ខក​ខាន២​ឆ្នាំ ឥឡូវ​កម្មវិធី "ផ្លូវ​ទៅ​ស្រុក" ចាប់​ផ្ដើម​រដូវ​កាល​ទី៤​ទៀត​ហើយ!

  • 2022-04-29 02:04:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បន្ទាប់​ពី​ខក​ខាន ២​ឆ្នាំ​ដោយ​សារ​ការ​រំខាន​ពី​កូវីដ១៩ នៅ​ពេល​នេះ កម្មវិធី​ដ៏​ធំ​ប្រចាំ​ឆ្នាំ "ផ្លូវ​ទៅ​ស្រុក" ឬ "The Road Home” បាន​ចេញ​ដំណើរ​សម្រាប់​រដូវកាល​ទី​៤​ទៀត​ហើយ ជាមួយ​នឹង​បេសកកម្ម​កាន់​តែ​ពិសេស។

កម្មវិធី "ផ្លូវ​ទៅ​ស្រុក" ឬ "The Road Home” គឺ​ជា​បេសកកម្ម​នៃ​ការ​ធ្វើ​ដំណើរ​ប្រចាំ​ឆ្នាំ​ដែល​មាន​រយៈ​ពេល ៣-៥ខែ​ដើម្បី​ស្វែងរក ក៏​ដូច​ជា​គាស់​រំលើង​រឿង​រ៉ាវ​អស្ចារ្យ​នៅ​តាម​ភូមិ​ស្រុក​ទូទាំង​ប្រទេស​កម្ពុជា។ កម្មវិធីនេះ ផ្ដោត​ទៅ​លើ​ពិធីសាសនា ម្ហូប សិល្បៈ របៀបរស់នៅ បទពិសោធន៍ ភូមិសាស្រ្ត និងសេដ្ឋកិច្ច​សហគមន៍ និងការរកឃើញថ្មី ដ៏​គួរឱ្យចាប់អារម្មណ៍។

បេសកម្ម​នេះ បាន​ចាប់​ផ្ដើម​ដំបូង​នៅ​ឆ្នាំ ២០១៧ ជាមួយ​នឹង​ការ​ធ្វើដំណើរជុំវិញខេត្តនានានៃប្រទេសកម្ពុជា ដោយបានរកឃើញ​រឿង​រ៉ាវ​អស្ចារ្យ និង​ប្រណិត​ៗ​ជា​ច្រើន​នៅ​តាម​ភូមិ​ស្រុក​ទូទាំង​២៥ខេត្ត រាជធានី។ វាជាដំណើរឆ្លងកាត់ទឹកដី ប្រាសាទ និងធម្មជាតិផ្សេងៗ ហើយ​ជា​លទ្ធផល កម្មវិធី​ផ្ដិត​បាន​រូប​ភាព​ស្អាតៗ​រាប់​រយ​សន្លឹក។

ចូល​មក​ដល់​រដូវកាលទី 2 របស់ "ផ្លូវ​ទៅ​ស្រុក" ក្នុង​ឆ្នាំ ២០១៨ កម្មវិធី​បាន​ផ្តោត​ទៅ​លើ​ភាព​ជា​សហគ្រិន​របស់​ប្រជាពលរដ្ឋ​នៅតាម​បណ្ដា​ខេត្ត រាជធានី ជា​បុគ្គល​ដែល​ប្រើ​ទេពកោសល្យ ការ​ខិត​ខំ​របស់​ពួក​គេ ដើម្បី​ផ្លាស់​​ប្ដូរ​អនាគត​ខ្លួន​ឯង និង​បាន​ធ្វើ​ឲ្យ​ប្រសើរ​ដល់សហគមន៍។ ក៏​ដូច​គ្នា​ដែរ វា​ជា​រដូវ​កាល​បំផុស​គំនិត​អំពី​អាជីវកម្ម​ខ្នាត​តូច​នៅ​តាម​សហគមន៍​នានា។

លុះ​មក​ដល់​រដូវ​កាល​ទី៣ "ផ្លូវ​ទៅស្រុក" បាន​ចាប់​ផ្ដើម​បេសកកម្ម​របស់​ខ្លួន​កាន់​តែ​ពិសេស។ ដោយ​សារ​មាន​ការ​ពេញ​និយមខ្លាំង​ក្នុង​រដូវ​កាល​ទី​២ "ផ្លូវ​ទៅ​ស្រុក" រដូវ​កាល​ទី៣ បាន​ផ្ដោត​ទៅ​លើ​ការ​ធ្វើ​ដំណើរ​ផ្សេង​ព្រេង​ទៅ​រក​ទីកន្លែង​អស្ចារ្យ និង​កម្រ​ៗ​មាន​អ្នក​ស្គាល់​ជា​ច្រើន​ ដែល​ជា​មោទកភាព​របស់​កម្ពុជា​។ ជា​លទ្ធផល​បេសកកម្ម​មួយ​នេះ​បាន​ទទួល​ការ​គាំទ្រ​ជា​ច្រើន ក្នុង​នោះ​ក្រសួង​ទេសចរណ៍​របស់​កម្ពុជា រួម​ទាំង​ផ្នែក​ពាក់​ព័ន្ធ​ផ្សេង​ទៀត ក៏​បាន​ធ្វើ​ការ​ផ្សព្វផ្សាយ​ទៀត​ផង។

ចុះ​រដូវ​កាល​ទី៤​នៃ "ផ្លូវ​ទៅ​ស្រុក" ផ្ដោត​ទៅ​លើ​អ្វី​ដែរ? តាម​លោក លីម ស៊ីផេង ប្រធាន​ដឹកនាំ​គម្រោង​ដ៏​ធំ​នេះ​បាន​ឲ្យ​ដឹង​ថា "ផ្លូវ​ទៅ​ស្រុក" រដូវ​កាល​ទី​៤​នេះ កាន់​តែ​ពិសេស ដោយ​បង្វែរ​ពី​ការ​រុករក​រឿង​អស្ចារ្យ​របស់​កម្ពុជា​នៅ​លើ​ដីគោក ទៅ​ជា​បេសកកម្ម​នៅ​លើ​ផ្ទៃ​មហាសាគរ​ដ៏​ល្វឹងល្វើយ​របស់​កម្ពុជា​វិញ​ម្ដង។

“រដូវ​កាល​នេះ យើង​នឹង​ផ្ដោត​មុខ​ព្រួញ​ទៅ​លើ​ប្រភេទ​កោះ​មួយ​ចំនួន​របស់​កម្ពុជា យើង​ចង់​បង្ហាញ​មនុស្ស​គ្រប់​គ្នា​ពីរឿងរ៉ាវ​អស្ចារ្យ​នានា​ ក៏​ដូច​ជា​សក្ដានុពល​ទេសចរណ៍​របស់​យើង​នៅ​ទី​នោះ​(កោះ)!”

តាម Wikipedia កម្ពុជា​មាន​កោះ​សរុប​ចំនួន ៤៩កោះ មាន​ភូមិសាស្ត្រ​ក្នុង​ខេត្ត​ចំនួន​៣ គឺ កំពត កំពង់សោម និង​កោះកុង។ យ៉ាងណា តាម​ប្រធាន​ដឹកនាំ​គម្រោង មាន​កោះ​នៅ​លើ​មហាសាគរ​របស់​កម្ពុជា​ចំនួន ១៣ ត្រូវ​បាន​ជ្រើសរើស​ដាក់​បញ្ចូល​​ក្នុង​បញ្ជីគោលដៅ ដែល​នឹង​ត្រូវ​បើក​បង្ហាញ​ជា​បន្ត​បន្ទាប់​។

តាម​រយៈ​គម្រោង​នេះ លោក​មាន​ជំនឿ​ថា នឹង​នាំ​ឲ្យ​ប្រិយមិត្ត​ទៅ​ជួប​រឿង​អស្ចារ្យ និង​មោទកភាព​​ថ្មី​ទៀត​ជា​មួយ​ដីកោះ​របស់​យើង។ "យើង​ក៏​សង្ឃឹម​ថា ការ​ខិត​ខំ​របស់​ពួក​យើង នឹង​ជួយ​ដល់​ការ​ប្រសើរ​ឡើង​ខាង​ផ្នែក​ទេសចរណ៍​កម្ពុជា បន្ទាប់​វិស័យ​នេះ​បាន និង​កំពុង​ប្រឹង​ងើប​ឡើង​សារ​ជា​ថ្មី ក្រោយ​កម្ពុជា​យើង​បាន​ធូរស្រាល​ពី​ការ​គម្រាមរបស់​កូវីដ១៩"។ លោក លីម ស៊ីផេង ថ្លែង។

"ផ្លូវ​ទៅ​ស្រុក" រដូវ​កាល​ទី៤ នឹង​បង្ហាញ​ពី​ប្រិយមិត្ត​នូវ​បេសកកម្ម​ទី​១​អំពី​ដីកោះ​របស់​កម្ពុជា​នៅ​ដើម​ខែ​ឧសភា​ខាង​មុខ​​នេះ។ តើ​នោះ​ជា​កោះអ្វី នៅ​ទី​ណា មាន​សក្ដានុពល​អស្ចារ្យ​ប៉ុណ្ណា? រង់​ចាំ​ទស្សនា​ទាំង​អស់​គ្នា!

អត្ថបទ៖ ទារិកា

អត្ថបទពេញនិយម