មិនសរសើរមិនបាន! នារីចម្បាំងតែម្នាក់គត់ ឡើងដល់វគ្គជិតបញ្ចប់

  • 2022-04-17 02:12:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រប់វិញ្ញាសាប្រកួតជ្រើសរើស អ្នកចម្បាំង គឺពោរពេញទៅដោយឧបសគ្គ ទាមទារឱ្យប្រើទាំង ភាពរហ័សរហួន ភាពវ័យឆ្លាត និងភាពប៉ិនប្រសប់ ប៉ុន្ដែបេក្ខនារីពាក់ស្លាកលេខ ៤០ រូបនេះអាចអាចធ្វើបាន ហើយពិសេស នាងជាមនុស្សស្រីតែម្នាក់គត់ អាចឈានទៅដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័តទៀតផង។

តើនារីចម្បាំងដ៏ពូកែរូបនេះជានរណា?

ការពិតទៅកញ្ញាស្រស់ស្អាតរូបនេះ ជាបុគ្គលិកក្រុមហ៊ុន Sabay បម្រើការផ្នែក Content Commercial មានឈ្មោះថា សុខុន សុម៉ាភាវី

ចំពោះការចូលរួមប្រកួត កញ្ញា សុម៉ាភាវី បានថ្លែងចំណាប់អារម្មណ៍ថា “អ្នកចម្បាំងជាហ្គេមដ៏ធំមួយ ហើយដំបូងគេនៅស្រុកយើង ដែលច្នៃ Squid Game កូរ៉េ ឱ្យមកជាបែបខ្មែរ ដែលមានល្បែងប្រជាប្រិយខ្មែរយើង ហើយវាក៏រំឭកដល់ល្បែងប្រជាប្រិយខ្មែរ ដែលគេលែងចង់លេងផងដែរ។”

ចំពោះការប្រកួតលើវិញ្ញាសារជាច្រើន កញ្ញាបានលើកឡើងពីបទពិសោធន៍ខ្លះៗថា៖ “ហ្គេមខ្លះពិបាកក្នុងការប្រកួត ដូចជាលោតបាវ ទាញព្រ័ត្រ ព្រោះជាហ្គេមប្រុសៗប្រើកម្លាំងខ្លាំង ម្យ៉ាងទៀត ថ្ងៃក្ដៅខ្លាំង ក៏ជាឧបសគ្គផងដែរដល់ការប្រកួត។”

គួរបញ្ជាក់ថា អំឡុងពេលប្រកួត កញ្ញា ភាវី បានជួបបញ្ហាមួយ ត្រូវរមួលសរសៃ (រមួលក្រពើ) ឈឺចុកចាប់ជាខ្លាំង ព្រោះប្រើកម្លាំងខ្លាំងពេក នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រាត់ លើវិញ្ញាសារលោតបាវ។

យ៉ាងណាក៏ដោយ ទោះមិនអាចទទួលបានលេខ១ អាចត្រឹមដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត នារីតូចច្រឡឹងម្នាក់នេះថ្លែងថា “សប្បាយចិត្ត ពេលគេហ៊ោរហើយឮឈ្មោះយើង។ ក្នុងចិត្តសល់តែយើងស្រីម្នាក់ ហើយគេប្រុសៗខ្ពស់ៗធំៗ ប៉ុន្ដែខ្ញុំហ៊ានលោតបាវជាមួយគេ ចឹង! បើទោះជាចាញ់ក៏ដោយ ក៏ជាសមិទ្ធផលល្អមួយដែលខំពីដំបូងមក។”

អត្ថបទ៖ កុសល