក់បានមកបើករថយន្តចូលផ្ទះបាត់ទៅ។

ក្រោយកើតហេតុកម្លាំងសមត្ថកិច្ច បានចុះសម្រួលចរាចរណ៍ ហើយបាននាំយករថយន្តល្មើស មករក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ជាបណ្តោះអាសន្ន រងចាំម្ចាស់រថយន្តមកធ្វើកិច្ចសន្យា និងផាកពិន័យតាមច្បាប់។ រហូតដល់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ អ្នកបើកបររថយន្តល្មើស ឈ្មោះ សែម វិបុត្រ ភេទ ប្រុស អាយុ ៤៤ឆ្នាំ បានចូលខ្លួនមកដោះស្រាយ ធ្វើការបកស្រាយបំភ្លឺ និងធ្វើកិច្ចសន្យា ដោយយល់ព្រមបង់ផាកពិន័យតាមច្បាប់នៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ៕

អត្ថបទដោយ៖ ស៊ូ អីន