មកដឹងអំពី! អត្ថន័យពិធីស្រង់ព្រះថ្ងៃបុណ្យចូលឆ្នាំខ្មែរ មិនសម្តៅតែលើព្រះពុទ្ធបដិមាទេ កុំភ្លេចព្រះរស់ក្នុងផ្ទះ

  • 2022-04-08 07:35:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរបានខិតជិតមកដល់ហើយ កន្លងមកប្រិយមិត្តខ្លះលោកមិនទាន់បានដឹងអំពីអត្ថន័យច្បាស់លាស់នៃពិធីស្រង់ព្រះនោះឡើយ អ៊ីចឹងថ្ងៃនេះ Sabay នឹងជម្រាបជូននូវព័ត៌មានលម្អិតក៏ដូចជាអត្ថន័យនៃពិធីស្រង់ព្រះឲ្យប្រិយមិត្តទាំងអស់គ្នាបានជ្រាបកាន់តែច្បាស់។

ជាទូទៅពិធីស្រង់ព្រះច្រើនធ្វើឡើងនៅថ្ងៃទី ៣ ដែលត្រូវនឹងថ្ងៃឡើងស័ក ថ្ងៃចុងក្រោយ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ។ ពុទ្ធបរិស័ទទាំងជិតឆ្ងាយតែងតែមកវត្តអារាម នៅក្នុងថ្ងៃនេះ ដើម្បីធ្វើពិធីស្រង់ព្រះដោយមានទឹកលាយជាមួយផ្កាភ្ញីទឹកអប់ដើម្បីស្រោចស្រពដល់ព្រះបដិមា ឬអ្នកមានគុណ អ្នកមានឋានៈខ្ពង់ខ្ពស់ជាង ដោយបងប្អូនប្រជាពលរដ្ឋខ្មែរលោក មានជំនឿតៗគ្នាមកយូរមកហើយថា ស្រង់ព្រះទាំងព្រះបដិមាថ្ម និង ព្រះរស់ អ្នកមានគុណ សុទ្ធតែទទួលបានមកវិញនូវសេចក្ដីសុខចម្រើន ត្រជាក់ត្រជុំគ្រប់ក្រុមគ្រួសារកាច់ផ្តាច់កម្មអកុសល លះបង់បាបអកុសលចាស់ៗចោល ហើយយើងសាងនូវកុសលថ្មី។

បងប្អូនត្រូវចងចាំថា ពិធីស្រង់ព្រះមិនសំដៅតែការស្រោចទឹក និងការលាងសម្អាតព្រះពុទ្ធបដិមាតែមួយមុខប៉ុណ្ណោះទេព្រះរស់នេះហើយ គឺជាព្រះដែលតែងតែនៅក្បែរមើលថែយើងរហូតមកតាំងពីតូចក្រូចឆ្មា ដូច្នេះគួរតែសម្តែងនូវការដឹងគុណ ការតបស្នងសងគុណ ចំពោះអ្នកមានគុណ កុំខ្មាសអៀនឲ្យសោះ កូនខ្លះហ៊ានសំពះអ្នកដទៃ តែបែរជាមិនអៀនដៃសំពះព្រះរស់របស់ខ្លួនឯង ។

យ៉ាងណាមិញ បើតាមប្រសាសន៍លោកតាអាចារ្យ ក្នុងវត្តកំសាន្ត នៅច្បារអំពៅក៏បានលើកឡើងផងដែរ ថា ពិធីនេះប្រជាជនខ្មែរតែងប្រារព្ធធ្វើឡើងមិនដែលដាច់នៅពេលចូលឆ្នាំខ្មែរម្ដងៗ និង មានជំនឿតៗគ្នាមកយូរហើយថា ស្រង់ព្រះទាំងព្រះបដិមាថ្ម និង ព្រះរស់ សុទ្ធតែទទួលបានមកវិញនូវសេចក្ដីសុខចម្រើន ត្រជាក់ត្រជុំ។ លោកតា ហី លាភ បន្តថា ទឹកតំណាងភាពត្រជាក់ ម្ល៉េះហើយនៅពេលស្រោចស្រពលើរាងកាយជនណាម្នាក់ហើយនឹងបានត្រជាក់។ ទាំងអ្នកស្រោចស្រពឲ្យគេ និង គេស្រោចឲ្យសុទ្ធតែសប្បាយចិត្ត ដោយជឿជាក់ថានឹងទទួលបាននូវបុណ្យកុសលល្អទៅថ្ងៃខាងមុខ និង ជាតិក្រោយ។

សូមជម្រាបថា ក្នុងរយៈពេល ៣៦៥ ថ្ងៃ ពិធីចូលឆ្នាំមានត្រឹមតែ ៣ ថ្ងៃទេ និង ចំរដូវដែលមានអាកាសធាតុក្ដៅ (ខែចេត្រ) ដែលអត្ថន័យ នៃពិធីនេះ មិនខុសអីពីការសំដែងដឹងគុណដល់អ្នកមានគុណនោះដែរ ព្រោះព្រះបដិមាសំដៅលើព្រះពុទ្ធ ដែលជាព្រះសំដែងធម៌ទេសនាប្រោសមនុស្សសត្វអស់កាលដ៏យូរ ដូច្នេះ ពុទ្ធបរិស័ទមកសំដែងគុណដោយធ្វើពិធីស្រង់ព្រះ លាងស្រោចដោយទឹកអប់ផ្កាភ្ញីជម្រះធូលីឲ្យត្រជាក់។ ចំណែកឯមាតាបិតា ឬចាស់ព្រឹទ្ធាចារ្យ ឬមានគុណ កូនចៅមកស្រោចទឹក ឬងូតទឹកដុសក្អែលឲ្យ ក៏ដើម្បីបង្ហាញពីការដឹងគុណ និង ឲ្យបានត្រជាក់ ពីឆ្នាំចាស់ផ្លាស់ឆ្នាំថ្មី ទាំងអស់គ្នា៕

អត្ថបទដោយ៖ សាន​ សុធារដ្ឋ