ទូរសព្ទអ្នកណាខ្លះចូលទឹក? តោះមកដឹងពីកម្រិតការពារទឹក ដើម្បីកុំឲ្យលើកក្រោយផុងខ្លួនទៀត
- 2022-04-18 09:30:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទូរសព្ទអ្នកណាខ្លះចូលទឹក? តោះមកដឹងពីកម្រិតការពារទឹក ដើម្បីកុំឲ្យលើកក្រោយផុងខ្លួនទៀត
ចន្លោះមិនឃើញ
គុណតម្លៃដ៏ធំរបស់ប្រព័ន្ធការពារជម្រាបទឹកដែលមាននៅលើ SmartPhone សព្វថ្ងៃនេះគឺសម្រាប់បញ្ជៀសពីការខូចខាតបន្ទាប់ពីត្រូវបានកំពប់ទឹក ឬកាហ្វេជាដើម។ កន្លងមកប្រព័ន្ធការពារជម្រាបទឹកនេះ គឺត្រូវបានប្រើប្រាស់តែនៅលើឧបករណ៍អេឡិកត្រូនិកដែលមានរូបរាងធំ សម្រាប់ទាហាន ឬអ្នកដែលចូលចិត្តឡើងភ្នំចូលព្រៃប៉ុណ្ណោះ ហើយវាក៏មានតម្លៃថ្លៃខ្លាំងផងដែរ។ ហើយមកដល់បច្ចុប្បន្ននេះ ទូរសព្ទកំពូលភាគច្រើនគឺមានប្រព័ន្ធការពារទឹកមកស្រាប់ដែលបញ្ជាក់ដោយកម្រិតជឿជាក់ IP។ ចុះហេតុអ្វីទើបមានទូរសព្ទខ្លះ បំពាក់មកដោយបច្ចេកវិទ្យាការពារទឹកហើយ នៅតែជ្រាបចូលបង្ករឲ្យខូចទូរសព្ទបានទៀត?
កម្រិត IP មានពាក្យពេញថា international protection ratings ដែលលេខ២ខ្ទង់ខាងក្រោយតំណាងឲ្យកម្រិតភាពធន់នៃធូលី និងសំណើម។ កម្រិតភាពធន់នេះដែរ ត្រូវបានកំណត់ខ្លាំងឬខ្សោយទៅតាមលេខរៀងពី១ដល់៨ ឧទាហរណ៍ថា iPhone 13 Pro មានកម្រិតភាពធន់នឹងធូលីកម្រិត ៦ និងធន់នឹងសំណើមកម្រិត ៨ ដូច្នេះហើយអក្សរកាត់របស់វាគឺ IP68។ ចំពោះឧបករណ៍ខ្លះសរសេរថា IPx6 មានន័យថាវាមិនមានប្រព័ន្ធការពារធូលីទេ ប៉ុន្តែមានប្រព័ន្ធការពារទឹកកម្រិត៦។
ចុះប្រសិនបើសួរថាអ្នកអាចយកវាចុះក្នុងទឹកបានទេ ចម្លើយគឺមិនបានទេ។ ក្រុមហ៊ុនជាច្រើនបានអះអាងថាទូរសព្ទរបស់ពួកគេអាចចុះទឹកបានជ្រៅ ដូចជា iPhone 13 Pro ដែលអាចចុះបាន ៦ម៉ែត្រ ជាដើម ប៉ុន្តែតាមពិតទៅកម្រិតមួយនេះគឺត្រូវបានធ្វើតេស្តឡើងក្នុងបរិបទពិសេសមួយ ដោយប្រើប្រាស់ទឹកស្អាត ក្នុងជម្រៅត្រឹមត្រូវ សីតុណ្ហភាព និងកត្តាជំរុញផ្សេងៗដើម្បីឲ្យវាអាចទ្រាំទ្របាន។
ផ្ទុយទៅវិញក្នុងការប្រើប្រាស់ជាក់ស្តែង សម្ពាធទឹក និងគុណភាពទឹកមានភាពខុសគ្នា អ្នកមិនអាចយកទូរសព្ទចុះទឹកប្រៃ ឬទឹកក្នុងអាងហែលដែលមានសារធាតុក្លរបាននោះទេ។ ប៉ុន្តែសម្រាប់ការប្រើប្រាស់ស្រាលៗដូចជាកំពប់កាហ្វេ កែវទឹក និយាយទូរសព្ទហាលភ្លៀង គឺមិនចោទជាបញ្ហានោះទេ។
ទន្ទឹមនឹងនោះ កាវការពារទឹកដែលបានបំពាក់មក នឹងមានគុណភាពថយចុះបន្តិចម្តងៗ ដោយសារការប្រើប្រាស់ក្នុងស្ថានភាពកម្តៅក្តៅ និងអាយុកាលរបស់ទូរសព្ទ ហើយជាពិសេសនោះវានឹងបាត់បង់ប្រព័ន្ធការពារទឹកទាំងស្រុង ក្នុងករណីទូរសព្ទនោះត្រូវបានដោះដើម្បីជួសជុល។ ទាំងនេះហើយ ជាមូលហេតុដែលមានបងប្អូនខ្លះ ប្រើទូរសព្ទពេលលេងជះទឹកបុណ្យចូលឆ្នាំ ឬជិះកាត់ភ្លៀងល្មមៗសោះ បែជាខូចពេលមកដល់ផ្ទះវិញ។
ជាការឲ្យយោបល់ ប្រព័ន្ធការពារទឹកនេះ គួរតែប្រើនៅពេលដែលមានឧបទវហេតុប៉ុណ្ណោះ ពុំគួរដាក់ចូលទឹកថតរូបលេងដោយចេតនាឡើយ ហើយប្រសិនបើទូរសព្ទនោះមានអាយុហួសពី ២ឆ្នាំ ក៏អ្នកមិនគួរប្រថុយប្រើកាត់ទឹកនោះទេ៕