កម្មវិធីល្អៗ ឥតគិតថ្លៃក្នុង iPhone iPad សម្រាប់សិស្ស និស្សិត ជួយឲ្យការសិក្សារបស់អ្នកកាន់តែរលូន

  • 2022-04-27 04:39:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការសិក្សាវាលំបាកណាស់ហើយ ដូច្នេះយើងត្រូវចេះស្រែងរកមធ្យោបាយជួយសម្រួលបន្ទុករបស់យើង។ តួយ៉ាងកម្មវិធីសម្រាប់ឧបករណ៍ iOS ខាងក្រោមនេះ សុទ្ធតែមានប្រយោជន៍សម្រាប់សិស្ស និស្សិត ហើយកាន់តែពិសេសនោះគឺអាចទាញយកបានដោយឥតគិតថ្លៃតែម្តង។ App ទាំងនោះមានដូចជា៖

១. Google One

ជឿថាអ្នកទាំងអស់គ្នាជៀសមិនផុតពីការប្រើប្រាស់គណនី Google ឡើយ ហើយក្នុងនោះ គ្រប់ទូរសព្ទដៃប្រាកដជាមាន Google Account។ អ្នកដឹងទេថាគណនី មួយនេះអាចប្រើប្រាស់បានច្រើនយ៉ាងលើសពី Gmail តែមួយមុខ តួយ៉ាងអ្នកអាចប្រើ Google Drive 15GB ដោយឥតគិតថ្លៃ សម្រាប់រក្សាទុកឯកសារចាំបាច់ ឬរូបថតទៅរក្សាទុកក្នុងពពក (Cloud) ។ ឯកសារដែលបានបង្ហោះទៅលើពពករួច អ្នកអាចចែករំលែកទៅកាន់មិត្តភ័ក្តិ ដោយកំណត់ឲ្យគេអាចកែបាន ឬបានត្រឹមអាន។ App របស់ Google ដែលចាំបាច់មានដូចជា៖ Gmail, Map, Drive, Photo, Docs, Sheets, Slide និង Calender។

Google

**២. WPS Office**

WPS Office ដំណើរការស្រដៀងនឹង Microsoft Office ដែរ ប៉ុន្តែមិនត្រូវការចំណាយប្រាក់ទិញឡើយ។ កម្មវិធីតែមួយនេះ អាចអាន និងកែប្រែឯកសារនានាគ្រប់ទម្រង់ ទាំង Word, Exel, Power Point ឬក៏អាចកែទាំង PDF file ប្រសិនបើអ្នកចំណាយលុយទិញកញ្ចប់ Pro។ កញ្ចប់ Pro របស់វាក៏មានតម្លៃធូរថ្លៃជាង Microsoft Office ផងដែរ។

WPS Office

៣. iFont

iFont ជា App សម្រាប់បន្ថែមហ្វុនខ្មែរស្អាតៗចូលទៅកាន់ iOS Device។ តាមពិតទូរសព្ទ ឬ iPad អាចសរសេរអត្ថបទបានដោយប្រើកម្មវិធី Office មួយចំនួនដូចជា WPS Office ដែលបានលើកឡើងខាងលើ ប៉ុន្តែអ្នកបែជាមិនអាចប្រើទូរសព្ទសម្រាប់កែបាន ព្រោះគ្មាន Font ដែលចង់បាន។ បញ្ហានឹងត្រូវបានដោះស្រាយប្រសិនបើក្នុងទូរសព្ទមាន Font គ្រប់ប្រភេទ ដូច្នេះអ្នកអាចកែប្រែបានភ្លាមៗដោយមិនត្រូវការកុំព្យូទ័រ។

iFont

អានបន្ថែម៖ របៀបតម្លើងពុម្ពអក្សរខ្មែរ នៅលើ iPad និង iPhone ដើម្បីងាយស្រួលកែឯកសារពេលឆ្ងាយពីកុំព្យូទ័រ

៤. Adobe Scan

ឧបមាថាអ្នករកឃើញឯកសារដែលកំពុងចង់បាននៅក្នុងសៀវភៅមួយក្បាលក្នុងបណ្ណាល័យ អញ្ចឹងដើម្បីរក្សាទុកវាដើម្បីមើលនៅផ្ទះគឺត្រូវប្រើទូរសព្ទមកថត។ ប៉ុន្តែការថតរូបអាចនឹងមិនច្បាស់ឡើយ ដោយអ្នកនឹងអាចឃើញថាសន្លឹកសៀវភៅនឹងប្រែជាខ្មៅ ឬលឿងខ្លាំង ពិបាកក្នុងការមើល និងមិនអាចព្រីនបាន។ ដំណោះស្រាយគឺប្រើប្រាស់កម្មវិធីស្កេន Adobe Scan។ ជាមួយកម្មវិធីនេះ អ្នកអាចប្រើកាមេរ៉ាទូរសព្ទ ឬ iPad ប្រែក្លាយសន្លឹកសៀវភៅទៅជាទម្រង់ PDF បាន។

Adobe Scan

៥. Chrome Remote Desktop

នេះអាចហៅថាផ្លូវក្រោយទុកដោះទាល់ពេលបន្ទាន់ខ្លាំង! Remote Desktop អាចឲ្យអ្នកបញ្ជាកុំព្យូទ័រពីចំងាយតាមរយៈទូរសព្ទ ឬiPad ដែលប្រើប្រាស់ Google Account ជាមួយគ្នា។ វិធីប្រើប្រាស់គឺគ្រាន់តែ Download កម្មវិធី Remote Desktop នៅលើកុំព្យូទ័រ រួច Sign in Google Account ជាការស្រេច។ ដើម្បីអាចប្រើបាន កុំព្យូទ័រនោះត្រូវបើកចោល ហើយត្រូវបានភ្ជាប់ដោយប្រព័ន្ធ Internet។

Chrome Remote Desktop

៦. CollaNote

កម្មវិធីនេះប្រែក្លាយ iPad និង Apple Pencil ឲ្យទៅជាសៀវភៅ និងខ្មៅដៃសម្រាប់សរសេរ កត់មេរៀន។ ក្នុងកម្មវិធីនេះ អ្នកអាចជ្រើសរើសសន្លឹកសៀវភៅជាច្រើនប្រភេទទៅតាមការចង់បាន ដោយមិនមានកំណត់ទំព័រ។ បើអ្នកមិនទាន់មាន Apple Pencil អ្នកអាចមានជម្រើសប្រើប៊ិកពីក្រុមហ៊ុនទី៣ដូចជា Baseus ជាដើមដែលមានតម្លៃត្រឹម ៣០ដុល្លារ។

CollaNote

៧. Google Translate

Google Translate ត្រូវបានគេមើលរំលងច្រើន ព្រោះអតីកាលរបស់វាធ្វើមិនបានល្អ ប៉ុន្តែប៉ុន្មានឆ្នាំក្រោយមកនេះ Google បានកែប្រែច្រើន ដោយឃ្លាឃ្លោងមួយចំនួនឃើញថាបកប្រែបានសមហេតុផល។ អ្នកអាចប្រើវាដើម្បីបកប្រែឯកសារភាសាបរទេសមួយចំនួនមកជាភាសាជាតិបានដោយមិនសូវខុសអត្ថន័យដូចមុនឡើយ។

Google Translate

៨. Reminder

App នេះទំនងបង្កើតមកសម្រាប់អ្នករវល់ច្រើន ឬឧស្សាហ៍ភ្លេច។ វាជួយរម្លឹកយើងពីការងារដែលត្រូវបំពេញ ក្នុងថ្ងៃនីមួយៗដែលយើងបានកំណត់។ ធ្វើបែបនេះយើងអាចបង្កើនប្រសិទ្ធភាពការងារបានមួយកម្រិតទៀត។ អ្នកក៏អាចកំណត់ឲ្យវារម្លឹកពីថ្ងៃដែល លោកគ្រូអ្នកគ្រូប្រមូលកិច្ចការផងដែរ។

Reminder

៩. Books

បន្ទាប់ពីរៀនសូត្រក្នុងថ្នាក់ ចំណេះដឹងដែលយើងទទួលបានគឺមិនទាន់គ្រប់គ្រាន់ឡើយ។ សំណាងល្អនៅក្នុង iOS មានកម្មវិធីអានសៀវភៅមកស្រាប់តែម្តង អ្នកអាចស្វែងរកសៀវភៅទាក់ទងនឹងការសិក្សាក៏បាន ឬក៏ចង់អានសៀវភៅបែបកំសាន្តរំសាយអារម្មណ៍ ក៏ App នេះមានដូចគ្នា។

Books

១០. Proton VPN

ជួនកាលប្រភពឯកសារនៅប្រទេសខ្លះត្រូវបានបិទមិនឲ្យជនបរទេសចូលបានឡើយ តួយ៉ាងគឺប្រទេសចិននេះឯង។ ដំណោះស្រាយគឺអ្នកអាចផ្លាស់ប្តូរ VPN ដើម្បីបន្លំខ្លួនថាយើងក៏ជាអ្នកដែលកំពុងរស់នៅប្រទេសនោះដែរ។ កម្មវិធី Proton VPN អាចឲ្យយើងទាញយក និងប្រើប្រាស់ដោយឥតគិតថ្លៃនូវ VPN ចំនួន៣ប្រទេស ហើយប្រសិនបើប្រើ VPN ទាំង៣នេះហើយ នៅមិនអាចចូលទៅវេបសាយបាន អ្នកក៏អាចចំណាយប្រាក់ទិញកញ្ចប់ Pro ដើម្បីអាចប្រើប្រាស់ VPN បានគ្រប់ប្រទេស។

Proton VPN

កម្មវិធីដែលបានលើកឡើងមកខាងលើនេះ ក៏អាចមានប្រយោជន៍ដល់អ្នកធ្វើការការិយាល័យផងដែរ តួយ៉ាងដូចជា Google App, WPS Office, CollaNote និង Adobe Scan ជាដើម៕

អត្ថបទ៖ Thea Sothun

អត្ថបទថ្មី