ឯកឧត្តម នេត សាវឿន៖ នគរបាលធ្វើខុស អប់រំ អប់រំមិនបាន ដាក់វិន័យ ដាក់វិន័យមិនកែ ប្ដឹងទៅតុលាការ កាត់ទោសតាមច្បាប់

  • 2022-04-05 03:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោងតាមសារសំឡេងរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន បានថ្លែងបញ្ជាក់ច្បាស់ថា នគរបាលធ្វើខុស អប់រំ អប់រំមិនបាន ដាក់វិន័យ ដាក់វិន័យមិនកែ ប្ដឹងទៅតុលាការ កាត់ទោសតាមច្បាប់ ។ នេះបើតាមការផ្សាយនៅក្នុងបណ្ដាញសង្គម តេឡេក្រាម ឯកសារមន្ត្រីសាធារណៈ នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២នេះ។

ក្នុងសារសំឡេង ឯកឧត្តម អគ្គស្នងការនគរបាលជាតិ បានឱ្យដឹងបន្ថែមថា បើមន្ត្រីនគរបាលធ្វើខុស មិនថាអ្នកណានោះទេត្រូវតែអប់រំ ដាក់វិន័យ និងកាត់ទោសតាមច្បាប់ ហើយគិតពីភាពស្មើគ្នាមិនលម្អៀង ។​ ទន្ទឹមនេះ ឯកឧត្តមបានចេញបញ្ជា គ្រប់អង្គភាពទាំងអស់ត្រូវតែត្រួតពិនិត្យ ស្រាវជ្រាវ ឱ្យបានច្បាស់លាស់ និងត្រឹងរឹងបំផុត ព្រោះបើនៅបណ្ដែតបណ្ដោយឱ្យមន្ត្រីនគរបាលដែលធ្វើខុស មិនត្រូវបានទទួលរងការពិន័យនោះ នឹងនាំឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ ស្ថាប័ននគរបាលជាតិទាំងមូល។

សូមជម្រាបថា ឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានលើកឡើងដូច្នេះ ស្របពេលដែលឯកឧត្តមបានដឹងព័ត៌មានអំពី អ៊ុំស្រីម្នាក់អាយុ៧២ឆ្នាំ នៅខេត្តកំពង់ស្ពឺ មានជម្លោះបញ្ហាដីធ្លីជាមួយសមត្ថកិច្ច ដោយអ៊ុំស្រីអាយុ៧២ឆ្នាំនោះ មានដីមួយកន្លែងជួលឱ្យមន្ត្រីនគរបាលម្នាក់ ស្រាប់តែយូរៗទៅមន្ត្រីសមត្ថកិច្ចនោះលួចធ្វើប្លង់កម្មសិទ្ធិ ហើយក៏កើតមានបញ្ហា ទំនាស់ដីធ្លីកើតឡើងផងដែរ។ ឯកឧត្តមបានបញ្ជាក់បន្ថែមថា ស្ថាប័នពាក់ព័ន្ធទាំងអស់ត្រូវដោះស្រាយ និងស្រាវជ្រាវឱ្យបានច្បាស់លាស់ ថាតើអ្នកណាជាអ្នកខុសឬត្រូវ ហើយបើមន្ត្រីនគរបាលនោះ ជាអ្នកបំពាន ល្មើសច្បាប់មែន នោះត្រូវ អប់រំ អប់រំមិនបាន ដាក់វិន័យ ដាក់វិន័យមិនកែ ប្ដឹងទៅតុលាការ កាត់ទោសតាមច្បាប់ ៕

អត្ថបទដោយ៖ ស៊ូ អីន